ខេត្តក្រចេះ÷ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសបិទ និងទទួលស្វាគមន៍អ្នកហែលទឹកអន្តរជាតិ៥រូប បន្ទាប់ពីបញ្ចប់បេសកកម្មហែលទឹករយៈពេល៤ថ្ងៃនៃព្រឹត្តិការណ៍ «យុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ១២០គីឡូម៉ែត្រ ដើម្បីគាំទ្រសត្វផ្សោតកម្ពុជា» ។
កម្មវិធីមានការចូលរួមពីលោក គង់ គឹមនី អភិបាលរង ខេត្តក្រចេះ លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក ភួង ទីណា នាយរងអធិការដ្ឋានរដ្ឋបាលជលផលទន្លេមេគង្គ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលខេត្តក្រចេះ អាជ្ញាធរពាក់ព័ន្ធ មន្រ្តីជំនាញ លោក ចាប វិបុល នាយកអង្គការ WWF- កម្ពុជា លោក ស្រីបណ្ឌិត Frances Gulland តំណាងក្រុមអ្នក ជំនាញថនិកសត្វសមុទ្រ និងដៃគូអភិវឌ្ឍន៍ ក្រុមអ្នកហែលទឹកមកពីក្រៅប្រទេស និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
ថ្លែងនៅក្នុងអង្គពិធី កញ្ញាអនុរដ្ឋលេខាធិការ បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះក្រុមអ្នកហែលទឹកអន្តរជាតិ ដែលទទួលបានជោគជ័យ នៅក្នុងដំណើរហែលទឹកដ៏វែងឆ្ងាយ រហូតមកដល់គោលដៅជាស្ថាពរ និងដោយសុវត្ថិភាព។ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញាអនុរដ្ឋលេខាធិការសូមថ្លែងអំណរគុណ និងពិតជាមោទនភាពខ្លាំងចំពោះក្រុមអ្នកហែលទឹកអន្តរជាតិទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តនិងស្មារតីចូលរួមជួយផ្សព្វផ្សាយអំពីសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា។
កញ្ញាអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណផងដែរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមរៀបចំកម្មវិធីនេះ ដែលក្នុងនោះរួម មាន៖ អង្គការ WWF កម្ពុជា និងរដ្ឋបាលជលផល ដោយមានការគាំទ្រនិងសហការយ៉ាងពេញទំហឹងពីអាជ្ញាធរខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ឆ្លុះបញ្ចាំងពីសេចក្ដីស្រឡាញ់របស់យើងគ្រប់គ្នា ចំពោះទន្លេមេគង្គ និងសត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិ។
បើតាមកញ្ញាអនុរដ្ឋលេខាធិការ ដ្បិតតែយុទ្ធនាការហែលទឹកទន្លេមេគង្គបិទបញ្ចប់ដោយជោគជ័យ តែការការពារនិងអភិរក្សសត្វផ្សោតនៅកម្ពុជាមិនទាន់បញ្ចប់ទេ។ ក្រសួង អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ កំពុងបន្តរួមគ្នាបង្កើនសកម្មភាព និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ជុំវិញការអភិរក្សធនធានធម្មជាតិ និងសត្វផ្សោតទន្លេមេគង្គ ដើម្បីនិរន្ដរភាពធនធានធម្មជាតិ និងកំនើននៃចំនួនផ្សោតនៅកម្ពុជានាពេលអនាគត៕
ដោយ៖ សូរិយា