ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានទម្លាយនូវរឿងរ៉ាវអាថ៌កំបាំងជា ច្រើនទាក់ទងនឹងប្រវត្តិសាស្ត្រក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ និងគុណបំណាច់របស់ឥស្សរជនសំខាន់ៗ ដែលបានចូលរួមនៅក្នុងបុព្វហេតុកិច្ចការបម្រើជាតិ ។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់ឋានន្តរសក្តិនាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅទីស្តីការ គណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២១ ខែមីនា នេះ សម្តេចតេជោ ហ៊ុន សែន បាន មានប្រសាសន៍ថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ មានរឿងរ៉ាវជាច្រើន ដែលសម្តេច ជាតួ អង្គដ៏សំខាន់ ក្នុងការផ្សះផ្សាជាតិ បន្ទាប់ពីមានការញុះញង់ឱ្យមានការភាន់ច្រឡំរឿង បង្កើត តំបន់អបគមន៍ និងការតស៊ូមតិក្នុងកិច្ចប្រជុំនានា សំដៅ ឈានទៅបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ក៏ដូចជាការឈានទៅបង្កើតរដ្ឋធម្មនុញ្ញជាដើម ។
សម្តេចតេជោ បានបញ្ជាក់ថា ពេលនោះបើសិនភាគីដទៃ មិនយល់ ព្រមតាមគោល ការណ៍ឱ្យ គណបក្សប្រជាជនកម្ពុជា ចូលរួម២/៣អនុម័តរដ្ឋធម្មនុញ្ញទេ ពេលនោះរដ្ឋធម្មនុញ្ញ គឺអត់ចេញរួចរហូតមកដល់ សព្វថ្ងៃនេះទេ ។ រដ្ឋធម្មនុញ្ញ នៃរដ្ឋកម្ពុជា នៃការគ្រប់គ្រងតំបន់ដដែលត្រូវបន្ត។ ទោះជាយ៉ាងណា រឿងរ៉ាវជាច្រើនត្រូវបានដោះស្រាយ ។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានរំលឹកឱ្យដឹង នៅពេលមានរបាយការណ៍ព័ត៌មានចារកម្មថា អុី ឈាន ឃុបឃិតជាមួយតាម៉ុក នៅពេលនោះគឺ សម្ដេចពិជ័យសេនា ទៀ បាញ់ ជាអ្នកការពារប្តូរផ្តាច់ ចំពោះសុវត្ថិភាពរបស់លោក អុី ឈាន។ នៅពេលនោះ សម្ដេចតេជោ បានផ្ដល់ការជឿជាក់លើសម្ដេចពិជ័យសេនា ទៀ បាញ់ ហើយជាលទ្ធផលបានបង្ហាញឱ្យឃើញថា អុី ឈាន ជាអ្នកដេញវាយតាម៉ុក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមិនប្រាកដទេថា នយោបាយឈ្នះឈ្នះ អាចជោគជ័យឬអត់? ប្រសិនជាគ្មានសម្ដេចពិជ័យសេនា ទៀ បាញ់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា៖ «បើនិយាយពីនយោបាយឈ្នះឈ្នះ ខ្ញុំអាចនិយាបានថា ប្រសិនបើគ្មានសម្ដេចពិជ័យសេនា ទៀ បាញ់ទេ ខ្ញុំមិនប្រាកដថាតើវាជោគជ័យឬអត់? រឿងនេះវាសំខាន់ណាស់។ ព្រោះពេលនោះ គ្រាន់តែប្រភពចារកម្ម ផ្ដល់ព័ត៌មានមកធ្វើឱ្យយើងគ្រោះថ្នាក់ បាត់ទៅហើយ ប៉ុន្តែភាពនឹងនរបស់សម្ដេចពិជ័យ គឺទៅលើការវិភាគសភាពការណ៍។ ខ្ញុំលើកឧទាហរណ៍ ចារកម្មផ្ដល់ព័ត៌មានមក ផ្នែកចារកម្មយើងហ្នឹងតែម្ដង ផ្ដល់ព័ត៌មានថា អុី ឈាន កំពុងជួបតាម៉ុក នៅសណ្ឋាគារនេះ បន្ទប់ប៉ុណ្ណេះ អីប៉ុណ្ណេះ។ វាងាប់ អុី ឈាន បាត់ទៅហើយ! ហើយបើងាប់អាឈាន ទៅនរណាដឹកនាំប៉ៃលិន? ហើយបើប៉ៃលិន បះបោរផ្ដាច់ខ្លួនទៅជាមួយតាម៉ុក វិញ ដូចព័ត៌មាននោះ តើវាគ្រោះថ្នាក់ប៉ុណ្ណា? គ្រោះថ្នាក់ប៉ុណ្ណា? មិនមាន អុី ឈាន នៅវិមានសន្តិភាពនេះទេ។ មិនអញ្ចឹង?»។
សម្ដេចប្រមុខរដ្ឋស្ដីទី បានមានប្រសាសន៍បន្តថា៖ «អញ្ចឹង អុី ឈាន ត្រូវបានការពារដោយប្ដូរផ្ដាច់ដោយ សម្ដេចពិជ័យសេនា ហើយខ្ញុំគឺជឿសម្ដេចពិជ័យ។ ព្រោះព័ត៌មានចាក់ និយាយរួម ចាក់សម្លាប់ អុី ឈាន, សុខ ភាព ល្មមទេ ប៉ុន្តែ អុី ឈាន ទើបធ្ងន់។ អាហ្នឹងគឺ និយាយគ្នាឱ្យច្បាស់ ប្រសិនបើពេលនោះ យើងញោះទៅដោយការជឿទៅលើព័ត៌មានចារកម្ម ដែលទាក់ទងជាមួយនឹងការឃុបឃិតរបស់ អុី ឈាន ជាមួយនឹងតាម៉ុក ប៉ៃលិនមិនចាំបាច់ខ្មែរក្រហមវាយយកទៅវិញទេ គឺគ្រាន់តែបងប្អូនប៉ៃលិន មិនធ្វើសមាហរណកម្ម ឬក៏ងាកទៅរកខ្មែរក្រហមវិញ ក៏គ្រប់គ្រាន់ដើម្បីបំផ្លាញចោលនូវការខិតខំប្រឹងប្រែងរបស់យើងដែរ។ នោះហើយជាបញ្ហា ទាក់ទងជាមួយនឹងបញ្ហាការវិភាគនិងវាយតម្លៃសភាពការណ៍ យើងបានយល់ព្រមថា អុី ឈាន, សុខ ភាព ជាពិសេស អុី ឈាន ហ្នឹងហើយដែរជាអ្នកដេញវាយ តាម៉ុក, រឿងអី អុី ឈាន ទៅចរចារជាមួយ តាម៉ុក ទៅកើត? វាមិនអាចទៅរួចទេ! ជាបន្តបន្ទាប់គឺយើង បានធ្វើកិច្ចការដ៏ល្អជាមួយគ្នា»៕
ដោយ ៖ សិលា