ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់ឋានន្តរសក្ដិថ្នាក់នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស ៥

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់ឋានន្តរសក្ដិថ្នាក់នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ​ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន នៅឯវិមានសន្តិភាព។ 

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចតេជោ ហ៊ុន សែន ថ្លែង​រំលឹកថា មានគណបក្សនយោបាយច្រើនណាស់ ដែលចង់ធ្វើឲ្យគណកប្សប្រជាជនកម្ពុជា បែកបាក់សាមគ្គីគ្នា ប៉ុន្តែការព្យាយាមរបស់គណបក្សទាំងនោះ ត្រូវបានបែកបាក់ខ្លួនឯងវិញ។

-សម្តេចតេជោ ថ្លែងថា​ មូលហេតុដែលមិនបំពាក់ឋានន្តរសក្តិផ្កាយមាស៥ ជូនសម្តេចក្រឡាហោម ស ខេង ដោយសារតែលោកជាមន្រ្តីស៊ីវិល។

-សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងពីការអវត្តមានរបស់សម្ដេចនាពេលខាងមុខមួយរយៈ ដោយសារសមាជិកគ្រួសារម្នាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរ។ 

-សម្ដេចតេជោ ថ្លែង​បញ្ជាក់​ថា នេះជាការឈឺចាប់បំផុតរបស់សម្ដេច ហើយសម្ដេចថែមទាំងព្រលយថា ជីវិតមនុស្ស គឺកើត ចាស់ ឈឺ ស្លាប់។

-សម្តេចតេជោ ថ្លែងថា​ សម្ដេចបានចូលធ្វើទាហានចាប់ពីថ្ងៃទី ៤ មេសា ១៩៧០ រហូតដល់ឆ្នាំ ១៩៩៣ ទើបទទួលបានឋានរន្តសក្តិ ។

-សម្តេចតេជោ ថ្លែងថា​ រំលឹកឡើងពីប្រវត្តិសាស្រ្តការតស៊ូ ជាមួយយុទ្ធមិត្ត ដើម្បីរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងការតស៊ូមតិក្នុងរដ្ឋសភា ដើម្បីទាមទារសំឡេងពីរភាគបី នៅក្នុងរដ្ឋសភា និងគោលការណ៍៥០បូក១។

-សម្តេចតេជោ ថ្លែង​បង្ហើបឲ្យដឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានតម្រូវឲ្យអ៊ុនតាក់គ្រប់គ្រងក្រសួងចំនួនប្រាំនៅកម្ពុជា ក្នុងនោះ មានក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងហិរញ្ញវត្ថុ ការពារជាតិ និងក្រសួងយុត្តិធម៌។

-សម្តេចតេជោ ហ៊ុន សែន ថ្លែង​អរគុណដល់ សម្តេចពិជ័យសេនា ទៀ បាញ់  និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានជួយ និងរួមដំណើរជាមួយសម្តេច ក្នុងរយៈពេលដ៏យូរ។

-សម្តេចតេជោ រំលឹកឡើងពីប្រវត្តិសាស្រ្តការតស៊ូជាមួយយុទ្ធមិត្ត ដើម្បីរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងការតស៊ូមតិក្នុងរដ្ឋសភា ដើម្បីទាមទារសំឡេងពីរភាគបី នៅក្នុងរដ្ឋសភា និងគោលការណ៍៥០បូក១។

-សម្ដេច ហ៊ុន សែន ថ្លែងប្រាប់ទៅក្រុមបុគ្គលនិន្នាការប្រឆាំង កុំគិតព្យាយាមចង់បំបែកផ្ទៃក្នុងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រោះមានគណបក្សនយោបាយច្រើនណាស់ ដែលចង់ធ្វើឱ្យគណកប្សប្រជាជនកម្ពុជាបែកបាក់សាមគ្គីគ្នា ប៉ុន្តែផ្ទុយទៅវិញ ត្រូវបានបែកបាក់ខ្លួនឯងវិញ។

-សម្ដេចតេជោ ហ៊ុន សែន ថ្លែងរម្លឹកថា វត្តមានសម្តេចពិជ័យសេនា ទៀ បាញ់ ប្រៀបដូចជាមានកងទ័ពមួយកងពល។ នេះជាការថ្លែងរបស់សម្ដេចតេជោ ដែលរម្លឹកពីវត្តមានសម្ដេច ទៀ បាញ់ កាលពីសម័យតស៊ូងើបផ្ដួលរំលំរបបខ្មែរក្រហម៕

ដោយ៖ស​ តារា


ចែករំលែក៖