ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានសង្ខេប អំពីកិច្ចប្រជុំអាស៊ានថ្ងៃទី ៦ កញ្ញា ២០១៦

ចែករំលែក៖

ប្រទេសឡាវ៖ កាលពីម្សិលមិញនេះ មេដឹកនាំអាស៊ានទាំង១០ ប្រទេសបានអញ្ជើញចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីអាស៊ានមួយ ការឆ្លើយតបមួយរបស់អាស៊ានមួយ ទៅនឹងគ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅតំបន់។ ពិធីចុះហត្ថលេខានេះទទួលបាននូវការគាំទ្រពីមេដឹកនាំអាស៊ានទាំងអស់ដែលបានខិតខំរួមគ្នាដើម្បីសម្រេចបាននូវចក្ខុវិស័យអាស៊ានក្នុងការឆ្លើយតបឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់ និងសង្រោ្គះឲ្យបានយ៉ាងឆាប់រហ័សទៅនិងគ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅតំបន់។

ក្រោយពីពិធីចុះហត្ថលេខារួចមកប្រមុខដឹកនាំអាស៊ានបានអញ្ជើញជួបដាច់ដោយឡែកៗពីគ្នាជាមួយប្រតិភូតំណាងអន្តរសភាអាស៊ាន តំណាងយុវជនអាស៊ាន និងតំណាងក្រុមប្រឹក្សាភិបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន។ មេដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអន្តរសភាអាស៊ាន យុវជនអាស៊ាន និងក្រុមប្រឹក្សាភិបាលបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន ដែលបានផ្តល់កិច្វសហការដ៏ទូលំទូលាយដល់ផ្នែករដ្ឋាភិបាលដើម្បីឈានទៅសម្រេចបាននូវគោលដៅអាទិភាពជាច្រើនក្នុងរយៈពេលកន្លងមក ពិសេសការឈានទៅបង្កើត សហគមន៍អាស៊ានកាលពីថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៥ កន្លងមកនេះ។

ជាមួយគ្នានេះដែរបណ្តាមេដឹកនាំអាស៊ានទាំងអស់ បានសំដែងនូវការកោតសរ សើរ និងវាយតម្លៃខ្ពស់ចំពោះរបកគំហើញ និងអនុសាសន៍គោលនយោបាយនានា ដែលអន្តរសភាអាស៊ាន យុវជនអាស៊ាន និងក្រុមប្រឹក្សាភិបាលបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន បានផ្តល់ជូនមេដឹកនាំអាស៊ាន ក្នុងការពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់អាស៊ាន ពិសេសការជម្រុញពាណិជ្ជកម្មផ្ទៃក្នុងរបស់អាស៊ាន ក្នុងនោះរួមទាំងអនុសាសន៍ទាំង១០ចំណុចដែលទើបត្រូវបានលើកឡើងដោយ ក្រុមប្រឹក្សាភិបាលបាលផ្តល់យោបល់ធុរកិច្ចអាស៊ានដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគលើវិស័យកសិកម្ម ម្ហូបអាហារ ពាណិជ្ជកម្ម អេឡិច ត្រូនិច ឡូជីស្ទីក សហគ្រាសមីក្រូធុនតូច និងមធ្យម។

ជាមួយគ្នានេះមេដឹកនាំអាស៊ានក៏បានគូសបញ្ជាក់ដែរថា តំបន់អាស៊ានមានទស្សនៈអនាគតល្អសម្រាប់ការបន្តទាក់ទាញការវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ដោយមានការយកចិត្ត ទុកដាក់ទៅលើការធ្វើឲ្យប្រសើរឡើង និងភាពប្រទាក់ក្រឡាគ្នាសម្រាប់ស្រទាប់យុវជន បណ្តាមេដឹកនាំអាស៊ានបាន ជម្រុញឲ្យយុវជននៃបណ្តាប្រទេសអាស៊ានទាំងអស់ មិនគ្រាន់តែការបង្កើនឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សាក្នុងចំណោមប្រទេសជាសមាជិកអាស៊ានដូចគ្នានោះទេ តែផ្ទុយទៅវិញគឺយើងខិតខំយ៉ាងណាជំរុញឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាមួយយុវជននៃប្រទេសជាដៃគូសន្ទនារបស់អាស៊ាននិងបណ្តាប្រទេសក្រៅតំបន់ ដើម្បី ឲ្យយុវជនរបស់យើងកាន់តែទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងការប្រាស្រ័យទាក់ទងគ្នាអោយកាន់តែជិតស្និទ្ធ និង មានភាពស្វាហាប់ក្នុងជីវិត។

ដោយឡែកទាក់ទិនទៅនិងការជួបប្រាស្រ័យជាមួយក្រុមប្រឹក្សាភិបាលបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន បណ្តាមេដឹកនាំអាស៊ានបានពិភាក្សាគ្នាដោយផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចការជាអាទិភាពមួយចំនួនរួមមាន ទី១)ការលុបបំបាត់ឲ្យអស់នូវរបាំងនានាដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ដំណើរការពាណិជ្ជកម្ម និងវិនិយោគ។ ទី២)បន្តផ្តោតលើការសម្រួលពាណិជ្ជកម្ម និងកែ លម្អបរិយាកាសវិនិយោគនៅក្នុងតំបន់ ពិសេសតាមរយៈការអនុវត្តឲ្យបានពេញ លេញនូវបញ្ជរតែមួយរបស់អាស៊ាន និងបញ្ជារតែមួយរបស់ប្រទេសជាសមាជិកអាស៊ាន។ ទី៣)ការលើកម្ពស់សេរីភាវូបនីយកម្មលើវិស័យសេវា ដូចជាវិស័យធានារ៉ាប់រង តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិ យោគ និងទីការលើកកម្ពស់ការតភ្ជាប់ និងប្រព័ន្ធឡូជីស្ទីក ដើម្បីពង្រឹងភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្មក្នុងតំបន់ ដោយទាក់ទាញដៃគូពាក់ព័ន្ធទាំងអស់ចូលរួម ពោលគឺរបកគំហើញ និងអនុសាសន៍ទាំងអស់នេះ គឺពិតជាមានសារៈសំខាន់សម្រាប់ប្រទេសជាសមាជិកអាស៊ាន ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ២០២៥។

នៅក្នុងកិច្ចសន្ទនាជាមួយនិងប្រតិភូអន្តរសភាអាស៊ាន តំណាងយុវជនអាស៊ាន និងក្រុមប្រឹក្សាភិបាលបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន បណ្តាមេដឹកនាំអាស៊ានទាំងអស់ បានស្នើឲ្យមានការចូលរួមចំណែកយ៉ាងសកម្មខ្លាំងក្លាថែមទៀត ក្នុងការផ្តល់ជាយោបលនិងគំនិតល្អដើម្បីឈានទៅសម្រេចលើចក្ខុវិស័យនានារបស់អាស៊ាន ដែលជាបំណងប្រាថ្នារបស់ប្រជាជនអាស៊ានទាំងជាង៦២០លាននាក់ រស់នៅប្រកបដោយសុខសន្តិភាព ស្ថេរភាព វិបុលភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់គ្រុមគ្រូសារទាំងអស់ ពិសេសការរស់នៅដោយភាពសុខដុមរមនា។ កាលពីរាត្ត្រីកន្លងទៅនេះ លោកនាយករដ្ឋមន្រ្តីឡាវបានរៀបចំពិធីលៀងសាយ ភោជន៍យ៉ាងអធិកអធម្មជូនប្រមុខដឹកនាំអាស៊ានប្រកបដោយបរិយាកាសរីករាយនិងស្និទ្ឋស្នាលបំផុត។

សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបន្តខិតខំប្រឹងប្រែង គៀងគរអ្នកវិនិយោគទុនពីបណ្តាប្រទេសអាស៊ាន និងពីសហគមន៌អន្តរជាតិដើម្បីជំរុញការវិនិយោគនៅកម្ពុជាអោយកាន់តែមានសន្ទុះរីកចម្រើនខ្លាំងទៅមុខ ដែលផ្តល់ឱកាសដល់ពលរដ្ឋ និងយុវជនខ្មែរទូទៅទទួលបាននូវការពង្រឹងសមត្ថភាព និងការងារសមរម្យក្នុងការរួមចំណែកកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនជឿនលឿន៕

 

1 3 2 5 4


ចែករំលែក៖