ភ្នំពេញ៖ អគ្គាធិការដ្ឋាននៃក្រសួងមុខងារសាធារណៈ រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធការងារពាក់ព័ន្ធនឹងការងារអធិការកិច្ចមុខងារសាធារណៈ និងការពិនិត្យវាយតម្លៃសេវាសាធារណៈនៃអង្គភាពផ្តល់សេវា ដល់មន្រ្តីរាជការនៃអគ្គាធិការដ្ឋាន រយៈពេលចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដល់មន្ត្រីរាជការទាំងអស់នៃអគ្គាធិការដ្ឋាន នៅសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាពរបស់ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ក្នុងពិធីបើក និងឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ សម្រាប់ពិធីបិទ។
សិក្ខាសាលាចែករំលែកបទពិសោធនេះ មានបទបង្ហាញចំនួន៧គឺ៖ (១)គោលនយោបាយសាធារណៈ និងអភិបាលកិច្ចល្អសម្រាប់មន្រ្តីរាជការកម្ពុជា (២)រំហូរការងារផ្ទៃក្នុងអគ្គាធិការដ្ឋាន (៣)នីតិវិធីនៃការប្រមូលទិន្នន័យ និងលទ្ធផលស្តីពីការពង្រឹប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងតម្រូវការឧបករណ៍ សម្ភារ ជំនួយបច្ចេកទេស ពាក់ព័ន្ធនឹងការគ្រប់គ្រងវត្តមានមន្រ្តីនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ (៤)ការរៀបចំនីតិវិធី និងរំហូរការដោះស្រាយទំនាស់ពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈ (៥)នីតិវិធីនៃការចូលនិវត្តន៍របស់មន្រ្តីរាជការស៊ីវិល (៦)ការវិភាគទិន្នន័យតាមកម្មវិធី Microsoft Excel ៧)វិធីសាស្រ្តនៃការពិនិត្យគុណភាពសេវាសាធារណៈ។
នៅក្នុងរបាយការណ៍ ឯកឧត្តម សយ រាសី អគ្គាធិការ នៃអគ្គាធិការដ្ឋានបានលើកឡើងថាការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍នេះ មានគោលបំណង៖ ១)បង្កើនចំណេះដឹង និងអភិវឌ្ឍពង្រឹងសមត្ថភាពមន្រ្តីអធិការកិច្ចឱ្យកាន់តែប្រសើរ ២)ជំរុញការពិភាក្សា សិក្សាស្រាវជ្រាវ រៀនសូត្រ ស្វែងយល់ ដក់ពិសោធន៍ និងទទួលបានធាតុចូលបន្ថែមដើម្បីជាមូលដ្ឋានសម្រាប់ពង្រឹងការអនុវត្តការងារនៅអគ្គាធិការដ្ឋាន ៣)ចែករំលែកចំណេះដឹង បទពិសោធន៍ការងារ បំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដើម្បីជាមូលដ្ឋានសម្រាប់មន្រ្តីអគ្គាធិការដ្ឋានអនុវត្តការងារជាក់ស្តែងប្រកបដោយសមត្ថភាព ប្រសិទ្ធភាព ពាក់ព័ន្ធនឹងជំនាញ ពិនិត្យវាយតម្លៃសេវាសាធារណៈ និងការងារអធិការកិច្ចមុខងារសាធារណៈនៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ៤)របៀបរបបនៃការអនុវត្តការងារ ជំរុញការអនុវត្តដោយអនុលោមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ៥)ទទួលបានធាតុចូលបន្ថែមដើម្បីកសាងកែសម្រួល បច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តចាំបាច់មួួយចំនួន ៦)ឆ្លើយតបនឹងការអនុវត្តផែនការងាររបស់អគ្គាធិការដ្ឋាន។
ក្រោយបញ្ចប់សិក្ខាសាលានេះមន្រ្តីនៃអគ្គាធិការដ្ឋានទាំងអស់ ទទួលបាននូវចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ ដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែម ឱ្យការអនុវត្តការងារទទួលបានប្រសិទ្ធភាពខ្ពស់ មានសមិទ្ធកម្មការងារ និងចូលរួមជំរុញការអោនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្របតាមការវិវឌ្ឍ ទាំងថ្នាក់តំបន់ និងអន្តរជាតិ សម្រេចបានតាមគោលដៅរបស់អង្គភាព និងចក្ខុវិស័យរបស់ក្រសួង៕
ដោយ៖ សូរិយា