ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្ដម ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ត្រូវរឹតបណ្ដឹងអនុវត្តបានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានខ្លួន

ចែករំលែក៖

ភ្នំពេញ៖  ប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញនិងជាអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានធ្វើការណែនាំឱ្យ អាជ្ញាធរខណ្ឌទាំង១៤ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានខ្លួន និងគ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ ដោយធានាបានថា ជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ គឺសុទ្ធតែជាជនដែលស្នាក់នៅដោយស្របច្បាប់។

     ឯកឧត្ដម ឃួង ស្រេង បានបញ្ជាបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១០ កុម្ភៈ២០២៥ នៅសាលារាជធានីភ្នំពេញ។

    ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ត្រូវយកចិត្តដាក់ឲ្យបាន ម៉ឹងមាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន ដោយត្រូវណែនាំរហូតដល់ភូមិ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានក្រុមក្មេងទំនើងបង្ករភាពចលាចលបាត់សណ្តាប់ធ្នាប់ក្នុងសង្កម។ សំរាប់អាជ្ញាធរខណ្ឌនៅជាយក្រុង ត្រូវសហការជាមួយអាជ្ញាធរស្រុកនៃខេត្តជាប់ព្រំប្រទល់ ជាមួយរាជធានីភ្នំពេញឱ្យបានប្រទាក់ក្រឡាគ្នា ដើម្បីទប់ស្កាត់បទល្មើសឆ្លងព្រំប្រទល់ឲ្យបាន ពិសេសក្រុមក្មេងទំនើងនេះតែម្តង។

    ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ ជាធម្មតាបទល្មើសកើតមានយើងត្រូវស្រាវជ្រាវ បង្ល្រាបហើយ។តែអ្វីដែលសំខាន់ទៀតនោះគឺ ការបង្កើនកម្លាំងពួនស្ទាក់ ដើម្បីទប់ស្កាត់បទល្មើស។ បើទីតាំងស្មុកស្មាញមានហានិភ័យ ត្រូវដាក់ប៉ុស្តិ៍ប្រចាំការនៅទីនោះ។

   ឯកឧត្ដមឃួង ស្រេង នូវបានជំរុញឱ្យខណ្ឌទាំង១៤ពង្រឹងលើការគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យបានល្អ ដោយធានាបានថា ជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញគឺសុទ្ធតែជា ជនដែលស្នាក់នៅដោយស្របច្បាប់ មិនមានបទល្មើស។

  ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីជំរុញឱ្យប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ បន្តបាញ់ថ្នាំមូសដើម្បីសុខមាលភាពប្រជាណលរដ្ឋ បើទោះបីយើងបើកយុទ្ធនាការ១លើកមកហើយកាលពីដើមខែមករាឆ្នាំ២០២៥ តែដោយសារឆ្នាំនេះ មូសច្រើនខុសពីធម្មតា ទើបយើងបន្តការបាញ់ថ្នាំសម្លាប់មូសបន្ថែមទៀត។ ជាមួយនិងការជំរុញឱ្យមានការផ្សព្វផ្សាយពីសកម្មភាពបាញ់ថ្នាំសម្លាប់មូសនេះឱ្យបានច្រើន ទូលំទូលាយនិងគ្រប់មធ្យោបាយពិសេសតាមតិចតុកផងដែរ។

      ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ នៅថ្ងៃទី១៤កុម្ភៈខាងមុខនេះ គឺជាទិវានៃក្តីស្រលាញ់ ដូច្នេះក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ជូនប្រជាពលរដ្ឋ ពិសេសនៅគ្រប់កន្លែងសប្បាយ ភាពទាំងអស់នៅក្នុងរាជធានីភ្នំពេញ៕

ដោយ ៖ សំរិត


ចែករំលែក៖