ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងថ្កោលទោសចំពោះក្រុមប្រទេសG7ដែលធ្វើការពិគ្រោះពិភាក្សាលើបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ព្រមនិងលើកឡើងថានឹងពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើងបានផ្សាយដំណឹងកាលពីថ្ងៃទី១៧ ខែមីនាថា អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានថ្លែងសុន្ទរកថាកាលពីថ្ងៃទី១៦ ខែមីនា ដោយថ្កោលទោសចំពោះការពិភាក្សាអំពីបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 ដែលធ្វើឡើងនៅប្រទេសកាណាដានាពេលថ្មីៗនេះ ព្រមនិង សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរឿងនេះ ហើយបញ្ជាក់ថានឹងមិនអត់ធ្មត់ជាដាច់ខាតចំពោះបំពានលើអធិបតេយ្យភាព និងកិច្ចការផ្ទៃក្នុងរបស់កូរ៉េខាងជើងនោះទេតាមទម្រង់ណាក្តី។

គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យរូបនេះបានថ្លែងថា ក្រុមប្រទេសG7 ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត គឺជាដើមចមនៃការកើតមាន និងការកើនឡើងនៃវិបត្តិនុយក្លេអ៊ែរអន្តរជាតិ ហើយការបោះបង់ចោលអាវុធនុយក្លេអ៊ែរគួរតែចាប់ផ្តើមអនុវត្តពីក្រុមប្រទេស G7 ។

អ្នកនាំពាក្យរូបនេះបន្តថា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងខាងនុយក្លេអ៊ែរពីខាងក្រៅ កូរ៉េខាងជើងនឹង ធ្វើឱ្យប្រសើរឡើង និងពង្រឹងកម្លាំង នុយក្លេអ៊ែររបស់ខ្លួនទាំងបរិមាណ និងគុណភាពជាបន្តបន្ទាប់ ហើយក្នុងនាមជាប្រទេសដែលមានទំនួលខុសត្រូវលើវិស័យអាវុធនុយក្លេអ៊ែរ វានឹងចូលរួមគាំពារសន្តិភាព និងសន្តិសុខរបស់ប្រទេសជាតិ ក៏ដូចជាក្នុងតំបន់ និងពិភពលោកផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖