ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ធ្វើកំណាយសង្គ្រោះនៅស្ពានហាលខាងលិចរបស់ប្រាសាទបេងមាលា ស្ថិតនៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ការធ្វើកំណាយសិក្សាស្រាវជ្រាវនេះ ជាគម្រោងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីរៀបចំជួសជុល និងស្ដារប្រព័ន្ធផ្លូវទឹករបស់ស្ពានហាលខាងលិចនៃប្រាសាទបេងមាលា ឱ្យដំណើរការល្អឡើងវិញ ដើម្បីនាំយកទឹកតាមកសិន្ធុទៅបំពេញវាលផ្ទី ស្ថិតនៅខាងកើតប្រាសាទ(ជាសំណង់រក្សាទឹក សព្វថ្ងៃគេនិយមហៅ បារាយណ៍)។ 

លោក ខៀវ ច័ន្ទ បុរាណវិទូ ដែលគ្រប់គ្រងការដ្ឋាននៅប្រាសាទបេងមាលា បានឱ្យដឹងថា ការធ្វើកំណាយសង្គ្រោះនៅស្ពានហាលខាងលិចរបស់ប្រាសាទបេងមាលា ក្នុងបំណងស្វែងយល់ពីស្ថានភាពគ្រឹះ ស្ថានភាពបាតកសិន្ធុ និងដីកកក្រោមស្ពាន មុននឹងស្ដារដីកកនៅក្នុងរន្ធត្រដេវ និងកសិន្ធុចេញ ដើម្បីឱ្យទឹកបានហូរដូចដើមឡើងវិញ។

លោក ខៀវ ច័ន្ទ បានឱ្យដឹងថា គឺដើម្បីស្វែងយល់អំពីរចនាសម្ពន្ធស្ពាន និងការប្រើប្រាស់សម្ភារសំណង់ ថាតើដូចគ្នាទៅនឹងស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាដែរឬទេ? ម្យ៉ាងវិញទៀត កំណាយនេះ គឺដើម្បីជួយសង្គ្រោះថ្មសំណង់ជាច្រើនដូចជា ខ្លួននាគជាបង្កាន់ដៃស្ពាន ជើងសសរ និងធ្នឹមរបស់ស្ពានហាលខាងលិច ដែលបានរលុះធ្លាប់កប់ដីជាយូរឆ្នាំមកហើយនោះ យកទៅរៀបចំរក្សាទុកដាក់ឱ្យបានល្អ និងអាចជួសជុលឡើងវិញ ដើម្បីទុកប្រើប្រាស់មុននឹងយកទៅដាក់តាមទីតាំងដើមវិញ។

ក្នុងដំណើរការធ្វើកំណាយរយៈពេលជាង១ខែមកនេះ ក្រុមអ្នកជំនាញបានដឹងថា រចនាសម្ពន្ធ និងសម្ភារសំណង់របស់ស្ពានហាលខាងលិចនៃប្រាសាទបេងមាលា គឺធ្វើពីថ្មភក់ ហើយផ្លូវទឹកហូរក្រោមស្ពានហាលនេះ គ្មានកម្រាលធ្វើពីថ្មបាយក្រៀមទេ។ រចនាសម្ពន្ធរបស់ស្ពានហាលខាងលិចនេះ គឺខុសគ្នាពីរចនាសម្ពន្ធរបស់ស្ពានហាលខាងកើតប្រាសាទបេងមាលា ដែលរចនាសម្ពន្ធនោះមានកម្រាលក្រោមស្ពានជាពីរថ្មបាយក្រៀមមួយស្រាប់ក្រាលលើគ្រឹះខ្សាច់លាយថ្មភ្នំ៕

ដោយ៖ សូរិយា


ចែករំលែក៖