ខេត្តមណ្ឌលគិរី៖ អភិបាលខេត្តមណ្ឌលគិរី បានជម្រុញឲ្យស្នងការ និងការិយាល័យនគរបាលនៃស្នងការនគរបាលខេត្តមណ្ឌលគិរីពិនិត្យ និងវាយតំលៃដើម្បីបំពេញដំឡើងឋានន្តរសក្តិជូនដល់មន្រ្តី នាយ ពល នគរបាលទាំងអស់ ដែលបានបំរើការងារយូរឆ្នាំ ហើយនៅមិនទាន់មានដំឡើងឋានន្តរសក្តិជូនពួកគាត់នៅពេលពួកគាត់ដល់ពេលចូលនិវត្តន៍ និងបានប្រាក់បៀវត្សរ៍កើនឡើងច្រើនថែមទៀត សម្រាប់ថ្ងៃអនាគត ។
លោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីបានថ្លែងបែបនេះ នៅក្នុងពិធីបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៦ ខែកញ្ញា ២០១៦ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។
លោកអភិបាលខេត្តបន្តទៀតថា ស្នងការនគរបាលខេត្តយកចិត្តទុកដាក់ ខិតខំត្រួតពិនិត្យ និងរៀបចំពីស្នាដៃការងាររបស់មន្ត្រីនគរបាលដែលបម្រើការងារយូរឆ្នាំមិនទាន់បានដំឡើងឋានន្តរសក្តិធ្វើឲ្យពួកគាត់អាក់អន់ចិត្ត អស់ទឹកចិត្តក្នុងការងារដែលថ្នាក់លើប្រគល់ឲ្យរហូតអាចមានពាក្យចចាមអារ៉ាមនិងរិះគន់ទៀតផង ដូច្នេះការព្រងើយកន្តើយចំណុចនេះជាកំហុសស្នងការ និងថ្នាក់ដឹកនាំ ។
ពិធីបំពាក់ឋានន្តរសក្តិមាន ឧត្តមសេនីយ៍៤រូប មានលោកវរសេនីយ៍ឯក សូ សុវណ្ណ ស្នងការរងទទួលបន្ទុកនគរបាលយុត្តិធម៌ លោកវរសេនីយ៍ឯក ស្រី ចេក ស្នងការរងទទួលបន្ទុក អាវុធជាតិផ្ទុះនិងអគ្គីភ័យលោកវរសេនីយ៍ឯក ងិន សុភឿនស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈ លោកស្រីវរសេនីយ៍ឯក ហ៊ួន គឹម ហេង ស្នងការរងទទួលបន្ទុកជួញដូរផ្លូវភេទ និងវរសេនីយ៍ទោ១រូប វរសេនីយត្រី១រូបផងដែរ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ប៉ែន វិបុលប្រធាននាយកដ្ឋានបុគ្គលិក ៕ ឦសាន