ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ។
សម្ដេចធិបតី បានថ្លែងថា ដើម្បីបំពេញនូវបេសកកម្មដ៏ថ្លៃថ្លាប្រកបដោយកិត្តិយសដ៏ឧត្តុងឧត្តមបន្ថែមលើអ្វីដែលជាសមិទ្ធផលកន្លងមក ក្រសួងមុខងារសាធារណៈ ពិតជាមានភាពចាំបាច់ក្នុងការកំណត់ទិសដៅសម្រាប់ជំហានបន្ទាប់ ដោយផ្តើមចេញពីការវាយតម្លៃច្បាស់លាស់នូវបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ចំណុចខ្លាំង ចំណុចខ្សោយ និងនិន្នាការក្នុងពេលអនាគត ។
សម្ដេចធិបតី បានថ្លែងបន្តថា ដើម្បីដាក់ចេញនូវផែនការយុទ្ធសាស្ត្រ វិធានការ និងវិធីសាស្ត្រនានា ដើម្បីបន្តពង្រឹង និងកែលម្អអភិបាលកិច្ច និងធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈ ទំនើបមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលអាចបម្រើប្រជាជនបានកាន់តែល្អប្រសើរ៕
ដោយ៖ តារា