ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០២៥នេះ បានបើកយុទ្ធនាការ គ្រប់គ្រាន់ ដើមី្បកុមារកម្ពុជា ទទួលបានជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ ព្រមទាំងផ្សព្វផ្សាយពីផលិតផលត្រីកែច្នៃ និង ផលិតផលកសិកម្មក្នុងស្រុក ដែលបានប្រារព្វធ្វើឡើងនៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ លោក ភឹង ចិន្តារ៉េត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោ ភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងលោក ជេនេស អ៊ីម៉ានូអែល ហ្គីនទីញ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីអស់លោក លោកស្រី ជាសមាជិកក្រុមការងារដឹកនាំសម្របសម្រួល វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាប អាជ្ញាធរក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពអ្នកពាក់ព័ន្ធ ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត អង្គការដៃគូ ប្រមាណជាង ៥០០នាក់ចូលរួម ។
លោក លី សារី អភិបាលរងខេត្ត ក្នុងនាមរដ្ឋបាលខេត្តសៀមរាប បានគាំទ្រ និងផ្ដល់កិច្ចសហការដល់អង្គការទស្សនៈពិភពលោក ដើម្បីរៀបចំពិធីសម្ពោធយុទ្ធនាការគ្រប់គ្រាន់ ក្រោមពាក្យស្លោក ជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ ដល់កុមារទូទាំងប្រទេសកម្ពុជានេះឡើង ដើម្បីអំពាវនាវឲ្យមានការវិនិយោគ ភាពជាម្ចាស់ និងការប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធ ដើម្បីកែលម្អរបបអាហារដែលមានសុខភាព ជម្រុញការប្ដេជ្ញាចិត្ត ក្នុងចំណោមភាគីពាក់ព័ន្ធនានា ក្នុងការអនុវត្តយុទ្ធសាស្ត្រសន្តិសុខភាពស្បៀងជាតិឆ្នាំ២០២៤-២០២៨ ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយស្តី អំពីសុវត្ថិភាពចំណីអាហារ របបអាហារដែលមានសុខភាពល្អ ការជ្រើសរើសអាហារ និងទម្លាប់នៃការបរិភោគឲ្យបានសមស្របដូចជាបន្លែបៃតង ដែលជួយផ្ដល់អាហារូបត្ថម្ភដល់កុមារយ៉ាងខ្លាំងផងដែរ។ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា តាមការព្យាករណ៍ ការកើនឡើងនៃតម្លៃអាហារ ១០% នៅឆ្នាំ២០៣០ និង ២០% នៅឆ្នាំ២០៥០ ដោយសារការកើនឡើងនៃ ថ្លៃដើមធាតុចូលកសិកម្ម វិបត្តិហិរញ្ញវត្ថុសកល សង្គ្រាម និងការប្រែប្រួលអាកាសធាតុដែលអាចធ្វើឲ្យប្រជាជន ដែលងាយរងគ្រោះអាចជួបការលំបាកកាន់តែខ្លាំង ក្នុងការទទួលបានអាហារដែលមានជីវជាតិ។ កត្តាទាំងនេះ រួមចំណែកដល់អសន្តិសុខស្បៀង និងគម្រាមកំហែងដល់ស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសស្ត្រី និងកុមារ។ លោកបានបន្តទៀតថា ការដោះស្រាយបញ្ហាប្រឈម អសន្តិសុខស្បៀង និងស្ថានភាពអាហារូបត្ថម្ភ តម្រូវឲ្យមានវិធីសាស្ត្រ មានលក្ខណៈចម្រុះ និងបរិយាបន្ន តាមរយៈការលើកកម្ពស់ភាពចម្រុះនៃរបបអាហារ ការធ្វើឲ្យប្រសើរឡើងនូវ លទ្ធភាពទទួលបានអាហារដែលមានជីវជាតិ ការធ្វើពិពិធកម្មកសិកម្ម និងការអនុវត្តគោលនយោបាយដែលកាត់ បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើការធ្វើផលិតកម្ម និងតម្លៃម្ហូបអាហារ។
ដើម្បីឆ្លើយតបបញ្ហាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំ និងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានថ្លែងនៅឱកាសទិវាអាហារូបត្ថម្ភជាតិលើកទី១១ កាលពី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ដែលមានខ្លឹមសារសំខាន់ៗ គឺ ត្រូវចលនាប្រជាពលរដ្ឋឲ្យដាំដុះនិងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ តាមសហគមន៍ និង តាមសាលារៀន ដើម្បីបង្កើនភាពមានស្បៀងឲ្យបានគ្រប់គ្រាន់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងធានាឲ្យមានប្រភពស្បៀងអាហារចម្រុះមុខច្រើនជាងមុន ដើម្បីបរិភោគ រួមមានគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ដែលសម្បូរទៅដោយសារជាតិចិញ្ចឹម និងបរិភោគទឹកមានសុវត្ថិភាព និងប្រតិបត្តិ អនាម័យ ដើម្បីទទួល បានអាហារូបត្ថម្ភ និងមានសុខភាពល្អ ជាពិសេសត្រូវបង្កើនចលនាយុវជនយល់ដឹងពី របៀបធ្វើម្ហូបអាហារខ្មែរ និងលើកកម្ពស់ការបរិភោគអាហារចម្រុះបែបប្រពៃណីខ្មែរ ដោយប្រើប្រាស់អំបិលស្ករ ខ្លាញ់ និងសារធាតុបន្ថែម រសជាតិផ្សេងៗទៀតក្នុងកម្រិតសមល្មម និងគាំទ្រដល់អ្នកផលិតម្ហូបអាហារ ខ្មែរដែលសម្បូរសារជាតិ និងមាន សុវត្ថិភាព ៕
ដោយ ៖ សិលា