ចាស់ៗដែលជាឪពុកម្ដាយមួយចំនួនដឹងខ្លួនថានឹងត្រូវខ្មែរក្រហមយកទៅកសាង ក៏នាំគ្នារត់ចេញពីភូមិ។ ចាស់ៗមួយចំនួនទៀតត្រូវអង្គការយកទៅកសាងបាត់ដំណឹងសូមឈឹង។ ចំណែកពូសេង វិញត្រូវអង្គការចាប់ចងដៃព័ទ្ធមកក្រោយខ្នងដូចសមមិត្តដទៃទៀតដែរ រួចបណ្ដើរឆ្ពោះទៅមុខរណ្តៅដែលខ្មែរក្រហមជីករួចជាស្រេចនៅនៅភូមិក្រាំងត្រែង។ សមមិត្តនារី ១០ នាក់ដែលត្រូវខ្មែរក្រហមចោទថាជាខ្មាំង ត្រូវឈ្លបសម្លាប់ដោយយកកាំបិតត្នោតមកអារក រួចរុញទម្លាក់ចូលក្នុងរណ្ដៅ។ ប្រពន្ធរបស់ពូសេងខំលើកដៃសំពះអង្វរដល់ឈ្លបឱ្យមេត្តាទុកជីវិតឲ្យប្តី ព្រោះគាត់មិនមែនជាខ្មាំង ឬអ្នកចូលដៃជាមួយវៀតណាមឡើយ។ កងឈ្លបមិនខ្ចីខ្វល់នឹងសម្ដីប្រពន្ធពូសេងឡើយ។ កងឈ្លបបានចាប់ក្បាលទាញសក់របស់គាត់មកខាងក្រោយ រួចយកកាំបិតត្នោតមកអារក ហើយធាក់ទម្លាក់ចូលទៅក្នុងរណ្ដៅ។ ចំណែកឯមនុស្សប្រុសវិញឈ្លបសម្លាប់ដោយអារក ឬវាយនឹងត្បូងចប រួចរុញទម្លាក់ចូលក្នុងរណ្ដៅជាបន្តបន្ទាប់។ ពូសេងត្រូវអង្គការយកកាំបិតចំពុះទុងមកចាក់ករសម្លាប់គាត់។កងឈ្លបបានចាក់ពូសេងពីរកាំបិតហើយថែមទាំងចាក់ថែមពីរកាំបិតទៀតរួចរុញទម្លាក់ចូលក្នុងរណ្ដៅរួចមានមនុស្សប្រុសពីរនាក់ទៀតដែលកងឈ្លបសម្លាប់រួចរុញទម្លាក់ចូលក្នុងរណ្ដៅគរពីលើសាកសព ពូសេង។ កងឈ្លបនាំគ្នារាប់នឹងមើលឃើញថា ពួកគេបានសម្លាប់ប្រជាជនទាំងអស់នោះគ្រប់ចំនួន ២០នាក់តាមការណែនាំរបស់អង្គការហើយនោះ ក៏នៅចាំមើលខ្មោចថាតើខ្មាំងណាមិនទាន់ស្លាប់នឹងអាលចាក់សម្លាប់បន្ថែមទៀត។ពូសេងបានស្ដាប់ឮឈ្លបនិយាយគ្នា និងដឹងថាកងឈ្លបនៅចាំមើល គាត់មិនហ៊ានកម្រើកខ្លួននោះទេ។ ពូសេង ធ្វើពុតជាស្លាប់មិនហ៊ានដកដង្ហើមឡើយ។ លុះពេលឈ្លបនាំគ្នាទៅហូបបាយថ្ងៃត្រង់ ពូសេងប្រឹងត្រដររើបម្រះខ្លួនចេញពីគំនរសាកសពដែលសង្កត់ពីលើគាត់រួចប្រឹងវារឡើងឲ្យផុតពីរណ្ដៅទាំងក្តៅវេទនា។ គាត់អស់កម្លាំងងងឹតមុខ មើលអ្វីមិនឃើញ ប៉ុន្តែគាត់នៅតែប្រឹងដើរទៅមុខទៀត។ពូសេង បានដើរទៅបុកដើមត្នោតហើយដួលដេកក្នុងបន្លារពាក់ក្បែរគល់ត្នោតសន្លប់បាត់ស្មារតីភ្លាមៗ។ បន្ទាប់ពីដឹងខ្លួនវិញ ពូសេង ខំប្រឹងដើរបន្តសំដៅមកផ្ទះឪពុកម្ដាយរបស់គាត់ដោយគិតថាបើគាត់ស្លាប់សូមស្លាប់នៅក្នុងផ្ទះដែលមានឪពុកម្ដាយបានដឹងឮទៅចុះ។ គាត់បានដើរមកដល់ផ្ទះនៅពេលព្រលប់ព្រលប់ៗ។ តាយូ និងយាយអេម ដែលជាឪពុកម្ដាយរបស់គាត់ នៅពេលឃើញកូនក្នុងសភាពបែបនេះ មានអារម្មណ៍ស្លុតចិត្តជាខ្លាំង អរផង ភ័យផង ហើយបានឱ្យកូនចូលសម្រាកនៅផ្ទះ រួចយកទឹកឃ្មុំមកលាបពីលើមុខរបួសឲ្យ។ បន្ទាប់មកតាយូ និងយាយអេមយកអង្ក្រងបុកជាមួយអំបិលដាក់ចូលក្នុងក្រណាត់រំុព័ទ្ធពីលើមុខរបួសបន្ថែមទៀត។ លុះព្រឹកឡើងគាត់បាននាំកូនទៅលាក់បំពួននៅទួលព្រៃឫស្សីស្ថិតនៅខាងកើតភូមិ ហើយប្រាប់កូនកុំឲ្យចេញពីទួលព្រៃឫស្សីនោះឲ្យសោះ ព្រោះខ្លាចកងឈ្លបមករកឃើញ។ លុះព្រឹកឡើងតា និងយាយចេញទៅធ្វើការនៅក្នុងការដ្ឋានជីកប្រឡាយដូចសព្វដង។ តា និងយាយប្រឹងទប់អារម្មណ៍ឲ្យនៅធម្មតាធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។ គាត់ទាំងពីរខំលួចលាក់អាហារដែលជារបស់ខ្លួនយកទៅឲ្យកូនហូបនៅពេលយប់ រួចដាក់ថ្នាំលើមុខរបួសពូសេង។ ថ្នាំដែលយកមកព្យាបាលពូសេងគឺមានតែទឹកឃ្មុំ និងអង្ក្រងបុកជាមួយអំបិលតែប៉ុណ្ណោះ។ ពូសេងមិនហ៊ានចេញពីទួលព្រៃឫស្សីមកស្នាក់នៅជាមួយឪពុកម្ដាយរបស់គាត់ឡើយ។ គាត់ខំសម្ងំនៅទាំងយប់ទាំងថ្ងៃនៅទីនោះដើម្បីឲ្យជារបួសសិន។
នៅចុងខែមេសាឆ្នាំ ១៩៧៩ ក្រោយពីចប់កម្មវិធីចូលឆ្នាំថ្មីប្រពៃណីខ្មែររួច កងទ័ពវៀតណាមបានចូលមកតាមភូមិស្រុកវិញ។កងកម្លាំងខ្មែរក្រហមបាននាំគ្នារត់ចេញពីភូមិស្រុកលែងហ៊ានវិលត្រឡប់មកវិញ។ម្ដងនេះកងទ័ពវៀតណាមមិនដកទ័ពទៅវិញទេ។ តាយូ និងយាយអេមមានពេលវេលានៅមើលថែទាំកូនប្រុស និងបិតថ្នាំឫសឈើនានាដែលផ្សំដោយខ្លួនឯងលើស្នាមរបួសរបស់ពូសេងជាប្រចាំ។ពូសេងជាសះស្បើយតាំងពីពេលនោះមក។
ក្រោយមក ដោយឃើញប្រទេសទទួលបានសន្តិភាពតាយូ និងយាយអេម បានរៀបការឲ្យពូសេងជាមួយនឹងមីងរឿង។ បច្ចុប្បន្ននេះក្រុមគ្រួសាររបស់ពូសេងប្រកបមុខរបរធ្វើស្រែ និងចិញ្ចឹមសត្វដោយមានជីវភាពធូរធារ និងកំពុងរស់នៅក្នុងភូមិទួលចា ឃុំសំរោង ស្រុកសំរោងខេត្តតាកែវ។ (ចប់ដោយបរិបូណ៌)