ប្រលោមលោកប្រចាំថ្ងៃសៅរ៍
– មិនអីទេប្រសិនបើប្អូនឯងមិនដែលស្គាល់នាងមែននោះ តែត្រូវដឹងថា ប្រសិនបើប្អូនឯងមានទាក់ទងនឹងបទល្មើសនេះសមត្ថកិច្ចមិនលើកលែងទោសឡើយ។ ក្រោយមេបញ្ជាការប៉ូលិសនិយាយដូច្នេះរួច ក៏នាំកូនចៅជិះម៉ូតូ និងរថយន្តដេញតាមរថយន្តសោមា ជាបន្តទៀត។
ករណីនេះធ្វើឲ្យ វិសាល ភ័យបុកពោះមិនស្ទើរ កាលបើឃើញសមត្ថកិច្ចចម្រុះដេញចាប់ សោមាយ៉ាងប្រផាប់ប្រភីង ។ តើសោមាមានកំហុសអ្វី ? នេះជាចម្ងល់ចាក់ស្រេះមួយទៀតមកលើកំលោះយើងក្នុងករណីដែល នាងជាប្អូនស្រីបង្កើតរបស់អតីតសង្សាររបស់គេត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួន។
ដោយយល់ថា សមត្ថកិច្ចមិនបានចាប់កំហុសវិសាលថាបានពាក់ព័ន្ធនឹងបទល្មើសអ្វីជាមួយសោមានោះ ពេលពេលសមត្ថកិច្ចចេញផុត វិសាល ដាច់ចិត្តចុចទូរសព្ទទៅកាន់ ភាវី អតីតសង្សាររបស់ខ្លួននៅក្រុងព្រះសីហនុ ដើម្បីប្រាប់ដំណឹងមិនល្អក្នុងរឿងនេះឱ្យនាងបានដឹងនិងមានវិធានការជួយប្អូន។
ទូរស័ព្ទបានរោទិ៍ជាច្រើនដងតែមិនឃើញ ភាវី លើកទទួលទាល់តែសោះ។ មួយសន្ទុះស្រាប់តែមានឮសំឡេងបុរសម្នាក់លើកទូរស័ព្ទនេះនិយាយឆ្លើយឆ្លងជាមួយ វិសាល ។
– នរណាមានការអី?
– បាទ! ខ្ញុំត្រូវជាមិត្តភ័ក្តិនិងម្ចាស់ទូរស័ព្ទនេះ ខ្ញុំចង់ជួបនាងតើបាទេ?
– លោកឯងមានការអី? ឬមួយមានទំនាក់ទំនងនឹងបទល្មើសនេះដែរ?
វិសាលធ្លាក់ថ្លើមក្តុក កាលបើឮសំឡេងបុរសនេះនិយាយពីរឿងពាក់ព័ន្ធនឹងបទល្មើស។ តើមានហេតុការណ៍អ្វីទៅ? តើបុរសដែលកាន់ទូរស័ព្ទឆ្លើយឆ្លងជាមួយគេនេះជានរណាទៅណ៎? ការពិតបុរសដែលឆ្លើយឆ្លងទូរស័ព្ទជាមួយវិសាលនេះគឺជាសមត្ថកិច្ចក្រសួងមហាផ្ទៃដែលចុះទៅបង្ក្រាបបទល្មើសអនឡាញ៍រកស៊ីខុសច្បាប់ និងប្រព្រឹត្តបទល្មើសចាប់មនុស្សជម្រិតយកលុយជាកន្លែងដែលភាវីធ្វើការជាមួយចិន។
វិសាលមិនអស់ចិត្ត ក៏និយាយទៅកាន់សមត្ថកិច្ចដោយទន់ភ្លន់ថា
– សុំទោស! លោកជាសមត្ថកិច្ចមែនទេ? តើអាចឱ្យខ្ញុំសុំនិយាយជាមួយម្ចាស់ទូរស័ព្ទបានទេ?
– មិនបានទេ សមត្ថកិច្ចកំពុងធ្វើការ សូមលោកឯងកុំរំខានសមត្ថកិបានទេ! (និយាយចប់សមត្ថកិច្ចក៏បិទទូរស័ព្ទលែងទំនាក់ទំនងបាន)
វិសាល កាន់តែមិនអស់ចិត្ត ត្បិតហេតុការណ៍នេះហាក់កើតឡើងផ្ទួនគ្នាជាមួយនឹងសោមាៅក្រុងភ្នំពេញដែលប៉ូលិសតាមចាប់ប្រផាប់ប្រភីង មុននេះបន្តិច។ សញ្ជឹងគិតមួយសន្ទុះ និងដោយចង់ដឹងរឿងពិត កំលោះយើងក៏ទាញទូរស័ព្ទបើកមើលព័ត៌មានក្នុង facebook ស្រាប់តែភ្ញាក់ខ្លួនព្រើត ពេលបានឃើញកម្លាំងសមត្ថកិច្ចចម្រុះមានកម្លាំងប៉ូលិស និងកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ឡោមព័ទ្ធអគារដ៏ធំស្គឹមស្កៃមួយនៅក្រុងព្រះសីហនុ និងបានឃាត់មនុស្សជិត ១០០ នាក់ក្នុងនោះភាគច្រើនជនជាតិចិន និងជនជាតិខ្មែរប្រមាណ 20% ប៉ុណ្ណោះ។ នៅក្នុង facebook ព័ត៌មានបានបញ្ជាក់ថា ” កម្លាំងចម្រុះក្រសួងមហាផ្ទៃ និងខេត្តព្រះសីហនុ រួមសហការគ្នាបង្ក្រាបបទល្មើសដ៏ធំមួយដែលមានថៅកែជនជាតិចិនរកស៊ីខុសច្បាប់តាមប្រព័ន្ធអនឡាញ៍ ក្នុងការធ្វើសកម្មភាពចាប់មនុស្សជម្រឹតយកលុយ។ សមត្ថកិច្ចបានឃាត់ខ្លួនមេក្លោង និងបុគ្គលិកពាក់ព័ន្ធជាង ៩០ នាក់ ហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ” ។
ដំណឹងនេះ ធ្វើឲ្យកំលោះវិសាល យកដៃញីក្បាលនឹកគិតដល់អតីតសង្សារដែលកំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងកន្លែងធ្វើការ រកស៊ីខុសច្បាប់ មួយកន្លែងនេះ។ កំលោះយើងនឹកគិតថា ឋានសួគ៌របស់ភាវីដែលមានប្ដីជាថៅកែចិន នៅពេលនេះក្លាយជាឋាននរកហើយ។ រូបគេមិនផ្ដន្ទាអតីតសង្សារដែលធ្លាក់ខ្លួនជាជនសង្ស័យពាក់ព័ន្ធក្នុងបទល្មើសចាប់ជម្រិតមនុស្សយកលុយ ព្រោះតែលោភលន់ចង់មានបានហួសហេតុនោះទេ តែអ្វីដែលកំលោះយើងមិនអស់ចិត្តគឺដោយសារតែព្រានប្រាក់(ថៅកែចិន)ដែលមានលុយបានមកពីជញ្ជក់ញើសឈាមអ្នកដទៃទើបធ្វើឲ្យអតីតសង្សារលក់វង្វេងនឹងលុយរហូតក្លាយជាអ្នកទោស។
បន្ទាប់មក។ វិសាល អូស facebook រំលងទៅបន្តិច ស្រាប់តែឃើញព័ត៌មានមួយមួយទៀត និយាយពីសកម្មភាពប៉ូលិសរាជធានីភ្នំពេញចាប់បានមេក្លោងជួញដូរគ្រឿងញៀនមួយសំបុក ហើយក្នុងនោះមានរូប សោមា ត្រូវបានគេបង្ហោះឲ្យឃើញប៉ូលិសចាប់ដាក់ខ្នោះ ជាមួយលោកឧកញ៉ាសម្បត្តិ ពាក់ព័ន្ធលោកឧកញ៉ារូបនេះយកនាងធ្វើជាស្រីកំណាន់ចិត្ត និងឱ្យនាងកាន់កាប់លុយបានមកពីជួញដូរគ្រឿងញៀន ។ ទឹកលុយដ៏ច្រើនសន្ធឹកសន្ធាប់បានពីប្រព្រឹត្តបទល្មើសខុសច្បាប់លក់គ្រឿងញៀននេះហើយ ដែលធ្វើឲ្យសោមា ឈ្លក់វង្វេងលែងស្គាល់បុណ្យបាប មិត្តភក្តិ បងប្អូន ជាពិសេសរូបគេដែលធ្លាប់ជួយនាងចេញពីប៉ុស្តិ៍ប៉ូលិសម្ដងជាពីរដងហើយនោះ។ តែយ៉ាងណាវិសាលគិតថា នេះចាត់ទុកជានាងជាប់អន្ទាក់ឧកញ៉ាមានលុយ ធ្វើឲ្យនាងភ្លើតភ្លើនភ្លេចខ្លួនតែម្តង។
គិតទៅ គ្រួសារពូ ពុត និងមីងចាន់នី ដែលមានកូនស្រីក្រមុំបរិសុទ្ធតែពីរនាក់សោះ គួរតែទទួលបានស្វាមីល្អ សំណាងល្អ និងមានសុភមង្គល តែនេះមិនគួរណាឈ្លក់វង្វេងនឹងលុយ មាសប្រាក់ ធ្វើឲ្យធ្លាក់ខ្លួនក្នុងភក់ជ្រាំដែលសង្គមស្អប់ខ្ពើមបែបនេះសោះ។(នៅមានត)