* ថ្ងៃ ៧ មករាឆ្នាំ ១៩៧៩:
ចូលដល់ពាក់កណ្ដាលខែ ធ្នូ ឆ្នាំ ១៩៧៨ អ្នកទើបរៀបការត្រូវអង្គការចាត់ឲ្យទៅច្រូតស្រូវនៅឯភូមិ សិរីឱ ឃុំត្រស់ ។ យើងច្រូតស្រូវនៅទីនោះមិនទាន់ហើយរួចរាល់ផង ស្រាប់តែអង្គការបញ្ជាឲ្យយើងត្រឡប់មកភូមិវិញនៅថ្ងៃទី ១ ខែមករាឆ្នាំ ១៩៧៩។ ពេលដែលខ្ញុំមកដល់ផ្ទះ នៅរសៀលថ្ងៃនោះ បានឃើញអ្វីៗប្រែប្រួលរកស្មានមិនដល់។ គេឈប់ហូបបាយរួម ហើយសម្ភារៈសំខាន់ៗដូចជាកាំបិត ពូថៅ និងចានឆ្នាំង ត្រូវចែកតាមគ្រួសារវិញ។ ចំណែកឯប្រធានសហករណ៍វិញកំពុងមមាញឹកក្នុងការបញ្ជូនអ្នកមានឈ្មោះក្នុងបញ្ជីទៅភូមិភាគពាយ័ព្យឲ្យបានឆាប់រហ័ស។ អ្នកធ្វើការនៅរោងសិប្បកម្ម ខំកិនស្រូវ បុកអង្ករ ទុកឲ្យបានច្រើនតាមគ្រួសាររបស់ខ្លួន។ មានប្រជាជនជាច្រើនបានភៀសខ្លួនចូលមកក្នុងភូមិអណ្ដូងខ្មត់នេះពីតាមព្រំដែនវៀតណាមមក។ ភូមិរបស់ខ្ញុំស្ថិតនៅចម្ងាយមិនដល់ ៣០ គីឡូម៉ែត្រផង ពីព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម។ អ្នកដែលភៀសខ្លួនមកនោះ ពេលមកដល់ភូមិរបស់យើងភ្លាម ពួកគាត់ស្នើសុំស្រូវដើម្បីកិនបុកទុកធ្វើដំណើរបន្តទៅមុខទៀត។ ដំណឹងពីកងទ័ពវៀតណាមវាយចូលខេត្តស្វាយរៀងបានឮជាបន្តបន្ទាប់តាមរយៈការខ្សឹបខ្សៀវតៗគ្នា។ ប្រជាជនគ្រប់គ្រួសារបានត្រៀមខ្លួនជាស្រេចក្នុងការភៀសខ្លួនចេញ។ អ្នកខ្លះមានរទេះពីមុនមក បានទៅយករទេះពីសហករណ៍យកមកជួសជុលនិងរៀបចំឲ្យរួចរាល់។
ថ្ងៃ ៥ មករា ប្រធានសហករណ៍បានមកប្រាប់ប្រជាជនថា ត្រូវរៀបចំដើម្បីភៀសខ្លួនចេញទៅថ្ងៃស្អែក។ យប់នោះខ្ញុំឃើញបុរសចាស់ៗចេញចូលផ្ទះឪពុកក្មេករបស់ខ្ញុំយ៉ាងញឹកញាប់ គាត់និយាយស្ដាប់គ្នារហូត។ ព្រឹកថ្ងៃ ៥ មករា ខ្ញុំដើរទៅមករវាងផ្ទះខ្ញុំនិងផ្ទះឪពុកក្មេករបស់ខ្ញុំដើម្បីស្ដាប់សភាពការណ៍ និងជួយរៀបចំសម្ភារៈ។ ប្រហែលម៉ោង ១២ ថ្ងៃត្រង់ទៅហើយពុំមាននរណាម្នាក់ចេញពីភូមិឡើយ។ អ្នកភូមិដូចជារកលេសពន្យារពេលចេញដំណើរទាល់តែម៉ោង ៣រសៀលទើបចេញដំណើរយឺតៗព្រោះពុំចង់ទៅឆ្ងាយឡើយ។ ពេលចេញដំណើរពីម៉ោង ៣រសៀល លដល់ម៉ោង៥ល្ងាច អ្នកភូមិទើបតែទៅដល់ភូមិសុភីដែលមានចម្ងាយត្រឹមតែ ២ គីឡូម៉ែត្រប៉ុណ្ណោះ។ ការធ្វើដំណើរនេះមិនលំបាកប៉ុន្មានទេ តែខ្ញុំមើលទៅអ្នកភូមិអណ្ដូងខ្មត់មុខដូចជាចង់ពន្យារពេលយឺតយូរដើម្បីរង់ចាំឱកាសត្រឡប់មកផ្ទះវិញ។
យប់នោះ យើងរៀបចំកន្លែងដេកនៅកណ្ដាលភូមិសុភីបន្ទាប់មកមានកងទ័ព ៥ នាក់មកគំរាមយើងឲ្យចេញដំណើរទាំងយប់តែយាយតាចាស់ៗ បានសូមអង្វរដោយលើកហេតុផលផ្សេងៗ។ ពួកគេយល់ព្រមហើយដើរចេញបាត់ទៅ។ ព្រឹកថ្ងៃ ៦ មករា ស្រីៗនាំគ្នាដាំស្លសម្រាប់ហូបពេលព្រឹក និងទុកសម្រាប់ហូបតាមផ្លូវដែរ ប្រសិនបើត្រូវចេញដំណើរទៅទៀត។ ម៉ោង ៧ ព្រឹកមានកងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតី ប្រហែល ៣០ នាក់និយាយរដឺនមកគំរាមឲ្យយើងទៅជាមួយពួកគេ។ អ្នកភូមិចេះតែអង្វរ តែពួកគេមិនព្រម ព្រមទាំងគំរាមទៀតថា ទៅឬមិនទៅ បើមិនទៅទុកឱ្យនៅហ្នឹងឥឡូវហើយ។ នេះបានន័យថា បើយើងមិនទៅ គេសម្លាប់ចោលនៅទីនោះតែម្ដង។ អ្នកភូមិឮដូច្នោះក៏ចាប់ក្របីទឹមរទេះទៅតាមពួកគេ។ ខ្ញុំរែកឆ្នាំងបាយឆ្នាំងសម្ល និងចានដើរទៅខាងរទេះ។ ពេលដើរទៅឆ្ងាយពីរទេះ ខ្ញុំដាក់សង្រែកហើយដួសបាយហូប។ ពេលនោះអ៊ំចាស់ម្នាក់ស្ដីឱ្យខ្ញុំថា គេភ័យគ្រប់គ្នា ឯងគិតតែស៊ីបាយ។ ខ្ញុំតបទៅគាត់វិញថា ព្រោះតែខ្ញុំភ័យបានជាខ្ញុំខំហូបបាយ។ រួចហើយខ្ញុំលើកសង្រែករែកបន្តទៅមុខទៀត។
ពួកកងទ័ពខ្មែរក្រហមដើរគំរាមយើងរហូត។ លុះទៅដល់ភូមិជើងចាប ស្រុកមេសាង ខេត្តព្រៃវែង ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីភូមិយើង ពួកកងទ័ពខ្មែរក្រហមគេចចូលព្រៃបាត់អស់។ អ្នកភូមិក៏ឈប់ហូបបាយនៅទីនោះ។ ដូចគ្មាននរណាមកបញ្ជា ពួកយើងមិនហ៊ានទៅមុខ ឬថយក្រោយទេ។ទើបសម្រេចចិត្តដេកនៅភូមិជើងចាបនេះមួយយប់សិន។ នៅព្រឹកថ្ងៃ ៧ មករាឆ្នាំ ១៩៧៩ យើងមិនដឹងទៅណាគិតតែដាំបាយហូបហើយរង់ចាំស្ដាប់សភាពការណ៍យ៉ាងតក់ក្រហល់។ ម៉ោង ២ រសៀលមានមនុស្សមួយក្រុមស្លៀកពាក់ដូចកងទ័ពខ្មែរក្រហមតែគ្មានអាវុធទេ បានមកប្រាប់យើងថា ត្រឡប់ទៅផ្ទះវិញហើយរស់នៅធ្វើការរកស៊ីឯកជនដូចពីដើម។ គ្រាន់តែឮភ្លាម អ្នកភូមិក៏ប្រញាប់ទឹមរទេះត្រឡប់មកភូមិអណ្ដូងខ្មត់វិញយ៉ាងប្រញាប់ប្រញាល។ ខ្ញុំរែកចានឆ្នាំងដើរផងរត់ផងបានមកដល់ផ្ទះមុនគេនៅម៉ោងប្រហែល ៦ ល្ងាច។ ខ្ញុំរត់ទៅមើលឃ្លាំងសហករណ៍តែគ្មានឃើញសល់អ្វីទេ មិនដឹងនរណាចូលយកអស់រលីង ។
ក្រោយការដួលរលំរបបខ្មែរក្រហម និងក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ ខ្ញុំតែងតែស្រមៃចង់ទៅរកដីថ្មីដើម្បីរស់នៅជាអ្នកស្រែចម្ការនៅខេត្តពោធិ៍សាត់ និងបាត់ដំបងដែលដីមានជីជាតិ និងដីទំនេរច្រើន។ តែជាអកុសលប្រទេសយើងនៅពុំទាន់មានសន្តិភាពពេញផ្ទៃប្រទេសនៅឡើយ។
ក្រោយឆ្នាំ ១៩៩៨ ខ្ញុំចាប់ផ្ដើមរៀបគម្រោងទៅខេត្តទាំងពីរនោះតែជីវភាពគ្រួសារកូនកំពុងរៀន និងកត្តាផ្សេងៗ បានពន្យារពេលរបស់ខ្ញុំរហូតដល់ឆ្នាំ២០០៨ ទើបខ្ញុំបានទៅរកដីមួយកន្លែងនៅតំបន់ភ្នំក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ដើម្បីរស់នៅ និងធ្វើចម្ការ។
ទោះបីជារបបខ្មែរក្រហមបានដួលរលំទៅអស់រយៈពេលជាង ៤០ឆ្នាំកន្លងមកហើយក៏ដោយ អ្នកដែលរស់រានមានជីវិតពីរបបខ្មែរក្រហមនៅតែមិនទាន់អាចភ្លេចរឿងរ៉ាវទាំងនោះទេ។ អ្វីដែលខ្ញុំបានដកស្រង់រឿងរ៉ាវខ្សែជីវិតរបស់ខ្ញុំខាងលើនេះ វាគ្រាន់តែជាចំណែកតូចមួយដែលខ្ញុំបានឆ្លងកាត់តែប៉ុណ្ណោះ៕ (ចប់ដោយបរិបូណ៌)