ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់!បុរសម្នាក់ជានាយកមីក្រូហិរញ្ញវត្ថុ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់រវាងរថយន្តនិងរថយន្តនៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលគេស្គាល់ថា ជានាយកមីក្រូហិរញ្ញវត្ថុមួយ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់រវាងរថយន្តម៉ាកកាមរីហាយប្រ៊ីដ បុកជាមួយរថយន្តក្រុងទេសចរបញ្ច្រាសទិសគ្នា ពេញទំហឹងបង្កការភ្ញាក់ផ្អើលអ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់ នៅស្រុកស្វាយជ្រំ។

ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោ៦និង ៣០នាទីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ទិសដៅបញ្ច្រាសទិសគ្នាលើផ្លូវជាតិលេខ១  នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៨.១០៩ ត្រង់ចំណុចភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាម សមត្ថកិច្ចនគរបាល បានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះ ចិក វិមល អាយុ២៩ឆ្នាំមុខរបរ នាយកមីក្រូហិរញ្ញវត្ថុអម្រឹត មានទីលំនៅភូមិប្រហូត ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បើករថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីដ ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ២BN.៨១៩២ ខូចខាតធ្ងន់ធ្ងរ។

ប្រភពបន្តថា ចំណែករថយន្តក្រុងទេសចរពណ៌ក្រហម ស្លាកលេខភ្នំពេញ៣E.៣៩៧៧ អ្នកបើកបររថយន្តមានឈ្មោះឈុន កុនាល័ក្ខ ភេទប្រុស អាយុ៥៥ ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។

តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីដពណ៌ទឹកមាស ស្លាកលេខភ្នំពេញ២BN ៨១៩២ ដោយធ្វើដំណើពីទិសខាងកើត ទៅទិសខាងលិច មិនប្រកាន់ស្ដាំក៏បុកជាមួយ រថយន្តក្រុងទេសចរពណ៌ក្រហមពាក់ ស្លាកលេខភ្នំពេញ៣E ៣៩៧៧ ក្នុងទិសដៅបញ្រ្ចាសគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយ ស្លាប់នៅកន្លែងកើតហេតុ ។

រីឯអ្នកបើករថយន្តក្រុង ខូចខាងផ្នែកខាងមុខរថយន្តនិង អ្នករួមដំណើរជាមួយគ្មានរងរបួសនោះទេ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដោយសារតែ រថយន្តកាមរីហាយប្រ៊ីដបើកបរមិនប្រកាន់ស្ដាំ បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សាកសពទៅអោយក្រុមគ្រួសារយកទៅធើ្វបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងទាំងពីរគ្រឿង សមត្ថកិច្ចបានធ្វើការវាស់វែងនិង អូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖