ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសលោកមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលាដល់ចង្ក្រានបាយនៅស្រុកកំរៀងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្រ្ដីវ័យចំណាស់អាយុជាង៦០ឆ្នាំប្លាយម្នាក់ បានដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលស្ត្រីរងគ្រោះរូបនេះកំពុងធ្វើការងារនៅក្នុងចង្ក្រានបាយ ហើយត្រូវយុវជនបែកថ្នាំម្នាក់ដែលរស់នៅក្នុងភូមិជាមួយគ្នា ប្រើដាវយ៉ាងមុតចូលទៅកាប់តែម្ដងនៅភូមិស្វាយស ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

តាមការបញ្ជាក់ពីសាក្សីបានឱ្យដឹងថាស្ត្រីរងគ្រោះឈ្មោះ យុទ្ធ អាយុ៦៥ ឆ្នាំ ត្រូវជាភរិយារបស់លោកសឿន លឿត នាយកសាលាបឋមសិក្សាជលគីរី។ លោកនាយកនោះទៀតសោតកំពុងសម្រាកពីការងារដោយសារមានបញ្ហាលើសឈាមស្លាប់មួយចំហៀងខ្លួនគឺសម្រាកនៅនឹងផ្ទះកើតហេតុនោះតែម្ដង។

សាក្សីបានបន្តថា នៅមុនពេលកើតហេតុប្រហែលជាម៉ោង ៣ រសៀលថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៥ មានយុវជនម្នាក់ឈ្មោះ ចូច អាយុប្រហែលជាង ២០ ឆ្នាំ ត្រូវជាកូនលោកមេភូមិស្វាយស មានទីលំនៅទល់មុខផ្ទះជនរងគ្រោះ បានកាន់ដាវដើរចូលទៅដល់ផ្ទះលោក នាយកសាលានោះតែម្ដង ប៉ុន្តែដោយសារលោកកម្រើក ខ្លួនងើបមិនបានក៏បានធ្វើសញ្ញារាដៃ ហាក់ដូចជាធ្វើ សញ្ញាកុំឲ្យធ្វើបាបគាត់។ ភ្លាមៗនោះយុវជនបែកថ្នាំរូបនេះបានដើរបង្ហួសចូលទៅចង្រ្កានបាយ ហើយបានកាប់ទៅលើស្ត្រីដែលជាប្រពន្ធរបស់លោកនាយកសាលា ដោយគ្មានហេតុផលបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង រួចជនរូបនេះក៏បានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ធ្វើហាក់ដូចជាមិនដឹងរឿងអ្វីទាល់តែសោះ។

ក្រោយពីទទួលបានព័ត៌មាន មិនបានមួយម៉ោងផងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃាត់ខ្លួនយុវជនរូបនេះនៅនឹងផ្ទះតែម្ដង ព្រម ទាំងបានដកហូតវត្ថុតាងដាវមួយដើមហើយបាននាំខ្លួនទៅកាន់អធិការដ្ឋាន ដើម្បីអនុវត្តតាមផ្លូវច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖