ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានអញ្ជើញសូត្រមន្តនៅស្នាក់ការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដែលមានទីតាំងស្ថិតនៅអគារលេខ២៤០ វិថីឧកញ៉ាឈុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។
ពិធីនោះផងដែរក៏មានការនិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨។
ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានសូត្រមន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃយ៍ ដល់ព្រះសង្ឃ ចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និងសូមទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា សូមទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ ដើម្បីរួមចំណែកបំពេញភារកិច្ច ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូន ជាតិមាតុភូមិ និងប្រជាជន។
សម្តេចកិត្តិសង្គហបណ្ឌិតសម្តែងនូវសេចក្តីរីករាយ អំណរគុណចំពោះសាមគ្គីភាពជាធ្លុង មួយរវាងថ្នាក់ដឹកនាំ និង មន្រ្តីនៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ក្នុងការបំពេញ ភារកិច្ចជាបន្តបន្ទាប់ ហើយដែលស្តែងចេញ តាមរយៈតំណាងនៃការអញ្ជើញ ចូលរួមក្នុងពិធី សូត្រមន្ត បង្សុកូល ឧទ្ទិសកុសល និងបានរៀបចំពិធីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ៕
ដោយ៖ សូរិយា