ព័ត៌មានទាន់ហេតុការណ៍៖

ការប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងលើកទី២៧ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្តេជ្ញា វិនិយោគ អនុវត្ត»

ចែករំលែក៖

ភ្នំពេញ៖ ក្រសួង​សុខាភិបាល​កម្ពុជា​ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា​ ដោយទទួលបានការអនុញ្ញាតពីសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីម្សិលមិញនេះ​បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ មានការរៀបចំដោយ មជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន។

ការប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងនេះ មានគោលបំណងសំខាន់ៗ ដើម្បីផ្សព្វផ្សាយពាក្យគោល ក្រោមប្រធានបទ៖ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្តេជ្ញា វិនិយោគ អនុវត្ត» (Yes! We Can End TB: Commit, Invest, Deliver) ដើម្បីឱ្យប្រជាជនគ្រប់រូប យល់ដឹងពីអត្ថន័យដ៏មានសារៈសំខាន់ និងចូលរួមទាំងអស់គ្នាក្នុងការប្រយុទ្ធនឹងជំងឺរបេង បន្តជំរុញយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឱ្យបានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹង ការយកចិត្តទុកដាក់លើការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់អំពីទំហំនៃបញ្ហា និងផលវិបាក នៃជំងឺរបេងសំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី​រដ្ឋលេខាធិការ បានអានសារលិខិតទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលគូសបញ្ជាក់ពីភាពជោគជ័យរបស់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺរបេង អស់រយៈពេល ២០ឆ្នាំកន្លងមកនេះ។ ក្នុងនោះដែរ សម្តេច បានរំលេចនូវខ្លឹមសារសំខាន់ៗទាំង ៤ ចំណុច៖

១) បង្កើនល្បឿនអនុវត្តការងារប្រយុទ្ធជំងឺរបេង តាមផែនការជាតិ និងសកលលោក។

២) ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការស្រាវជ្រាវស្វែងរកជំងឺរបេង រាប់បញ្ចូលទាំងសកម្មភាពស្រាវជ្រាវរកជំងឺរបេងប្រកបដោយស្មារតីបុរេសកម្មនៅតាមសហគមន៍ និងទីកន្លែងសាធារណៈនានា។

៣) បន្តថែរក្សាឱ្យបានខ្ពស់នូវអត្រាព្យាបាលជោគជ័យនៃជំងឺរបេង លើសពី៩០%។

៤) ខិតខំកៀរគរធនធានបន្ថែមទៀត សម្រាប់បម្រើឱ្យការងារប្រយុទ្ធជំងឺរបេង។

ក្នុងការប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងនេះ ក៏មានការចូលរួមពី លោក លោកស្រី​ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ជាថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ រួមទាំងអង្គការដៃគូ អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងសិស្ស និសិ្សត ដែលសរុបចំនួនប្រមាណ ៤០០នាក់៕

ដោយ​៖ តារា​


ចែករំលែក៖