ព័ត៌មានទាន់ហេតុការណ៍៖

“ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ គឺជាកត្តាដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់ភាពជោគជ័យរបស់បុគ្គល ក្រុម និងអង្គភាព”

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីសិក្សាតាមប្រព័ន្ធអនឡាញរយៈពេល៦សប្តាហ៍មក វគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៧» តម្រូវឱ្យសិក្ខាកាមទាំងអស់ត្រូវមកសិក្សាដោយផ្ទាល់នៅសាលាភូមិន្ទរដ្ឋបាល។ ដើម្បីចែករំលែកព័ត៌មានឆ្ពោះទៅកាន់ការបញ្ចប់វគ្គ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញសំណេះសំណាលជាមួយសិក្ខាកាម នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល។ ពិធីនេះប្រព្រឹត្តទៅនៅសហសាលសិក្សាសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និងនាយករង លោកគ្រូ អ្នកគ្រូបង្គោលនៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងសិក្ខាកាមជាន់ខ្ពស់ មានចំនួនសរុបប្រមាណ ៣០០នាក់។

 មានប្រសាសន៍ជារបាយការណ៍ លោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបានធ្វើបទបង្ហាញសង្ខេប ថាវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ត្រូវបានរៀបចំឡើងចំនួន៦ជំនាន់រួចមកហើយ ដែលវគ្គសិក្សាជំនាន់ទី១ ដល់ជំនាន់ទី៦ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោកដោយមានការគាំទ្រពីសហភាពអឺរ៉ុប និងស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា ដោយមានសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិ។ ចំពោះវគ្គបណ្តុះបណ្តាលជំនាន់ទី៧នេះ ត្រូវបានរៀបចំឡើងដោយក្រសួងមុខងារសាធារណៈធ្វើជាម្ចាស់ពេញលេញ ដែលមានសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិ និងអគ្គលេខាធិការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈជាអង្គភាពគាំទ្រ មានរយៈពេល៧សប្តាហ៍ (៦សប្តាហ៍សិក្សាតាមប្រព័ន្ធអនឡាញ និង១សប្តាហ៍សិក្សាផ្ទាល់នៅសាលាភូមិន្ទរដ្ឋបាល)។

 ក្រោយបានស្តាប់របាយការណ៍ លោក យក់ ប៊ុនណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់លើការសិក្សា និងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពរបស់សិក្ខាកាមជាន់ខ្ពស់ជំនាន់ទី៧។ “នេះជាការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនក្នុងការទទួលនូវបទពិសោធ ចំណេះដឹងល្អៗ ដើម្បីបម្រើស្ថាប័ន អង្គភាព និងជួយគាំទ្រចំពោះដំណើរការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។” លោកបន្តថា “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ គឺជាកត្តាដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់ភាពជោគជ័យរបស់បុគ្គល ក្រុម និងអង្គភាព។ ភាពជាអ្នកដឹកនាំដ៏រឹងមាំនឹងជំរុញទឹកចិត្ត បង្កើតចក្ខុវិស័យ និងដឹកនាំអង្គភាពឆ្ពោះទៅរកគោលដៅ ខណៈពេលដែលនវានុវត្តន៍ជំរុញការផ្លាស់ប្តូរ ការកែលម្អ និងការបង្កើតថ្មី។ ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍គឺត្រូវដើរទន្ទឹមគ្នា ព្រោះភាពជាអ្នកដឹកនាំបង្កើតបរិយាកាសល្អៗលើកទឹកចិត្តដល់នវានុវត្តន៍ ខណៈពេលដែលនវានុវត្តន៍ផ្តល់នូវឱកាសថ្មីៗសម្រាប់ភាពជាអ្នកដឹកនាំ»។”

 គួរជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖ (១)បង្កើនសមត្ថភាពយល់ដឹង (២)បង្កើនសមត្ថភាពក្នុងការបំពេញការងារ(៣)បង្កើនសមត្ថភាពគាំទ្រ។ សិក្ខាកាមទាំងអស់ដែលបានបញ្ចប់ការសិក្សា នឹងទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាដែលទទួលស្គាល់ដោយក្រសួងមុខងារសាធារណៈ៕

ដោយ ៖ សិលា


ចែករំលែក៖