ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់ប្រជាពលរដ្ឋ ពិសេសយុវជនរួមគ្នាការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរ ព្រោះវាជាតួនាទីរបស់យើងគ្រប់រូប

ចែករំលែក៖

ខេត្តសៀមរាប ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដោយមានការហការគាំទ្រពីរដ្ឋបាលខេត្ត និងស្ថាប័នផ្សេងៗទៀត បានរៀបចំពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនានេះ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីរំលឹកដល់គុណូបការៈដ៏ធំធេងរបស់បុព្វបុរសរបស់យើងដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏សំបូរបែបសម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើតនូវសេចក្តីស្រឡាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សា ការពារសម្បត្តិទាំងនេះឱ្យស្ថិតស្ថេរគង់វង្ស។

លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បង្ហាញថា ការរៀបចំទិវានេះឡើង គឺដើម្បីលើកកម្ពស់ស្មារតីប្រជាជន មហាជន ជាពិសេសយុវជនដែលជាអ្នកបន្តវេនឱ្យកាន់តែមានការយល់ដឹងពីតម្លៃនៃវប្បធម៌ដ៏សម្បូរណ៍បែបរបស់ដូនតាខ្លួនបានបន្សល់ទុកមក ហើយបានបន្តរស់រវើកប្រកបដោយសុខដុមភាព ដែលជាមូលដ្ឋានគ្រឹះនៃសេចក្តីស្រឡាញ់ មានសីលធម៌ គុណធម៌ និងការអភិវឌ្ឍ។ កន្លងមកមន្ទីរបានខិតខំផ្សព្វផ្សាយ និងអភិរក្ស ដើម្បីរក្សាការពារមិនឱ្យបាត់បង់នូវគ្រប់ទម្រង់រូបភាពនៃសិល្បៈវប្បធម៌ ការអភិវឌ្ឍច្នៃប្រឌិតបង្កើតសកម្មភាពផ្សព្វផ្សាយជាប់ជាប្រចាំ ទាំងវប្បធម៌រូបី និងអរូបី សំដៅរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌នៅក្នុងខេត្តសៀមរាប។ 

លោក លី សារី អភិបាលរងខេត្ត មានប្រសាសន៍ថា ការការពារថែរក្សានូវព្រលឹងអត្តសញ្ញាណ ពណ៌សម្បុរជាតិ និងសម្បត្តិបេតិកភណ្ឌវប្បធម៌ មិនអាចតែមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈឡើយ ព្រោះវាជាកាតព្វកិច្ចរួមរបស់ប្រជាជាតិយើងទាំងអស់គ្នា ដែលត្រូវរួមគ្នាអនុវត្តដោយឈរលើទិសស្លោក «កម្ពុជា ជាព្រះរាជាណាចក្រនៃវប្បធម៌ » «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ ពណ្ណរាយ ជាតិថ្កើនថ្កាន»។

លោក លី សារី បន្តថា សម្រាប់ការប្រារព្ធទិវាវប្បធម៌ជាតិនាពេលនេះ ជាឱកាសដ៏មានតម្លៃ ដើម្បីចូលរួមបំផុសនូវមនសិកាស្រឡាញ់ សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀតដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ក្នុងន័យនេះ សូមអំពាវនាវដល់ពលរដ្ឋ ជាពិសេសយុវជន ចូលរួមថែរក្សា និងលើកតម្លៃនូវមរតកវប្បធម៌ដែលដូនតាខ្មែរបានបន្សល់ទុករាប់ជំនាន់មកនេះ។

លោកអភិបាលងខេត្ត ក៏បានជំរុញដល់ភាគីពាក់ព័ន្ធលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍នៅក្នុងវិស័យសិល្បៈវប្បធម៌ ដោយប្រើបច្ចេកវិទ្យាឌីជីថល ព្រមជាមួយនឹងគំនិតផ្តួចផ្តើមថ្មីៗ ឈរលើមូលដ្ឋានអត្តសញ្ញាណជាតិ ដើម្បីបង្កើនភាពទាក់ទាញ និងផ្ដល់ភាពងាយស្រួលដល់ការចូលរួមក្នុងសកម្មភាពវប្បធម៌សម្រាប់សាធារណជនទូទៅ ជាពិសេសកុមារ យុវជន ស្ត្រី មនុស្សចាស់ និងជនមានពិការភាព ក្រោមទិសស្លោក សិល្បៈវប្បធម៌សម្រាប់យើងទាំងអស់គ្នា៕ 

ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប


ចែករំលែក៖