ខេត្តស្ទឹងត្រែង៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំសន្និបាតសាខា អាណត្តិទី៦ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ឈាង ឡាក់ អនុប្រធានកិត្តិយស លោក សរ សុពុត្រា អភិបាលនៃគណ:អភិបាលខេត្ត លោកស្រី សន សុខា ប្រធានស្តីទីគណ:កម្មាធិការសាខា លោក ហ៊ាង ប៉ូលី លេខាធិការគណ:កម្មាធិការសាខា និងគណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៥ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត យុវជនកាយរឹទ្ធិជាតិកម្ពុជា និងយុវជនសសយក សរុបប្រមាណ២០០នាក់។
យោងតាមកម្រងច្បាប់កាកបាទក្រហមកម្ពុជា លក្ខន្តិកៈ ជំពូកទី៥ មាត្រា២៤ ស្តីពីសាខារាជធានី-ខេត្ត និងវិធាននៃនីតិក្រម ទី៣៣ ស្តីពីសន្និបាតសាខា, តាមនីតិវិធីអង្គសន្និបាតបានបោះឆ្នោតគាំទ្រសមាសភាពបេក្ខជន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងចំនួន១៥រូប សម្រាប់អាណត្ដិទី៦នេះ ដោយសម្លេង គាំទ្រ៥១លើ៥២សម្លេង និងសន្លឹកឆ្នោតខូចចំនួន១សម្លេង។
ដោយអនុវត្តតាមនីតិវិធី គណៈកម្មាធិការសាខាដែលទើបជាប់ឆ្នោតថ្មីបានបើកកិច្ចប្រជុំលើកទី១ ដើម្បីជ្រើសរើសបេក្ខភាព ប្រធាន អនុប្រធានអចិន្ត្រៃយ៍,អនុប្រធាន,ហេរញ្ញិកនិងលេខាធិការ ដើម្បីបន្តសុំការអនុម័តពីអង្គសន្និបាត គឺ លោក សរ សុពុត្រា ជាប្រធាន, លោកស្រី សន សុខា ជាអនុប្រធានអចិន្ត្រៃយ៍ ,លោក ហ៊ាង ប៉ូលី ជាអនុប្រធាន, លោក ខេង ទិត្យសីហា ជាហេរញ្ញិក, លោក ម៉ែន គង់ ជាលេខាធិការ គណៈកម្មាធិការ សាខា។
លោកស្រី ពុំ ចន្ទីនី ឡើងមានប្រសាសន៍ថ្លែងក្នុងអង្គពិធីថា៖
សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ក្រោមការដឹកនាំទំនុកបំរុងពីកាកបាទក្រហមកម្ពុជា និងការដឹកនាំផ្ទាល់ពីគណ:កម្មាធិការសាខា ដោយមានការទទួលការជួយជ្រោមជ្រែងពីគណ:កិត្តិយសសាខា បានយកចិត្តទុកដាក់ បំពេញភារះកិច្ចមនុស្សធម៌ និងផ្តល់ជំនួយមនុស្សធម៌ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង សំរេចបានលទ្ធផលជាបន្តបន្ទាប់។
សក្ខីភាពនេះបានឆ្លុះបញ្ចាំងតាមរយះសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ដែរជាព្រឹត្តិការណ៌ដ៏មានអត្ថន័យ ជាប្រវត្តិសាស្រ្តមនុស្សធ៌របស់ខ្លួន។
លោកជំទាវ បន្ថែមថា៖
គោលបំណង ធ្វើការបូកសរុបលទ្ធផលសកម្មភាពការងារ និងថវិការសាខា អាណត្តិទី៥ និងលើកទិសដៅសកម្មភាព និងថវិកាអាណត្តិទី៦ ពិសេស គឺការបោះឆ្នោតជ្រើសរើសគណ:កម្មាធិការសាខា អាណត្តិទី៦ ក៏ដូចជាឪកាសពិសេស ទទួលបាននូវអនុសាសន៌ដ៏មានខ្លឹមសារឧត្តុងឧត្តមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន កាកបាទក្រហមកម្ពុជា ដើម្បីជាគតិបំភ្លឺស្មារតី ជាត្រីវិស័យតម្រង់ទិសសកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង អោយសំរេចបានជោគជ័យបន្ថែមទៀត។
ក្នុងឱកាសនោះលោក សរ សុពុត្រា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែងអាណត្តិទី៦ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំដូចជា៖
១) ពង្រឹងអភិបាលកិច្ចល្អ ២) ពង្រឹង និងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព ៣) ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ៤) ពង្រីក និងអភិវឌ្ឍកម្លាំងចលកររួមមាន៖ យុវជន និងអ្នកស្ម័គ្រចិត្តកក្រក ឱ្យកាន់តែសកម្មថែមទៀត ៥) ទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព និង អនុសាខាក្រុង ស្រុក កាន់តែជិតស្និទ្ធថែមទៀត និង៦) បន្តអភិវឌ្ឍសាខា អនុសាខា ឱ្យទៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ៕
ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តស្ទឹងត្រែង