កាលពីថ្ងៃទី៧ ខែកញ្ញា ពលរដ្ឋស៊ីរី ២៩២នាក់ ដែលភៀសខ្លួនក្នុងទឹកដីទួរគីបានវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ខ្លួនវិញ ស្ថិតនៅស្រុក Jarablus ជិតព្រំដែន ប្រទេសទួរគី។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលទាហានរុស្ស៊ីបានវាយប្រហារតាមព្រំដែនរក្សាសន្តិសុខនៅទីនោះ។ នេះជារឿងដ៏ប្រសើរដែលទួរគីអាចកាត់បន្ថយជនភៀសខ្លួនស៊ីរីរស់នៅក្នុងប្រទេសរបស់ខ្លួនទៀតផង ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ស្រុក Jarablus ជាតំបន់ធ្លាប់ត្រូវបានកម្លាំងភេរវកម្ម IS គ្រប់គ្រងនាពេលកន្លងមក ។ ស្រុកខាងលើជាស្រុកដំបូងគេដែលទាហានទួរគី ដណ្តើមបានសិទ្ធិគ្រប់គ្រងក្រោយការវាយប្រហារដោយថ្មើរជើងកាលពីថ្ងៃទី២៤ ខែ សីហា ដើម្បីបោសម្អាតក្រុម IS និងក្រុមខ្មាន់កាំភ្លើងជនជាតិឃើដ។
មកទល់ពេលនេះទាហានទួរគីបានវាយប្រហារបណ្តេញក្រុមភេរវកម្ម IS ដកថយ ៩០គីឡូម៉ែត្រពីព្រំដែនទួរគី។ រដ្ឋាភិបាល ទីក្រុង Ankara ក៏បានបង្ហាញការគាំទ្រ
ដល់គំនិតផ្តួចផ្តើមរបស់អាមេរិកក្នុងការវាយប្រហារដណ្តើមគ្រប់គ្រងរដ្ឋធានីរបស់ក្រុម IS គឺ Raqqa ។
ការវាយប្រហារចូលក្នុងទឹកដីស៊ីរីកាន់តែជ្រៅរដ្ឋាភិបាលស៊ីរីកាន់តែព្រួយបារម្ភ ពីការបាត់បង់ទឹកដីកាន់តែច្រើនឡើងៗ ។ រដ្ឋាភិបាលស៊ីរីព្រួយបារម្ភខ្លាចទាហានទួរគីមិនដកចេញពីតំបន់ព្រំដែនដោយគ្រប់គ្រងនៅទីនោះជារៀងរហូត ហើយបង្កើតរដ្ឋាភិបាលថ្មីនៅតំបន់ស្វយ័តក្រោមឥទ្ធិពលរបស់ទួរគី។
សកម្មភាពរបស់ទួរគីស្របទៅនឹងផែនការB របស់អាមេរិកដែលបែកចេញទឹកដីស៊ីរីទៅជាតំបន់តូចៗគ្រប់គ្រងដោយមេដឹកនាំដែលមានភាពស្មោះត្រង់នឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ។
សារព័ត៌មាន Sputnik បានដកស្រង់សម្តីអ្នកឯកទេសពីសីុរីបញ្ជាក់ថា សកម្មភាព កន្លងមករបស់អាមេរិកនៅក្នុងប្រទេសស៊ីរី ជាផែនការ B ដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោកចន ឃើរី បានលើកឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦។
នៅក្នុងផែនការនោះទីក្រុងវ៉ាស៊ីនតោននឹងពិភាក្សាពីការបែងចេញស៊ីរីទៅជាតំបន់ស្វយ័តគ្រប់គ្រងដោយមេដឹកនាំស្មោះត្រង់ជាមួយទីក្រុងវ៉ាស៊ីនតោន ។ តំបន់ទាំងនោះកាត់ផ្តាច់ចេញពីរដ្ឋាភិបាលលោក
អាល់ អាសាដ ហើយក្រុមទាំងនោះនឹងមិនពិភាក្សាស្វែងរកសន្តិភាពជាមួយរដ្ឋាភិបាលស៊ីរីឡើយ។
ដើម្បីសម្រេចគោលដៅទាំងនោះទីក្រុងវ៉ាស៊ីនតោនបានខិតខំជួយដល់កម្លាំងសេរីស៊ីរីនិងក្រុមតូចៗជាច្រើនទៀតដែលប្រឆាំងនឹងរដ្ឋាភិបាលលោកអាល់ អាសាដ ក្នុងនោះមានទាំងក្រុម Turkomans ជាក្រុម បង្អូនអ៊ិស្លាមផងដែរ។
សកម្មភាពខាងលើក្រោយពេលដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានទទួលស្គល់ថាគម្រោងផ្តួលរំលំរដ្ឋាភិបាលលោកអាល់ អាសាដ បរាជ័យ ។ទាំងនោះហើយមានតែអបគមន៍ទឹកដីស៊ីរីប៉ុណ្ណោះ៕