ខេត្តព្រះសីហនុ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការប្រកួតប្រជែងក្នុងវិស័យអប់រំ មិនមែនដើម្បីបានតែពានរង្វាន់នោះទេ តែដើម្បីទទួលផលជាក់ស្តែងក្នុងការផលិតធនធានមនុស្ស ។ ក្នុងន័យនេះ សាលារៀន កាន់តែទទួលបានលទ្ធផលល្អ នោះធនធានមនុស្ស កាន់តែប្រកបដោយគុណភាព ទាំងគ្រូ និងសិស្ស ហើយធនធានមនុស្សនេះ នឹងចែកផលបន្ត។
សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍៖ សម្ភារៈបរិក្ខាប្រើប្រាស់ ទំនើបកម្មទៅមុខ តែនឹងថយចុះតាមពេលវេលា និងអាយុកាល នៃការប្រើប្រាស់ ទាំងគុណភាព និងបច្ចេកទេស តែធនធានមនុស្ស កាន់តែប្រើប្រាស់ កាន់តែល្អ និងរីកចម្រើន ហើយរីកដុះដាលបន្ថែម ។
សម្ដេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្តល់អាទិភាព ក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជាជំនាញបច្ចេកទេសសំខាន់សម្រាប់តម្រូវការក្នុងខេត្តផង និងសេដ្ឋកិច្ចជាតិផង ដោយផ្តោតលើកត្តាអាទិភាព ក្នុងការផ្តល់ជូនប្រជាជន៖ ១/ សុខភាពល្អ, ២/ មានចំណេះដឹង និង៣/ រកឱកាសការងារ ឬបង្កើតអាជីវកម្មផ្ទាល់ខ្លួន ពិសេស ធានាលំនឹងស្ថេរភាពសម្រាប់ជីវភាពរស់នៅ ។
បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា វិស័យអប់រំ ដែលរឹងមាំបាន អាស្រ័យលើកត្តា២ ៖
ទី១. វត្តមានគ្រូ ប្រកបដោយគុណភាព តាមរយៈការបង្កើននូវគុណវុឌ្ឍ ទាំងចំណេះទូទៅ និងចំណេះវិជ្ជាជីវៈ ដើម្បីធានានូវការអប់រំទទួលបានជោគជ័យ,។
ទី២. កត្តហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈ ដែលបម្រើដល់ការសិក្សាផ្ទាល់ និងកម្មវិធីសិក្សា ៕
ដោយ ៖ សិលា