ភ្នំពេញ ៖ អ្នកនាំពាក្យសាលាក្រុងភ្នំពេញបានឲ្យដឹងថា ផ្លូវថ្មើរជើង ឬ Walk Streetជាកន្លែងដែលភ្ញៀវជាតិ អន្តរជាតិ កំពុងពេញនិយម ដោយពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ កំណើនភ្ញៀវកើនឡើង ជាលំដាប់។
សំរាប់សប្តាហ៍ទី២ នៅក្នុងខែមិនា ឆ្នាំ២០២៥ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅលើផ្លូវថ្មើរជើង ឬ Walk Street រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបន្ថែមថ្មីឱ្យមានល្ខោនខោលដកស្រង់ឈុតមួយក្នុងរឿង ចម្បាំងកុម្ភការ នៅក្នុងរាត្រីថ្ងៃសៅរ៍ ហើយសំរាប់ថ្ងៃអាទិត្យវិញ ក៏មានរបាំប្រពៃណី របាំវាយក្រាប ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស បានទស្សនា ស្វែងយល់ កាន់តែច្បាស់ពីរបាំប្រពៃណីរបស់ដូនតាខ្មែរ នេះជាការឱ្យដឹងរបស់លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលា រាជធានីភ្នំពេញ ប្រាប់ក្រុមអ្នកសារព័ត៌មាន។
លោកស្រី អ្នកនាំពាក្យបានបន្តថា សម្រាប់សប្តាហ៍មុននេះ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំ ឱ្យមានរបាំភួងនារី ( របាំបុរាណ) និង កំប្លែង (នាយក្រឹម) ហើយក្រៅពីហ្នឹង នៅមានជារបាំនេសាទ (របាំប្រពៃណី), ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាប៉ីសហគមន៏, បណ្ណាល័យចល័ត។ល។ ទៅតាមការចង្អុលបង្ហាញរបស់ អភិបាលរាជធានីភ្នំពេញ ហើយបើគិតត្រឹមថ្ងៃទី១៥ ខែមិនា ផ្លូវថ្មើរជើង Walk Street បានដាក់ឱ្យដំណើរការ រយៈពេលជាង ១ខែ កន្លះហើយ។ ចំពោះសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ គឺទទួលបានល្អឥតខ្ចោះ ប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជា ប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត។ នៅចុងសប្តាហ៏នេះ នៅទីតាំងផ្លូវថ្មើរជើង (Walk Street) ក៏មានរៀបចំឈុតល្ខោនបាសាក់ របាំប្រពៃណី និង ចាប៉ីដងវែង ។
ផ្លូវថ្មើរជើង (Walk Street) ជាកន្លែងដែលភ្ញៀវជាតិ អន្តរជាតិ កំពុងពេញនិយម ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កំណើនភ្ញៀវ ចេះកើនឡើង ជាលំដាប់។ ដោយឡែក រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបំពេញនូវសំណូមពរ របស់ប្រជាពលរដ្ឋ ក៏បានរៀបចំបន្ថែមជាបន្តបន្ទាប់ ទាំងការតាំងលក់វត្ថុអនុស្សាវរីយ៍, ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រៀបចំបណ្ណាល័យចល័ត ,មានដាក់ស៊ីក្លូរត់ ទៅមក ម្ដង៥គ្រឿង ដើម្បីជួយអភរក្សស៊ីក្លូផង និង ជួយសម្រួលដល់ចាស់ៗ ពិបាកដើរផង និងជនមានពិការភាព។
គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការ សាកល្បង ២ថ្ងៃ ក្នុង១សប្ដាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕
ដោយ ៖ សិលា