ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុករមាសហែក រាល់ការដេញថ្លៃគម្រោងធ្វើផ្លូវមូលនិធិឃុំ សង្កាត់ត្រូវតែធ្វើជាសាធារណៈ ដើម្បីមានតម្លាភាពនិងលុបបំបាត់ឲ្យខាងតែបាន ចំពោះជនឆ្លៀតឱកាសចាំយកលុយទឹកតែ

ចែករំលែក៖

ខេត្តស្វាយរៀង៖​ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានថ្លែងថា រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ ត្រូវតែធ្វើឡើងជាសាធារណៈ មានតម្លាភាព និងលុបបំបាត់ឲ្យខាងតែបាន ចំពោះជនឆ្លៀតឱកាសចាំយកលុយទឹកតែ។

ការថ្លែងបែបនេះរបស់លោកអភិបាលស្រុក ធ្វើឡើងនាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងពិធីបើកដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ ឆ្នាំ២០២៥ ចំនួន៣ឃុំ មានដូចជា  ឃុំគគីរ មាន២គម្រោង សាងសង់សាលារៀន ១ខ្នង មាន៣បន្ទប់និងបំពាក់គ្រឿងសង្ហារឹមនិងដាក់ស្លាកសញ្ញាគម្រោង។

កែលម្អផ្លូវដីក្រាលថ្មបំបេកដែលមានប្រវែង ១ ៤៥៨ម៉ែត្រ ដាក់លូ២កន្លែង។

ឃុំត្រស់ កែលម្អ ផ្លូវដីក្រាលថ្មបំបែកប្រវែង១ ៤៣៨ម៉ែត្រ ទទឹងផ្លូវថ្មបំបែក៦ម៉ែត្រ ដាក់លូ២កន្លែង និងដាក់ស្លាកសញ្ញាគម្រោង។

ឃុំអំពិល ជួសជុលផ្លូវ ដីក្រាលថ្មបំបែកប្រវែង ៣ ០២៨ម៉ែត្រទទឹង៥ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង ដោយប្រព្រឹត្តទៅសាលាឃុំអំពិល ស្រុករមាសហែកខេត្តស្វាយរៀង។

លោក អភិបាលស្រុករមាសហែក បានស្នើឲ្យតំណាងក្រុមហ៊ុនទទួលការទាំងអស់ ដែលចូលរួមក្នុងការដេញថ្លៃ សូមដេញថ្លៃដោយសេរី និងយុត្តិធម៌ ជៀសវាងការឃុបឃិតគ្នាក្នុងរូបភាពណាមួយជាដាច់ខាត ព្រោះនេះជាកញ្ចប់ថវិកាសម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន ដូច្នេះការដេញថ្លៃត្រូវឲ្យមានតម្លាភាព និងការសាងសង់ផ្លូវ ធ្វើឲ្យត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេស។

លោកបានសង្កត់ធ្ងន់ថា ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើងជាសាធារណៈនៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីឲ្យមានតម្លាភាព និងជៀសវាងជាដាច់ខាតនូវភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរការនីតិវិធីដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់ឲ្យខាងតែបាន ចំពោះជនឆ្លៀតឱកាសចាំយកលុយទឹកតែ។ ដោយឡែកអ្នកទទួលការដែលឈ្នះក្នុងការដេញថ្លៃ ត្រូវគោរពឲ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌ បច្ចេកទេស និងរយៈពេលកំណត់នៃកិច្ចសន្យា។

លោក អភិបាលស្រុក បានបន្ថែមថា ចំពោះអាជ្ញាធរឃុំ ទាំង១៦ក្នុងស្រុករមាសហែក ត្រូវពង្រឹងភាពទទួលខុសត្រូវ នៃការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់បន្ថែមទៀត លើភាពជោគជ័យជាបន្តបន្ទាប់ ដែលសម្រេចបាននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះប្រជាពលរដ្ឋមានសិទ្ធិចូលរួមដឹងឮ រាល់កិច្ចការងារអភិវឌ្ឍន៍គម្រោងអ្វីមួយនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

បន្ទាប់មក នៅព្រឹកថ្ងៃដដែល នេះដែរ លោក ស៊ូម៉ុល អភិបាលស្រុករមាសហែក ក៏បានបន្តចុះមើលការសាងសង់ព្រះវិហារចំនួន២វត្ត រួមមាន (ព្រះវិហារវត្តត្រពាំងចាស់ ស្ថិតនៅឃុំត្រស់ និងព្រះវិហារវត្តគគីរ ស្ថិតនៅឃុំគគីរ) និងបន្តមើលការស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទDBST ចាប់ពីចំណុចមណ្ឌលសុខភាពអំពិល ឃុំអំពិល ទៅឃុំគគីរ ទល់ព្រំដែនកម្ពុជា -វៀតណាម ជាង១១គីឡូម៉ែត្រ៕ដោយ​៖​ យឹម​ សុថាន


ចែករំលែក៖