ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានធ្វើការឃាត់ និងនាំយកម៉ូតូដែលបំពាក់អំពូលភ្លើងកែរច្នៃខុសលក្ខណៈបច្ចេកទេស និងបំពង់សុីមាំងឮសំឡេងខ្លាំងៗ មកធ្វើកិច្ចសន្យាអប់រំ និងឱ្យផ្លាស់ប្តូរចេញជាបន្ទាន់ នូវការបំពាក់បំពង់សុីមាំងដែលបង្កជាការរំខាន ដល់អ្នករួមដំណើរនៅលើដងផ្លូវ ក៏ដូចបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប ។
ជាមួយគ្នានោះដែលកម្លាំងសមត្ថកិច្ចក៏បានធ្វើការដកហូតនូវបំពង់សុីមាំងកែច្នៃដែលបង្កជាសំឡេងខ្លាំងៗ មកធ្វើការកិនកម្ទេចចោលដែលមានចំនួនសរុបចំនួន៣០០ដើម និងអំពូលភ្លើងកែរច្នៃមួយចំនួន ពិធីកម្ទេចនេះដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ៕
ដោយ៖ អរុណរះ