ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់របងព្រំដីឈានដល់ហិង្សាដោយប្អូនប្រុស យកដំបងឬស្សី វាយក្បាលបងស្រីបង្កើតរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ចាម៖ ផ្តើមចេញពីទំនាស់របងព្រំដីរហូតឈាន ដល់ការប្រើអំពើហិង្សា យ៉ាងឃោរឃៅ ពីសំណាក់ប្អូន ប្រុសម្នាក់ បានយកដំបងឬស្សី វាយក្បាលបងស្រីបង្កើតរបស់ខ្លួន យ៉ាងចាស់ដៃ រួចក៏រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ដ៏ឃោរឃៅនេះបានកើតឡើងកាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចដីភូមិមួយកន្លែង ស្ថិតនៅឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម បង្កដោយជនដៃដល់មានឈ្មោះ លន់ ធឿន ត្រូវជាប្អូន ប្រុសបង្កើតរបស់ស្ត្រីរងគ្រោះ។

ស្ត្រីដែលជាជនរងគ្រោះបានលើកឡើងថា មុនពេលកើតហេតុខ្លួនបានទៅសួរនាំ អំពីការធ្វើរបងថ្ម  ដែលបានរំលោភបំពានចូលមកក្នុងដីភូមិរបស់ខ្លួន។ ភ្លាមនោះប្អូនប្រុសបង្កើតចិត្តតិរច្ឆានរូបនោះ ពុំបានឆ្លើយតបអ្វីទាំងអស់ ស្រាប់តែទាញដំបងឬស្សីមកវាយកណ្តាលក្បាលបងស្រីបង្កើតយ៉ាងខ្លាំង។

ក្រោយបង្កហេតុរួចមក ជនដៃដល់ ឈ្មោះ លន់ ធឿន បានរត់គេចខ្លួនបាត់ស្រមោល សូម្បីតែដានជើងក៏រកមិនឃើញ។ ចំណែកស្រ្តីរងគ្រោះកំពុងតែប្រឈមនឹងជំងឺ ប្រព័ន្ធសរសៃប្រសាទអាចក្លាយជាមនុស្សរុក្ខជាតិ ដោយសារតែជនដៃដល់ ឈ្មោះ ធឿន យកដំបងឬស្សីវាយយ៉ាងចាស់ដៃចំកណ្តាលក្បាល។

ស្រ្តីរងគ្រោះស្នើសុំទៅលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមមេត្តាជួយស្រាវជ្រាវចាប់ខ្លួនជនដៃដល់ ឈ្មោះ ធឿន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផង៕

ដោយ៖ សូរិយា


ចែករំលែក៖