ខេត្តឧត្តរមានជ័យ៖ បន្ទាប់ពីលេចចេញនូវបាតុភាពអំពើពុករលួយកើតចេញពីមន្ត្រីបានយកលុយលើសកំណត់ ពីសៀវភៅ Border Passរួចមក លោក ផន គឹមកន ប្រធានត្រួតពិនិត្យច្រកទ្វារអូរស្មាច់ បានប្រាប់អ្នកកាសែតថា លោកទទួលស្គាល់ មន្ត្រីអន្តោប្រវេសន៍របស់លោក បានយកលុយថ្លៃសៀវភៅប័ណ្ណព្រំដែន (Border Pass) លើសក្នុងសៀវភៅបន្ទុក របស់ក្រសួងមហាផ្ទៃ ដែលបានកំណត់ពិតប្រាដកមែន។
លោកបានបន្តថា បញ្ហាទាំងនេះ លោកបានកោះហៅមន្ត្រីពាក់ព័ន្ធទាំងអស់ នៅប្រចាំច្រកទ្វារ មកប្រជុំក្នុង១ខែម្តង ដោយកំណត់ថា មិនឲ្យមន្រ្តីណាម្នាក់ ធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ចិត្តឡើយ ជាពិសេសមន្ត្រីអន្តោប្រវេសន៍នេះតែម្តង។
លោកបន្ថែមថា បញ្ហាថ្លៃសៀវភៅប័ណ្ណព្រំដែន (Border Pass) លោកក៏ធ្លាប់ទៅធ្វើដែរ ហើយត្រូវបានមន្ត្រីអន្តោប្រវេសន៍ យកតម្លៃ៤ម៉ឺនរៀល វាលើសសៀវភៅបន្ទុករបស់ក្រសួងមហាផ្ទៃទៅទៀត។
ពាក់ព័ន្ធបញ្ហានេះ លោក ខូង ទីន មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអូរស្មាច់ បានសារភាពទទួលស្គាល់និងគេចវេសពីការទទួលខុសត្រូវផង ដោយលោកប្រាប់អ្នកកាសែតថា «បញ្ហានេះវាមិនមានទេ ចំពោះការចោទថា មន្ត្រីអន្តោប្រវេសន៍ យកថ្លៃសៀវភៅប័ណ្ណព្រំដែន (Border Pass) មានតម្លៃ៥ម៉ឺនរៀល ៧ម៉ឺនរៀល គឺមិនមានទេ តែធ្លាប់មានដែរ គឺប្រជាពលរដ្ឋយើង គាត់ប្រញ៉ាប់បានពឹងពាក់ឲ្យបងប្អូនម៉ូតូឌុប ជាអ្នករត់ការនោះមាន១ម្តងគត់ តែមន្ត្រីបានដឹងទាន់ពេលវេលា ហើយឲ្យម៉ូតូឌុបនោះ ប្រគល់ថវិកាជូនទៅប្រជាពលរដ្ឋពឹងពាក់វិញទាំងអស់។
ដោយឡែកមជ្ឈដ្ឋាននានា បានខ្សឹបថា មន្ត្រីអន្តោប្រវេសន៍ច្រកអូរស្មាច់ បានយកលុយថ្លៃសៀវភៅ ប័ណ្ណព្រំដែន (Border Pass) សម្រាប់ប្រជាពលរដ្ឋមានទីលំនៅ ជាប់បន្ទាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ មន្ត្រីអន្តោប្រវេសន៍យកតម្លៃ១ក្បាល ថ្លៃ៥ម៉ឺនរៀល តែពលរដ្ឋរស់នៅខេត្តផ្សេងៗ យកតម្លៃ៧ម៉ឺនរៀលទៅ១០ម៉ឺនរៀល។ បើទោះជាករណីនេះត្រូវលាតត្រដាងក៏ដោយ មកទល់នឹងថ្ងៃនេះគេពុំទាន់ឃើញពីចំណាត់ការថ្នាក់លើនៅឡើយទេ អាចរក្សាទុកបុគ្គលពុករលួយ និងធ្វើអោយប៉ះពាល់កិត្តិយសអង្គភាពនេះបន្តដឹកនាំដដែល៕ សីលា