លោកHansi Flickគ្រូបង្វឹករបស់ក្លឹប Barcelonaបានប្រកាសថាខ្សែប្រយុទ្ធ Robert Lewandowskiបានជាសះស្បើយពីរបួសសរសៃពួរហើយអាចលេងបាល់បានប៉ុន្តែគាត់ត្រូវអង្គុយកៅអីបម្រុងសិនក្នុងការប្រកួត Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីររបស់ពួកគេនៅឯទឹកដី Inter Milan នៅថ្ងៃអង្គារនេះ។
ខ្សែប្រយុទ្ធប៉ូឡូញវ័យ៣៦ឆ្នាំដែលស៊ុតបាន៤០គ្រាប់ឲ្យ Barcelona ក្នុងគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះត្រូវអវត្តមានក្នុងការប្រកួត៤លើកចុងក្រោយរបស់ក្លឹបព្រោះមានរបួសកំឡុងពេល Barca យកឈ្នះ 4-3 ទល់នឹង Celta Vigo កាលពីថ្ងៃទី 19 ខែមេសា។
លោកFlick បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា “យើងបាននិយាយកាលពីម្សិលមិញ ហើយអ្វីគ្រប់យ៉ាងកំពុងដំណើរការល្អ ហើយ (Lewandowski) គឺមានភាពល្អប្រសើច្រើនដែលគាត់អាចចូលលេងបាន។”
ការវិលត្រឡប់របស់ Lewandowskiជាក្តីសង្ឃឹមដែលជំរុញ Barcelona ក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលមួយទសវត្សរ៍ពិសេសបន្ទាប់ពីលទ្ធផលស្មើ 3-3 ក្នុងជើងទីមួយ។
Barcelona កំពុងតាមប្រមាញ់យកពានបីក្នុងរដូវកាលនេះ ដោយពួកគេទើបតែឈ្នះពានអេស្ប៉ាញCup ហើយក៏កំពុងនាំមុខកំពូលតារាង LaLiga មាន៧៩ពិន្ទុ ដោយនាំមុខ Real Madrid ៤ពិន្ទុនិងអាចឈ្នះជើងឯក Champions League ទៀតផង៕
ដោយ៖ ភារៈ