ព័ត៌មានទាន់ហេតុការណ៍៖

តើសម្ដេចតេជោ ហ៊ុន សែន លើកឡើងពីអ្វីខ្លះពីការព្យាយាមបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាពីសំណាក់ក្រុមប្រឆាំង រឿង«ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥»?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានលើកឡើងថា ក្រោយពេលដែលព្រះករុណាព្រះបាទ សម្ដេចព្រះមរនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានផ្ដល់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្រុមប្រឆាំងបានចូលទៅខមិនសួរថា ហេតុអ្វីបានជាបាត់សម្ដេចក្រឡាហោម ស ខេង។ 

សម្រាប់សំណួរបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជននេះ សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយពន្យល់ថា សម្ដេចក្រឡាហោម ស ខេង លោកជា ស៊ីវិល លោកមិនចង់ពាក់ស័ក្ដិដូចជាទាហាននោះទេ។

ថ្លែងនៅក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្ដថា សម្ដេចក្រឡាហោម ស ខេង ធ្លាប់លើកឡើងថា ប្រសិនបើលោកពាក់សក្ដិ គឺពាក់ត្រឹមសក្ដិ៥ប៉ុណ្ណោះ មិនពាក់សក្ដិធំជាងនេះនោះទេ។

ស្ថិតនៅក្នុងស្ថានភាពនេះ សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកដែលសួរសំណួរនេះ «សូមកុំមកបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជន។ អ្នកត្រូវចាំថា អ្នកឯងកាន់តែមកបំបែកបំបាក់ផ្ទៃក្នុងខ្ញុំ អ្នកកាន់តែបែកបក្សខ្លួនឯង។ សូមកុំបំបែកគណបក្សប្រជាជនឱ្យសោះ!»

សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កន្លងមកអ្នកដែលមានបំណងបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា គឺបានបែកបាក់ផ្ទៃក្នុងខ្លួនឯងអស់ហើយ។ ហើយសម្ដេចតេជោ ក៏នៅតែបន្ដធ្វើកិច្ចការងារនេះដោយមិនទុកឱ្យក្រុមទាំងនោះរួចខ្លួននោះទេ។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកបំពាក់ឋានន្តរស័ក្តិផ្កាយមាស៥នាពេលនេះ គឺបានចូលបម្រើការងារមិនក្រោម៥៥ឆ្នាំនោះទេ ដែលសម្តេចតេជោ និងសម្តេចម៉ែន សំអន ចូលធ្វើទាហានដំណាលគ្នា។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចបានស្គាល់ សម្តេចម៉ែន សំអន ពេលដែលសម្តេចបានដើររកភរិយារបស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំមិនមែនគ្រាន់តែជាមេទាហានទេ ខ្ញុំក៏ជាអ្នកបង្កើតយោធាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើជារដ្ឋមន្រ្តីការពារជាតិ ៣៥ឆ្នាំ ។ 

សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីរដ្ឋមន្រ្តី២រូប ដែលប្រឆាំងចំពោះការចរចា នោះគឺរដ្ឋមន្រ្តីការពារជាតិ កុយ ប៊ុនថាន និងរដ្ឋមន្រ្តីការបរទេស លោក គង់ គាំ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាហានត្រូវការឈាមស្នេហាជាតិជាទាហាន៥០ភាគរយ និងយល់ដឹងពីកិច្ចការនយោបាយ៥០ភាគរយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលមានសភាពការណ៍កើតឡើង ខ្ញុំហាក់ដូចជាមាននិស្ស័យពីអតីតជាតិ ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់

! មាន ទៀ បាញ់ ម្នាក់ប្រៀបដូចជាមាន ទាហានមួយកងពល មានការងារលំបាកៗ តែងមាន សម្តេចទៀ បាញ់ នៅជាមួយខ្ញុំ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើនិយាយពីនយោបាយឈ្នះឈ្នះ បើគ្មានសម្តេចពិជ័យសេនា ទៀ បាញ់ ទេ ខ្ញុំមិនប្រាកដថា នឹងជោគជ័យ ឬអត់នោះទេ ដែលសម្តេចមានភាពនឹងនរ ហើយសមត្ថភាពវិភាគសភាពការណ៍។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចពិជ័យសេនា ទៀ បាញ់ ជាអ្នកការពារប្តូរផ្តាច់ចំពោះសុវត្ថិភាព លោក អ៉ី ឈាន នៅពេលមានព័ត៌មានចារកម្មថា អ៉ី ឈាន ឃុបឃិតជាមួយតាម៉ុក។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពិត អ៉ី ឈាន និងសុក ភាព ជាពិសេសអ៉ី ឈាន ជាអ្នកដេញវាយតាម៉ុក រឿងអ្វីដែលអ៉ីឈានទៅចូលរួមតាម៉ុក ៕

ដោយ ៖ សិលា


ចែករំលែក៖