ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅប្រាសាទអង្គរវត្តមានភ្ញៀវចូលមកទស្សនាថ្ងៃរះចំកណ្តាលប្រាសាទចំនួនប្រមាណ ៣៧ ០០៣នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ៣ ៥០៣នាក់ និងភ្ញៀវខ្មែរចំនួន ៣៣ ៥០០នាក់ ដេីម្បីផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនៅអង្គរវត្ត ដែលព្រះអាទិត្យរះឡើងចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី។ នេះជាការបញ្ជាក់ពីរដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ។
សូមបញ្ជាក់ផងដែរថា ៖ រយៈពេលពីរថ្ងៃមានភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណ ៥៧ ៤៥៣នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ៧ ១០៣នាក់ និងភ្ញៀវខ្មែរចំនួន ៥០ ៣៥០នាក់។
សមរាត្រីអង្គរ ( Angkor Equinox ) គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កេីតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរ បន្សល់ទុកដល់មនុស្សជាតិបានឃេីញ និងយល់អំពីជំនឿ និងវិទ្យាសាស្ត្រពិត បង្កេីតបាននូវភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករមកទស្សនា និងផ្តិតយកអនុស្សាវរីយ៍ព្រះអាទិត្យរះចំកំពូលប្រាសាទព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត ។
ព្រឹត្តិការណ៍សមរាត្រី នឹងកើតមានឡើងពីរដងក្នុងមួយឆ្នាំ ដោយនៅរដូវប្រាំង ( Vernal Equinox ) ចាប់ពីថ្ងៃទី២០-២២ ខែមីនា និងរដូវវស្សា ( Autumnal Equinox ) ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ៕
ដោយ ៖ សុខ ខេមរា