ខេត្តព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនបានខ្វល់ទៅនឹងអ្នកដែលចាំតែរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាលនោះទេ តែរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបង្កើតសមិទ្ធផលថ្មីៗ ដែលជាប្រយោជន៍ជូនដល់សង្គមជាតិ និងប្រជាជនកម្ពុជា។
ថ្លែង ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសមិទ្ធផលនានានៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថា កុំខ្វល់នឹងអ្នកអង្គុយរិះគន់ តែត្រូវប្រឹងធ្វើឲ្យបង្កើតសមិទ្ធផលបានច្រើន។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បន្តថា បើគេចោទថា រាជរដ្ឋាភិបាលមិនបានធ្វើអីសោះ គឺយើងត្រូវសម្ពោធសមិទ្ធផលឲ្យបានច្រើន។ បើគេចោទថា រាជរដ្ឋាភិបាលអត់យកចិត្តទុកដាក់ទៅលើប្រជាជន គឺយើងដាក់ចេញកម្មវិធីជួយប្រជាពលរដ្ឋឲ្យបានច្រើន ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត និងការជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមរយៈការផ្តល់បណ្ណសមធម៌ និងបណ្ណ ប.ស.ស ជាដើម។ ជាពិសេសដោះស្រាយបញ្ហាដីធ្លីជូនដល់ប្រជាពលរដ្ឋ និងបង្កើតកម្មវិធីដល់ដីរបស់រដ្ឋជូនដល់ប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដទៀតផង។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការខិតខំបង្កើតសមិទ្ធផលថ្មីៗ និងដោះស្រាយបញ្ហាដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងនោះ គឺជាឆ្លើយតបយ៉ាងល្អបំផុតចំពោះក្រុមអ្នកអង្គុយរិះគន់យ៉ាងមានប្រសិទ្ធភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ការដឹកនាំប្រទេសជៀសមិនផុតពីការរិះគន់ទេនោះទេ គ្មានពីណាដែលគ្រប់គ្នាល្អឥតខ្ចោះ នឹងមានការគោរពស្រលាញ់នោះទេ ទស្សនៈវាខុសគ្នា ប៉ុន្តែអ្វីដែលសំខាន់គឺការធ្វើពិតប្រាកដ ទោះមានអ្នកថាអីក៏ថាចុះ តែអ្វីដែលយើងធ្វើ គឺធ្វើមិចឱ្យប្រជាពលរដ្ឋដែលនៅគៀកជាមួយយើងបានផលជាក់ស្តែង និងទទួលស្គាល់នូវអ្វីដែលយើងបានធ្វើ ដែលនេះហើយដែលខ្ញុំថាស្នេហ៍មិនឈ្នះស្និទ្ធនោះទេ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បើចង់ផ្ចាញ់អ្នកដែលថាឱ្យយើង គឺមានតែខិតខំធ្វើជាក់ស្តែងដើម្បីឱ្យបានមនុស្សរាប់ម៉ឺននាក់ជួយធ្វើជាសាក្សីឱ្យយើងបាន តែបើយើងរវល់តែតូចចិត្ត នឹងវាសនាតូចចិត្តនឹងគេដែលចេះតែថាឱ្យយើងនោះ គឺយើងមិនបានជោគជ័យនោះឡើយ ដូចនេះបើគេចង់និយាយអ្វីឱ្យគេនិយាយចុះ យើងមិនចាំបាច់ខ្វល់នោះទេ។
ជាមួយគ្នានោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រៀបធៀបអ្នកដែលចេះតែថាឱ្យសម្តេចនឹងមិនបានជួយអ្វីនោះ «ជាសំលេងរំខាន» ហើយសម្រាប់សំណើរ ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ «ជាសំលេងពិតប្រាកដ»ដូចនេះសម្តេចមិនចាំបាច់ស្តាប់សំលេងរំខាននោះទេ គឺស្តាប់តែសំលេងពិតប្រាកដបានហើយ។
ជាមួយគ្នានោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ដើម្បីឱ្យអ្នកថាសប្បាយចិត្ត ទាល់តែយើងអ្នកធ្វើនេះឈឺចិត្ត តែបើឱ្យថាគេហត់ និងឈឺចិត្តខ្លួនឯង គឺមានតែយើងកុំឈឺក្បាល ប៉ុន្តែយើងស្តាប់នូវការលើកពីបញ្ហាកង្វល់របស់ប្រជាពលរដ្ឋពិតប្រាកដ ហើយធ្វើជូនពួកគាត់ឱ្យបានជាសមិទ្ធផលជាក់ស្តែង។ សម្តេចបញ្ជាក់ដែរថា សម្តេចគ្មានពេលទៅឈឺចិត្តជាមួយអ្នកដែលចេះតែថានោះទេ មានតែពេលស្តាប់កង្វល់របស់ប្រជាពលរដ្ឋ និងតម្រូវការរបស់ពលរដ្ឋ និងខិតខំដោះស្រាយជូនប្រជាពលរដ្ឋ៕
ដោយ ៖ សិលា