ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ខែមីនា ឆ្នាំ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ បានត្រួតពិនិត្យរថយន្ត១គ្រឿង ម៉ាក SSANGYONG ISTANA ពណ៌សម្បកឪឡឹក ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខ (ប្រើស្លាកលេខ២ផ្សេងគ្នា) ស្លាកលេខខាងមុខ-ភ្នំពេញ ២J-៤៧៨៧ និងស្លាកលេខខាងក្រោយ-តាកែវ ២C-៧៨១២។ ក្រុមការងារបានរកឃើញស៊ុតសត្វមាន់សរុបទាំងអស់ ២៥៣២០គ្រាប់។
នៅពេលក្រុមការងារស្នើសុំរថយន្តខាងលើឱ្យឈប់ ដើម្បីត្រួតពិនិត្យ ស្រាប់តែម្ចាស់រថយន្តមិនសហការនឹងបានបើករថយន្តរត់គេចពីការត្រួតពិនិត្យរបស់មន្ត្រីជំនាញ ចាប់តាំងពីចំណុចភ្លើងស្តុបបាគូរហូតដល់ខាងមុខបុរីភ្នំពេញថ្មី រ៉េឌាន ផាក លើផ្លូវ៣០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបក្រុមការងារអាចឃាត់រថយន្តខាងលើបាន។ ប៉ុន្តែក្នុង អំឡុងពេលដេញតាមរថយន្តជនសង្ស័យ រថយន្តរបស់ក្រុមការងារបានរងការខូចខាតនៅផ្នែកខាងក្រោយ(កាងក្រោយ) ទ្វារថយន្តខាងស្ដាំ និងក្បាលរថយន្តចំហៀងខាងស្ដាំ។
ក្រោយពិនិត្យជាក់ស្ដែង និងមានការសារភាពពីអ្នកបើក រថយន្តនឹងតំណាងម្ចាស់ ស៊ុតសត្វទាំងអស់នេះត្រូវបាននាំចូលមកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ។
ក្រុមការងារបាននាំយកវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ សូរិយា