ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ៖ ជូនដំណឹងស្តីពី សេវាដឹកជញ្ជូនរថយន្តក្រុង មិនបង់ប្រាក់ជូនបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើត បុណ្យចូលឆ្នាំថ្មី រយៈពេល០៦ថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពី ការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ។ 

រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នឹង រៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដោយក្នុងនោះរួមមាន៖ ១-សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់បម្រើដល់ប្រតិបត្តិការតម្រាយខ្សែរត់ជាប្រក្រតីក្នុងរាជធានីភ្នំពេញ។

 ២-សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៤៩៧គ្រឿង ព្រមទាំងបានរៀបចំ ទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរផងដែរ ដែលមានគោលដៅ ទីតាំង និងពេលវេលាចេញដំណើរលម្អិតដូចខាងក្រោម ៕ 

ដោយ៖ សំរិត


ចែករំលែក៖