ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នា៧ នាក់ជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូម៉ាកនិច ១ គ្រឿង ពីយុវជន១ក្រុមមានគ្នា៦នាក់ ជិះម៉ូតូ២ គ្រឿង ដែលឌុបគ្នាមកពីហូបអាហារមួយកន្លែងនៅម្តុំមុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង។
ហេតុការណ៍វាយប្លន់នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅផ្លូវបេតុង ខាងក្រោយវត្តសំរោងអណ្ដែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុពួកគេបានណាត់គ្នាទៅហូបអីនៅមុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងដោយពួកគេមានគ្នា៥នាក់មកពីម្តុំព្រែកលៀប ហើយមកយកគ្នាម្នាក់ទៀតនៅម្តុំអ៉ីអន២សរុបមានគ្នា ៦ នាក់ជិះម៉ូតូ២គ្រឿង ១គ្រឿងម៉ាកនិចនិង១គ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥។
ជនរងគ្រោះបានបន្តថា នៅមុនម៉ោងកើតហេតុ ពួកគេបាននាំគ្នាត្រឡប់មកវិញ ដោយជូនមិត្តម្នាក់ដែលស្នាក់នៅម្តុំអ៉ីអន២ ទៅផ្ទះវិញ។ ពេលមកដល់ផ្លូវបេតុងវត្តសំរោងអណ្ដែត ស្រាប់តែឃើញជនសង្ស័យ១ក្រុម មានគ្នា៧នាក់ ជិះម៉ូតូចំនួន ៣ គ្រឿង បានជិះដេញនិងកាក់ម៉ូតូពួកគាត់ ហើយស្រែកថា «ពួកឯងឌឺអី» ហើយក៏យកមួកសុវត្ថិភាពមកវាយ ព្រមទាំងយកដុំថ្មគប់ពួកគាត់ទាំង៣នាក់ដែលជិះលើម៉ូតូបណ្ដាលឲ្យដួលម៉ូតូ ហើយរត់ចោលម៉ូតូ។ ភ្លាមៗនោះជនសង្ស័យក៏បាននាំគ្នាលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្ដង។ ម៉ូតូដែលជនសង្ស័យប្លន់ម៉ាកនិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CS-1947។
ក្រោយពេលកើតហេតុ នគរបាលសង្កាត់គោកឃ្លាងបានមកដល់នាំជនរងគ្រោះយកទៅសួរនាំបន្តនៅប៉ុស្តិ៍នគរបាល ដើម្បីដាក់ពាក្យបណ្ដឹងតាមស្រាវជ្រាវរកជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕
ដោយ៖ សូរិយា