ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យគណៈបញ្ជាការរាជធានី-ខេត្ត អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ត្រូវពង្រឹងការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនឹងចូលមកដល់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយឆ្នាំនេះយើងនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ទូទាំងប្រទេសឱ្យមានលក្ខណៈអធិកអធម ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីផង និងដើម្បីទាក់ទាញភ្ញៀវទេសចរផង។ ទន្ទឹមនេះ ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍នៅតាមមូលដ្ឋាន ដើម្បីត្រៀមខ្លួនដាក់ចេញនូវចំណាត់ការទប់ស្កាត់ ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព នូវរាល់សកម្មភាពប៉ុនប៉ងបង្កឱ្យមានចលាចល វឹកវរ និងអសន្តិសុខ ក្នុងសង្គម និងត្រូវយកចិត្តទុកដាក់ចំពោះការការពារសន្តិសុខ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់។
សម្តេចធិបតី បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវសហការជាមួយក្រុមហ៊ុនឯកជន និងអាជីវករ ក្នុងការរក្សាតម្លៃម្ហូបអាហារ ភេសជ្ជៈ និងសេវាឱ្យបានសមរម្យ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សម្តេចធិបតី បានរម្លឹកអំពីការឧបត្ថម្ភថវិកា ៥ម៉ឺនរៀល ជូនដល់មន្ត្រីរាជការសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី និងការរៀបចំរថយន្តក្រុងសាធារណៈជូនប្រជាពលរដ្ឋធ្វើដំណើរពីរាជធានីទៅតាមបណ្តាខេត្ត និងការវិលត្រឡប់ មកវិញ ដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ទី១៧ ខែមេសា ឆ្នាំ២០២៥។ តាមរយៈកម្មវិធីនេះ រាជរដ្ឋាភិបាលបានជួយសម្រាលបន្ទុកការចំណាយ ក្នុងការធ្វើដំណើររាប់លានដុល្លារជូនប្រជាពលរដ្ឋ។
សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួង-ស្ថាប័ន និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្ខណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានី-ខេត្ត ដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ប្រកបលទ្ធផលផ្លែផ្កាក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ ទោះជាយ៉ាងនេះក្តី បញ្ហានេះនៅតែបន្តកើតមាននៅឡើយ ដែលទាមទារឱ្យមានការចូលរួមបន្ថែមទៀតពីគ្រប់តួអង្គពាក់ព័ន្ធ។
សម្តេចធិបតី បានគូសបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាយន្តការបំពេញបន្ថែម និងមិនជំនួសយន្តការដែលមានស្រាប់នោះទេ ប៉ុន្តែវាគឺជាសហថាមពលដែលយើង ត្រូវបន្តអនុវត្តជាមួយគ្នា ដោយរួមគ្នាទប់ស្កាត់ និងបោសសម្អាតសកម្មភាពខុសច្បាប់ និងអ្នកប្រព្រឹត្តខុសច្បាប់ ក្នុងស្មារតីសហការគ្នាជានិច្ច។
សម្តេចធិបតី មានប្រសាសន៍ថា កន្លងទៅនេះ សម្តេច បានដាក់ចេញនូវអនុសាសន៍ណែនាំមួយចំនួន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមផ្ទាំងប៉ាណូនៅតាមទីសាធារណៈដោយត្រូវ កាត់បន្ថយការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈផ្ទាំងប៉ាណូធំៗឱ្យមកនៅត្រឹមតែ ៥០% នៃចំនួនផ្ទាំងប៉ាណូផ្សព្វផ្សាយ ផលិតផលគ្រឿងស្រវឹងសរុបនៅទូទាំងប្រទេស។ ជាមួយគ្នានេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ដែលមានក្រុមការងារអន្តរក្រសួងគ្រប់គ្រង ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងដឹកនាំដោយក្រសួងព័ត៌មាន និងដោយអនុវត្តតាមសេចក្តីណែនាំរបស់ ក្រសួងមហាផ្ទៃ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានសម្របសម្រួលនិងដោះស្រាយ ដោយទទួលបានលទ្ធផលល្អប្រសើរ។
សម្តេចធិបតី បានកត់សម្គាល់ថា សហរដ្ឋអាម៉េរិកបាននិងកំពុងខាតបង់ច្រើនលើការចំណាយនាំចូលទំនិញ ពីបណ្តាប្រទេសលើពិភពលោក ដែលឆ្លុះបញ្ចាំងតាមរយៈឱនភាពជញ្ជីងពាណិជ្ជកម្ម (Trade Deficits) ដូច្នេះហើយ បានជារដ្ឋបាលប្រធានាធិបតី ឯកឧត្តម ដូណាល់ ត្រាំ បានប្រកាសដាក់ចេញនូវអត្រាពន្ធនាំចូលឆ្លើយតប (Reciprocal Tariffs) លើបណ្តាប្រទេសដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្ម។ ជាក់ស្តែង កម្ពុជា ឡាវ និងវៀតណាម ត្រូវទទួលរងនូវអត្រាពន្ធនាំចូលក្នុងកម្រិត ៤៩%, ៤៨%, និង៤៦% រៀងគ្នា ដោយសារសហរដ្ឋ អាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មក្នុងកម្រិត ៩៧% ជាមួយកម្ពុជា ៩៥% ជាមួយឡាវ និង ៩០% ជាមួយ វៀតណាម។ ដូច្នេះ ការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះ មិនមែនជាការឆ្លើយតបទៅនឹងអត្រាពន្ធនាំចូលដែល ប្រទេសទាំងនោះបានដាក់លើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនោះទេ ហើយការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះ ទៀតសោត មានតែ ៥០% នៃអត្រាដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសទាំងនោះ តែប៉ុណ្ណោះ។
សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងចរចាជាមួយសហរដ្ឋអាម៉េរិកដើម្បីរកដំណោះស្រាយ សមស្របណាមួយ។ សម្តេចធិបតី បន្តថា បញ្ហានេះអាចបង្កផលប៉ះពាល់មួយចំនួនដោយចៀសមិនរួចមកលើកម្ពុជា ប៉ុន្តែវាមិនអាក្រក់ដូចអ្វីដែលអ្នកលេងបណ្តាញសង្គមមួយចំនួនខំប្រឹងស្រែកបំភ័យនោះឡើយ។ ក្នុងន័យនេះ សម្តេច បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ ស្ងប់ចិត្ត ហើយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ ៕
ដោយ ៖ សិលា