ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអះអាងថា ឆាប់ៗនេះ សម្ដេចនឹងហៅរដ្ឋមន្ត្រីក្រសួងចំនួនពីរ មកជជែកពីបញ្ហាជាន់តួនាទីគ្នា ដើម្បីប្រគល់ការងារដែលធ្លាប់ជាន់នេះ ឱ្យទៅក្រសួងមួយអនុវត្តការងារផ្ដាច់មុខ ។
ុសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យមានការពិនិត្យ ដើម្បីបង្រួមមន្ទីរពិសោធន៍ ដែលនៅរាយប៉ាយតាមក្រសួងនានា មកច្របាច់បញ្ចូលគ្នា និងពិនិត្យយកមន្ត្រី ដែលមានសមត្ថភាពយកទៅប្រើប្រាស់ឱ្យចំជំនាញរបស់គាត់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «មន្ទីរពិសោធន៍យើងមានច្រើនក្រសួងស្ថានប័ន គឺមានមន្ទីរពិសោធន៍ស្រដៀងៗគ្នា ហើយមានមាននៅរាយប៉ាយច្រើន នៅក្នុងក្រសួងខ្លួនឯងមួយៗ ក្រសួងខ្លះក៏មានច្រើន ក៏បានធ្វើបង្រួមហើយនៅក្នុងទូទាំងប្រទេស ទូទាំងរដ្ឋាភិបាលក៏មានច្រើន។ អញ្ចឹងជំហានបន្ទាប់ត្រូវគិតគូពីអាហ្នឹង អាចចងក្រងដាក់ជាវិស័យ ជួនកាលមន្ទីរពិសោធន៍ខ្លះទាក់ទងហេដ្ឋារចនាសម្ព័ន្ធ ខាងដែនដីក៏មាន ខាងសាធារណការក៏មាន យើងមើលវិស័យជាចង្កោម ឬមួយកម្រិតណា។ ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងណា កែសម្រួលយ៉ាងមិចឱ្យស៊ីគ្នា យើងមានច្រើនដើម្បីពិនិត្យមើល»។
ជុំវិញការបង្កើតថ្មីសម្ដេចបានជម្រុញឱ្យមានការពិនិត្យមើលឱ្យបានលម្អិត លុះត្រាតែមិនមាននរណាធ្វើសោះ ទើបធ្វើថ្មី និងមិនអាចកែសម្រួល ឬបន្ថែមភារកិច្ចឱ្យអ្នកដែលមានស្រាប់ធ្វើកិច្ចការងារហ្នឹង តែបើមានអ្នកអាចធ្វើបាន ថែមភារកិច្ចឱ្យគាត់ទៅ។ ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្រ្តី ជម្រុញឱ្យមានការប្រគល់ភារកិច្ចទៅលើអង្គភាពណាដែលមានស្រាប់ ចៀសវាងការបង្កើតថ្មី ហើយក៏មិនប្រើអភិក្រម «បង្រួម ដើម្បីពង្រឹង» ទេតែ «ពង្រឹង ជាជាងពង្រីក»។
ការថ្លែងរបស់សម្ដេចនាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងឱកាសសម្ដេច អញ្ជើញជាអធិបតី បិទសន្និបាត «បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥» របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥៕
ដោយ ៖ សិលា