យោងតាមទីភ្នាក់ងារសារព័ត៌មាន Tass អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrei Rudenko បានបង្ហាញថា ទាហានរុស្ស៊ីរាប់រយនាក់បានរងរបួស ខណៈចូលរួមក្នុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន បានទទួលការស្តារនីតិសម្បទានៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងប្រទេសកូរ៉េខាងជើង។“ទាហានរុស្ស៊ីរាប់រយនាក់បានឆ្លងកាត់ការស្តារនីតិសម្បទានៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រល្អបំផុតនៅក្នុងប្រទេសកូរ៉េខាងជើង។ ទន្ទឹមនឹងនោះ កាលពីរដូវក្តៅមុន ជំរុំកុមារអន្តរជាតិ Songdowon បានយកកុមារដែលឪពុករបស់ពួកគេបានស្លាប់ក្នុងការប្រយុទ្ធដើម្បីមាតុភូមិរបស់ពួកគេ។
លោក Andrei Rudenko បាននិយាយនៅក្នុងពិធីទទួលភ្ញៀវនៅស្ថានទូតកូរ៉េខាងជើងកាលពីថ្ងៃទី 19 ខែមីនា ដោយប្រារព្ធខួបលើកទី 76 នៃការចុះហត្ថលេខាលើសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌ម៉ូស្គូ-ក្រុងព្យុងយ៉ាង ទាំងនេះគឺជាឧទាហរណ៍ដ៏រស់រវើកនៃលក្ខណៈជាបងប្អូននៃទំនាក់ទំនងបច្ចុប្បន្នរវាងប្រទេសទាំងពីរ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Andrei Rudenko មិនបានបង្ហាញពីពេលវេលាដែលទាហានរុស្ស៊ីរងរបួសរាប់រយនាក់ត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងប្រទេសកូរ៉េខាងជើងដើម្បីព្យាបាលនោះទេ ហើយក៏មិនបង្ហាញពីមូលហេតុដែលពួកគេមិនត្រូវបានព្យាបាលនៅក្នុងប្រទេសរុស្ស៊ីនោះទេ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tass អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrei Rudenko បាននិយាយថា លោកទើបតែត្រលប់មកពីទីក្រុងព្យុងយ៉ាង បន្ទាប់ពីពិភាក្សាជាមួយ “មិត្តកូរ៉េខាងជើង” លើបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើន ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់។
លោកបានបន្ថែមថា “ប៉ុន្មានថ្ងៃនេះ ទីក្រុងម៉ូស្គូកំពុងរៀបចំកិច្ចប្រជុំនៃសហប្រធាននៃគណៈកម្មការអន្តររដ្ឋាភិបាលរុស្ស៊ី-កូរ៉េខាងជើងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ-បច្ចេកទេស”។
អ្នកការទូតរុស្ស៊ីរូបនេះបាននិយាយថា “ខ្ញុំចង់ឆ្លៀតឱកាសនេះដើម្បីថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមិត្តភក្តិកូរ៉េខាងជើងរបស់យើងចំពោះការគាំទ្រដ៏រឹងមាំរបស់ពួកគត់សម្រាប់ប្រតិបត្តិការយោធាពិសេស (រុស្ស៊ី) នៅអ៊ុយក្រែន”។
អនុរដ្ឋមន្ត្រីការបរទេស Andrei Rudenko ជឿជាក់ថា “កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងរុស្ស៊ី និងកូរ៉េខាងជើង នឹងបម្រើផលប្រយោជន៍នៃប្រទេសទាំងពីរ”៕
ដោយ៖ ធីរីណា(រូបថត៖ AFP)