ខ្ញុំឈ្មោះ ប្រាក់ ណន កើតនៅភូមិអូរអំបែង ឃុំត្បែង ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ ខ្ញុំគឺជាកូនទីបីក្នុងចំណោមបងប្អូនប្រុសស្រី 6 នាក់។ មុនពេលខ្មែរក្រហមឡើងកាន់អំណាចក្រុមគ្រួសាររបស់ខ្ញុំរស់នៅជួបជុំគ្នាយ៉ាងសប្បាយរីករាយប្រកបដោយសុភមង្គល។ ក្រុមគ្រួសាររបស់ខ្ញុំមានជីវភាពមធ្យមមានហូបចុកគ្រប់គ្រាន់។ ប៉ុន្តែបន្ទាប់ពីខ្មែរក្រហមចូលមកកាន់កាប់មិនទាន់បានប៉ុន្មាន ខ្ញុំត្រូវឃ្លាតឆ្ងាយពីសាច់ញាតិទៅធ្វើការនៅតាមការដ្ឋាននានាតាមតែអង្គការចាត់តាំង។
* ចាកឆ្ងាយពីគ្រួសារ :
ការដ្ឋានដំបូងដែលអង្គការចាត់ឲ្យខ្ញុំទៅធ្វើការ គឺនៅការដ្ឋាន សជុល ក្បែរស្ទឹងដូង ស្រុកប្រាសាទបល្ល័ង្គខេត្តកំពង់ធំ។កាលនោះខ្ញុំមានអាយុប្រហែល 12 ឬ 13 ឆ្នាំប៉ុណ្ណោះ។ ខ្ញុំតែងតែគិតថា មិនដឹងពេលណាខ្ញុំបានមកជួបពុកម៉ែវិញនោះទេទោះបីជាខ្ញុំចង់ប្រកែក ក៏មិនអាចប្រកែកបានព្រោះវាជាបញ្ជារបស់អង្គការ។ ពេលចាកចេញទៅ ខ្ញុំមិនបានយកអ្វីទៅច្រើនទេ។ព្រោះអង្គការបានប្រកាសក្តែងៗថា ទៅដល់នោះអង្គការមានសម្លៀកបំពាក់ឲ្យហើយ។ ពេលធ្វើដំណើរមានមនុស្សច្រើនអ៊ូអរណាស់នៅតាមផ្លូវ។ នៅសងខាងផ្លូវសុទ្ធតែព្រៃរួមផ្សំដោយសំឡេងសត្វយំចចេកចចាច រីឯអ្នកធ្វើដំណើរជាមួយខ្ញុំខ្លះនិយាយលេងសើច អ្នកខ្លះមានទឹកមុខស្រងូតស្រងាត់ ចំណែកខ្ញុំដើរបណ្ដើរ ក្នុងចិត្តគិតបណ្ដើរ ព្រោះចិត្តមិនចង់បែកពីពុកម៉ែទេ ណាមួយខ្ញុំមិនទាន់ដឹងអ្វីផង មិនដឹងថាអង្គការនាំទៅកន្លែងណាទៀត។
* ការដ្ឋាននៅ សជុល :
ពេលទៅដល់ សជល់ អង្គការឲ្យយើងឈប់នៅទីនោះដើម្បីរៀបចំកន្លែងដេកនៅក្នុងព្រៃ។ អង្គការបានប្រាប់យើងថា យើងត្រូវធ្វើការនៅក្នុងការដ្ឋាន សជុល នេះ។ យើងចាប់ផ្ដើមហូបបាយជុំគ្នាលែងមានអ្នកណាដាំបាយហូបតែឯងដូចពេលមុនៗទៀតហើយ។ចំណែកឯការដេកក៏អីចឹងដែរអង្គការធ្វើរោងវែងៗឱ្យយើងដេកជុំគ្នា។
ពេលនោះដល់រដូវធ្វើស្រែល្មម។ ម៉ោង ៤ ទៀបភ្លឺប្រធានកងឲ្យយើងចេញទៅដកសំណាបដោយមិនទាន់មានអ្វីហូបទ្រាប់ពោះនៅឡើយទេ។ ខ្ញុំដកសំណាបបណ្ដើរពោកូរបណ្ដើរ។ ក្រុមកងចល័តមានទឹកមុខក្រៀមក្រំព្រោះតែភាពស្រេកឃ្លាន។ យើងត្រូវធ្វើការរហូតដល់ម៉ោង១០ព្រឹក។ទើបប្រធានកងអនុញ្ញាតឲ្យយើងហូបបបរបង់អំបិលដែលមានរសជាតិប្រៃឡែមៗ ដែលចុងភៅចែកឱ្យហូបមានកំណត់។ សមាជិកក្នុងកងចល័តរបស់ខ្ញុំ ខំប្រឹងហុតបបរឮសូរគ្រូកៗទាល់តែអស់ មិនមានសល់ជាប់នឹងចានសូម្បីតែគ្រាប់អង្ករមួយគ្រាប់។ ទោះបីជាឆ្អែតឬមិនឆ្អែត ខ្ញុំមិនដឹងថាទៅរកឯណាបានហូបទៀតទេមានតែពាក្យថាទ្រាំតែប៉ុណ្ណោះ។ យើងសម្រាកបានតែមួយភ្លែតហើយត្រូវចេញទៅដកសំណាបន្តទៀត។នៅពេលថ្ងៃមេឃក្តៅ យើងហត់ខ្លាំង យើងមានតែទឹកផឹកប៉ុណ្ណោះដែលអាចជួយទ្រទ្រង់រាងកាយរបស់យើងអាចបន្តធ្វើការរហូតដល់ម៉ោង៤ល្ងាចទើបប្រធានកងអនុញ្ញាតឲ្យសម្រាកហូបបាយ។ អាហារពេលល្ងាចក៏មិនខុសពីអាហារពេលព្រឹកដែរបាយដែលចុងភៅចែកឱ្យមានតែបន្តិចបន្តួចជាមួយសម្លបង់ប្រហុក។ បន្ទាប់ពីហូបបាយរួចយើងត្រូវត្រឡប់ទៅធ្វើការបន្តរហូតដល់ម៉ោង ១០ យប់ទើបសម្រាកបាន។
ពេលដេកឮសំឡេងចង្រិតយំធ្វើឲ្យខ្ញុំចាប់ផ្ដើមនឹករលឹកផ្ទះយ៉ាងខ្លាំង។ នៅផ្ទះ ថ្ងៃខ្លះម្ដាយរបស់ខ្ញុំបាននិទានរឿងឲ្យខ្ញុំស្ដាប់។ រឿងខ្លះសប្បាយ រឿងខ្លះទឹកភ្នែកហើយស្ដាប់រហូតទាល់តែដេកលក់។ ខ្ញុំកាន់តែគិតធ្វើឲ្យចិត្តខ្ញុំកាន់តែនឹក។ ម៉ោងបួនទៀបភ្លឺខ្ញុំបានឮសំឡេងល្វើយៗ។ទាំងដែលខ្ញុំមិនទាន់ឈប់យល់សប្តិនៅឡើយ។ ប្រធានកងបានដើរមកជិតហើយដាស់យើងក្រោកពីព្រឹកទាំងមិនទាន់អស់ងងុយឱ្យចេញទៅធ្វើការបន្តទៀត។
នៅថ្ងៃអាទិត្យ ប្រធានកងឱ្យយើងសម្រាកមួយថ្ងៃ ហើយចុងភៅក៏មានបាយទ្រាបម្នាក់មួយកូនដុំឲ្យហូបដែរ។ ក្រៅពីនេះខ្ញុំបបួលអ្នកស្នាក់នៅរោងជាមួយគ្នាទៅរកបេះបន្លែ ដូចជាផ្ទី ស្លឹកបាសនិងបន្លែផ្សេងៗទៀត យកមកធ្វើភិ (ម្ហូបមានបន្លែលាយគ្នាជាច្រើនមុខ) ហូបបន្ថែម។ កាលនោះប្រធានកងមិនហាមយើងបេះឬធ្វើអ្វីហូបទេ យើងចង់ធ្វើហូបអ្វីគឺយើងអាចធ្វើហូបបាន ប៉ុន្តែដល់ថ្ងៃធ្វើការធម្មតាត្រូវទៅធ្វើការជាដាច់ខាត ដោយមិនអាចទៅរកអ្វីមកធ្វើហូបបាននោះទេ។
* ធ្លាក់ខ្លួនឈឺ :
ថ្ងៃមួយខ្ញុំបានធ្លាក់ខ្លួនឈឺដោយសារសុខភាពរបស់ខ្ញុំមិនអាចទ្រទ្រង់នឹងទុក្ខលំបាកទាំងនេះបាន។ ដំបូងខ្ញុំមិនទាន់ឈឺធ្ងន់ទេ ខ្ញុំចេះតែខំប្រឹងក្រោកទៅធ្វើការបន្តដោយមិនហ៊ានប្រាប់ប្រធានកងទេ។ នៅយប់នោះខ្ញុំរងាយ៉ាងខ្លាំង។ ខ្ញុំខំប្រឹងដេកឱបដៃទាំងញ័រញាក់ ប៉ុន្តែសំណាងល្អបានបងស្រីម្នាក់ដេកក្បែរអោបខ្ញុំទាំងដែលខ្លួនខ្ញុំក្តៅងំៗ។ ខ្ញុំដេកលក់បានតែមួយភ្លែតប៉ុណ្ណោះដល់ពេលម៉ោង ៤ ព្រឹក ប្រធានកងមកហៅឲ្យទៅធ្វើការបន្តទៀត ប៉ុន្តែបងស្រីដែលដេកក្បែរខ្ញុំបានជួយប្រាប់ប្រធានកងថា ខ្ញុំគ្រុនក្តីទៅមិនរួចទេ។ ពេលនោះខ្ញុំបានឮសំឡេងជើងដើរមកក្បែរខ្ញុំ។ ខ្ញុំព្យាយាមបើកភ្នែកមើលគាត់ទាំងដែលបើកភ្នែកមិនចង់រួច។ ប្រធានកងបានយកដៃស្ទាបក្បាលរបស់ខ្ញុំទើបដឹងថា ខ្ញុំគ្រុនមែន។ គាត់ប្រាប់ថាមិនអីទេ បើគ្រុនទៅមិនរួចសម្រាកចុះ។ សំណាងដែរដែលខ្ញុំមានប្រធានកងមិនសូវតឹងតែង។
ប្រធានកងបានប្រាប់ពេទ្យឲ្យមកមើលខ្ញុំ។។ មួយសន្ទុះក្រោយមកមានគ្រូពេទ្យម្នាក់ដើរមកស្ទាបក្បាលខ្ញុំហើយមិនបានប្រាប់ថាខ្ញុំឈឺអ្វីទេ។ ពេទ្យបានឲ្យថ្នាំខ្ញុំលេប ហើយត្រឡប់ទៅវិញបាត់។ ពេលដល់ម៉ោងហូបបបរខ្ញុំមិនហ៊ានទៅហូបទេ។ បងដែលដេកនៅក្បែរខ្ញុំបានទៅយកបបរឲ្យខ្ញុំ។ ខ្ញុំខំប្រឹងហូបដែរ ប៉ុន្តែទោះបីជាបបរនោះតិចក៏ដោយក៏ខ្ញុំហូបមិនអស់ដែរ។ប្រធានកងបានឲ្យខ្ញុំសម្រាកពីការងារបានបីថ្ងៃ។ ពេលដែលខ្ញុំបានធូរស្រាលឡើងវិញខ្ញុំបានចេញទៅដកសំណាប និងស្ទូងស្រូវជាមួយកងចល័ត។
បន្ទាប់ពីខែដកស្ទូងរួច ខ្ញុំត្រូវមើលថែទាំស្រូវរហូតដល់ស្រូវទុំ។ ខ្ញុំចាប់ផ្ដើមច្រូតកាត់ និងបោកបែនបន្ទាប់មកខ្ញុំទៅលើកទំនប់ទប់ស្ទឹងដូងបន្តទៀត។ ពេលនោះខ្ញុំកាន់តែនឹកបងប្អូន និងក្រុមគ្រួសាររបស់ខ្ញុំ តែខ្ញុំមិនដឹងថាត្រូវទៅសុំអនុញ្ញាតពីនរណាទេ។ នៅទីនោះការងារកាន់តែធ្ងន់ជាងមុន ប៉ុន្តែខ្ញុំអាចតស៊ូបានរហូតដល់ការងារនេះបិទបញ្ចប់តាមផែនការរបស់អង្គការ។
* ដំណើរសែនរីករាយ :
ថ្ងៃមួយបន្ទាប់ពីបញ្ចប់ផែនការដែលអង្គការដាក់ឲ្យធ្វើ ប្រធានកងអនុញ្ញាតឲ្យយើងត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែពេលនោះព្រលប់ទៅហើយ ដូច្នេះយើងត្រូវដេកនៅទីនោះមួយយប់ទៀត។ ពេលឮដូច្នោះខ្ញុំសែនសប្បាយចិត្តខ្ញុំចង់លោតផង ចង់ស្រែកផង។ ខ្ញុំបានប្រញាប់ប្រញាល់ទៅរៀបអីវ៉ាន់រួចជាស្រេចមុនគេ។ ទឹកមុខរបស់ខ្ញុំស្រស់បំព្រងដូចផ្កាទើបតែរីក ហើយមិនមែនតែខ្ញុំទេ អ្នកផ្សេងទៀតក៏ដូច្នោះដែរ។ ម្នាក់ៗនិយាយសើចក្អាកក្អាយ។ ទិដ្ឋភាពរីករាយបែបនេះខ្ញុំខានឃើញជាយូរណាស់មកហើយ។ នៅយប់នោះខ្ញុំដេកមិនលក់សោះ។ព្រោះតែខ្ញុំសប្បាយចិត្តខ្លាំងពេក។ខ្ញុំគិតស្រមៃថាពេលដែលខ្ញុំមកដល់ផ្ទះភាពសប្បាយរីករាយនឹងកើតមានឡើងដូចកាលពីមុនដែលម៉ែនិទានរឿងឲ្យស្ដាប់មុនពេលខ្ញុំចូលដេក ហើយខ្ញុំអាចធ្វើអ្វីៗបានជាច្រើនទៀត។
ដល់ព្រឹកម៉ោង ៤ ខ្ញុំប្រមូលអីវ៉ាន់ដែលបានច្រកទុករួចជាស្រេចហើយចេញដំណើរទាំងមេឃមិនទាន់ទាំងភ្លឺស្រួលបួលផង។ នៅតាមផ្លូវ ម្នាក់ៗនិយាយគ្នាមិនដឹងជារឿងអ្វីៗខ្លះទេ ឮតែសំឡេងអ៊ូអរ រីឯទឹកមុខរបស់ខ្ញុំវិញខុសស្រឡះពីទឹកមុខកាលចេញមកពីផ្ទះ។ ខ្ញុំដើរបណ្ដើរខ្ញុំយកជើងឈូសខ្សាច់នៅតាមផ្លូវលេងបណ្ដើរ។ នៅតាមផ្លូវនោះមានព្រៃស្រោង និងមានសត្វយំសំឡេងឡើងក្រលួច។ កាលនោះបើខ្មែរក្រហមឲ្យខ្ញុំដើរម្នាក់ឯង ក៏ខ្ញុំមិនហ៊ានដើរដែរ។ព្រោះផ្ទះរបស់ខ្ញុំមិនមែននៅតាមផ្លូវនោះទេ។ ខ្ញុំដើរយូរទើបបានមកដល់ផ្ទះ ប៉ុន្តែ ផ្ទះនោះមានតែសំបកប៉ុណ្ណោះគឺមិនមានមនុស្សរស់នៅឡើយ។ ខ្ញុំដើរជិតមួយថ្ងៃហើយនៅមិនទាន់ដល់ផ្ទះទៀត ព្រោះតែផ្លូវឆ្ងាយណាស់។បន្ទាប់ពីដើរមកជិតដល់ភូមិ ប្រធានកងបានប្រាប់ថា យើងសម្រាកនៅផ្ទះរៀងៗខ្លួនចុះ ហើយព្រឹកឡើងយើងត្រូវក្រោកទៅធ្វើការនៅភូមិប្រឡាយទៀត។ពេលឮបែបនេះ ទើបខ្ញុំដឹងថា តាមពិតប្រធានកងឲ្យមកនេះមិនមែនមកនៅជួបជុំក្រុមគ្រួសារទេ គឺមកធ្វើការកន្លែងថ្មីទៀត។ (នៅមានត)