ខ្សែប្រយុទ្ធSon Heung-min បានប្រាប់ដល់សារព័ត៌មានថា ទម្រង់លេង និងកាយសម្បទារបស់គាត់ល្អគ្រប់គ្រាន់ក្នុងការជួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងប្រកួតជម្រុះយកកៅអីទៅលេង World Cup 2026បាន។
កីឡាករវ័យ 32 ឆ្នាំSonបានជួបការលំបាកក្នុងរដូវកាលនេះជាមួយក្រុម Spurs ក្រោមការដឹកនាំរបស់ Ange Postecoglou ដែលមានចំណាត់ថ្នាក់ទី 14 ក្នុងក្របខ័ណ្ឌ Premier League ចំណែកកាលពីចុងឆ្នាំមុនគាត់មានបញ្ហាសរសៃពួរហើយបានទទួលរងសម្ពាធពីអ្នកគាំទ្ររបស់គាត់។
Son ដែលជាប្រធានក្រុមមាន់ខ្នាយមាស Spurs ស៊ុតបញ្ចូលទីបានតែប្រាំពីរគ្រាប់នៅ Premier League នៅរដូវកាលនេះ ហើយមិនបានលេងពេញ 90 នាទីក្នុងការប្រកួតអង់គ្លេសPremier League ចំនួន 5 ប្រកួតចុងក្រោយ។
កីឡាករ Son ដែលបានលេងបាន 131 ដងសម្រាប់ប្រទេសរបស់គាត់ដោយស៊ុតបញ្ចូលទីបាន 51 គ្រាប់បាននិយាយថា “អ្នកគាំទ្រគឺជាកម្លាំងចិត្តដ៏ខ្លាំងរបស់យើងហើយយើងមិនចង់ធ្វើឱ្យពួកគេខកចិត្តទេ”។
កូរ៉េខាងត្បូងកំពុងដណ្តើមយកកន្លែងមួយក្នុងព្រឹត្តិការណ៍ World Cup 2026 នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ ពួកគេត្រូវការជ័យជម្នះនៅផ្ទះរបស់ខ្លួនពេលប្រកួតជាមួយអូម៉ង់ (Oman) និងម្តងទៀតនៅពេលដែលពួកគេប៉ះហ្សកដានីនៅថ្ងៃអង្គារ ៕
ដោយ៖ ភារៈ