ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រឡងផ្តល់ក្តីសង្ឃឹមដល់យុវជនដែលគ្មានរបស់ក្រៅខ្លួន គ្មានឪពុកធ្វើធំ និងគ្មានលុយសូក

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានរំលឹកពីការសំណេះសំណាលជាមួយយុវជនមួយរូប ដែលបានប្រឡងជាប់នាយទាហាន នាអំឡុងពេលដែលសម្តេចកាន់តួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា។ បើតាមសម្តេចធិបតី យុវជនរូបនោះ បានទៅប្រឡងទាំងគ្មានសង្ឃឹម ខណៈអ្នកអង្គុយជិតខ្លួនរៀបរាប់ពីការចំណាយ និងមានឪពុកជាឧត្តមសេនីយ៍ ដែលអាចធានាថាជាប់។ 

ទីបំផុតយុវជនដែលគ្មានខ្សែរូបនោះ បានប្រឡងជាប់ ខណៈយុវជនដែលអាចខ្សែប្រឡងធ្លាក់។ ត្រង់នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី លើកឡើងថា ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង ហើយក៏បានជះឥទ្ធិពលដល់អ្នកផ្សេងផងដែរ។ «នេះហើយជាអ្វីដែលយើងចង់បាន»។ សម្តេចគូសបញ្ជាក់យ៉ាងដូច្នេះ នាពិធីបិទសន្និបាតក្រសួងមុខងារសាធារណៈ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការប្រលងជ្រើសរើសមន្ត្រីនាពេលកន្លងទៅ បើគ្មានភាពយុត្តិធម៌ទេ នោះបេក្ខជនចូលរួមប្រលងប្រមាណ១២ម៉ឺននាក់ នឹងផ្ទុះការប្រតិកម្មជាក់ជាមិនខានឡើយ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងប្រឡងបាន៤២លើក ក្នុងនោះពាក់ព័ន្ធ៨ក្រសួងស្ថាប័ន បេក្ខជន២០,០០០នាក់ ជ័យលាភីយកតែ៤,១៩៧នាក់ទេ ខ្ទង់១១ម៉ឺននាក់ត្រូវធ្លាក់ ប៉ុន្តែ១១ម៉ឺននាក់នេះធ្លាក់ដោយអស់ចិត្ត គឺគ្មានអ្នកណាចេញមកប្រាប់ថា កាលប្រឡងនេះ ខ្ញុំធ្លាក់ដោយសារអ្នកនេះចេះ អ្នកនោះចុះនោះទេ ។ ហើយខ្ញុំគ្មានអស់អីមួយរៀលពឹងអ្នកណាទេ។ នេះហើយគឺអ្វីដែលយើងចង់បាន គឺភាពយុត្តិធម៌ និងការជឿទុកចិត្ត»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, សម្ដេចធ្លាប់បានចូលរួមក្នុងការដឹកនាំការប្រឡងរើសនាយទាហ៊ាន ដូច្នេះសម្ដេចដឹងថាត្រូវតាមដានមើល ៣ដំណាក់កាល ក្នុងនោះរួមមាន៖

*ដំណាក់កាលទី១៖ គឺមុនប្រឡង ថាតើលេចវិញ្ញាសារ ឬអត់? ព្រោះធ្លាប់មានមុនប្រឡងវិញ្ញសារពេញតាមហ្វេសបុករួចទៅហើយ។

*ដំណាក់កាលទី២៖ ពេលប្រឡងមានសភាពការណ៍អ្វីឬទេ?

*ដំណាក់កាលទី៣៖ សំខាន់ជាងគេថាតើពេលប្រឡងរួចមានប្រតិកម្មឬអត់? ព្រោះសម័យនេះប្រជាពលរដ្ឋ ជាពិសេសយុវជនគាត់អត់ខ្លាចក្នុងការនិយាយនោះទេ៕

ដោយ ៖ សិលា


ចែករំលែក៖