ភ្នំពេញ ៖ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៥ ក្រោមប្រធានបទ “ខ្ញុំរៀន ដូច្នេះខ្ញុំត្រូវធ្វើ! ការអប់រំកសាងពលរដ្ឋប្រកបដោយមនសិការ និងមានបំណិនក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងពិភពលោក ” (Je m’éduque, donc j’agis! L’éducation, fabrique de citoyens conscients et outillés pour relever les défis du monde) រួមជាមួយ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ អង្គទូត មន្ត្រីរាជការ គ្រូបង្រៀន និស្សិត និងសិស្សានុសិស្ស សរុបចំនួនប្រមាណជាង ១៦០០ នាក់។
ថ្លែងក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ តាមរយៈការប្រារព្ធទិវាអន្តរជាតិនេះ នូវការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជានិងសាមគ្គី ភាពយ៉ាងស៊ីជម្រៅជាមួយពិភពនៃភាសាបារាំង រួមជាមួយប្រជាជាតិចម្រុះជាតិសាសន៍ ជាពិសេសយុវជនជំនាន់ក្រោយ ដែលជាកម្លាំងចលករក្នុងការជំរុញការ អភិវឌ្ឍន៍ និងអនាគតនៃភាសាបារាំង។ ទន្ទឹមនឹងនេះ ភាសាបារាំងក៏ជាឧបករណ៍សម្រាប់ទទួល និងផ្សព្វ ផ្សាយចំណេះដឹង ការទំនាក់ទំនងរបស់មនុស្សជាតិ ការបើកឱកាសសម្រាប់សកលលោក រួមទាំងការផ្តល់ឱកាសដើម្បីផ្លាស់ប្តូរការគិត ការផ្សព្វផ្សាយ និងការកសាងអនាគតរួមគ្នាប្រកបដោយសាមគ្គីភាព សេរីភាព និងការគោរពគ្នាទៅវិញទៅមក។
បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចផងដែរថា កម្ពុជាមានមោទនភាពក្រៃលែងនៅលើឆាកអន្តរជាតិ តាមរយៈការគាំទ្ររបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលនេះជាព្រឹត្តិការណ៍អន្តរជាតិធំលើកទីពីរ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក្រោយរយៈពេលជិត ៣០ឆ្នាំ បន្ទាប់ ពីត្រូវបានរៀបចំឡើងជាលើកទី១ក្នុងឆ្នាំ ១៩៩៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ជាមួយគ្នានេះ លោកJacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនី គឺជាការបង្ហាញពីថាមពល ភាពច្នៃប្រឌិត ព្រមទាំងវប្បធម៌ដ៏សម្បូរបែប ផ្សារភ្ជាប់នឹងភាសាបារាំងតាមរយៈអក្សរសិល្ប៍ តន្ត្រី និងសិល្បៈយ៉ាងល្អឥតខ្ចោះ។ ការសិក្សាភាសាបារាំង គឺជាជម្រើសដ៏ប្រសើរមួយ ជាភាសាអនាគតសម្រាប់យុវជនក្នុងការ សិក្សាស្វែងយល់ឯកសារនានាជាភាសាបារាំង និងជាឱកាសសម្រាប់ពួកគេក្នុងការបន្តការសិក្សានៅតាមបណ្ដាប្រទេសហ្វ្រង់កូហ្វូន ក្នុងនោះនិស្សិតរាប់ពាន់នាក់បានបន្តការសិក្សាជំនាញឯកទេសផ្សេងៗ នៅប្រទេសបារាំងរួមមាន ផ្នែកវេជ្ជសាស្ត្រ ស្ថាបត្យកម្ម ច្បាប់ វិស្វកម្ម ភាសា ជាដើម។ ជាការពិតណាស់ ការប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនីនាឱកាសនេះ គឺជាការបង្ហាញឧត្តមភាពរបស់ប្រទេសកម្ពុជា ដែលនឹងត្រូវក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលខាងមុខ។ ជាថ្មីម្តងទៀត ឯកអគ្គរដ្ឋទូត បានគូស បញ្ជាក់បន្ថែមថា ហ្វ្រង់កូហ្វូនីផ្សារភ្ជាប់ទៅនឹងទំនាក់ ទំនងជាប្រវត្តិសាស្រ្តរួមគ្នានៃប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការនេះឱ្យបានរឹងមាំបន្តទៅទៀត។
គួរបញ្ជាក់ផងដែរថា ទិវាអន្តរជាតិហ្វ្រង់កូហ្វូនីត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងជាព្រឹតិ្តការណ៍ដ៏សំខាន់ក្នុងការបង្ហាញពីតួនាទីដ៏សំខាន់នៃភាសាបារាំងនៅកម្ពុជា ដោយសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដូចជា ស្ថានទូតបារាំងប្រចាំកម្ពុជា ទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រួមជាមួយគ្រឹះស្ថានសិក្សាប្រើប្រាស់ភាសាបារាំង តាមរយៈការសម្ដែងទស្សនីយភាពនានា រួមមាន៖ របាំប្រជាប្រិយ ចម្រៀងសម័យ និងការសម្ដែងរឿងខ្លី ជាភាសាបារាំង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ៕
ដោយ៖ សូរិយា