ព័ត៌មានទាន់ហេតុការណ៍៖

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចូលរួមថ្លែងសុន្ទរកថានៅក្នុងសន្និសីទ “មហាសមុទ្រយើងលើកទី៣” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងវ៉ាសុីនតោន សហរដ្ឋអាមេរិក

ចែករំលែក៖

សហរដ្ឋអាមេរិក ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចូលរួមថ្លែងសុន្ទរកថានៅក្នុងសន្និសីទ “មហាសមុទ្រយើងលើកទី៣” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងវ៉ាសុីនតោន សហរដ្ឋអាមេរិក។ លោកបានលើកឡើងនូវបញ្ហាប្រឈមចម្បងៗ ដែលមហាសមុទ្រពិភពលោកកំពុងជួបប្រទះ រួមមានការប្រែប្រួលអាកាសធាតុដែលបណ្តាលឱ្យរលាយទឹកកកនៅតំបន់ប៉ូល​និងមានកំណើនកម្ពស់នីវ៉ូទឹកសមុទ្រ​ អាសីុតកម្មទឹកសមុទ្រ​ ការបំពុលបរិស្ថានសមុទ្រ និងការបាត់បង់ធនធានជីវៈចម្រុះនៅក្នុងសមុទ្រនិងតំបន់ឆ្នេរ។ល។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់សុីជម្រៅក្នុងវិស័យបរិស្ថាន​ ដើម្បីលើកកម្ពស់កិច្ចគាំពារបរិស្ថាន​ ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ​ និងការអភិវឌ្ឍដោយចីរភាព​ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការធានាសុវត្ថិភាពសមុទ្រ​ និងតំបន់ឆ្នេរ ។

ជាក់ស្តែង​ រាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជា០១ នៅខែឧសភា​ ឆ្នាំ២០១២​ ការត្រួតពិនិត្យនិងវាយតម្លៃគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច ការបង្រ្កាបបទល្មើសព្រៃឈើ ការកែសម្រួលតួនាទីភារកិច្ចពាក់ព័ន្ធនឹងការងារអភិរក្សនិងអភិវឌ្ឍន៍ ការបង្កើតឧទ្យានសមុទ្រនិងតំបន់ការពារថ្មីៗនៅតាមតំបន់ឆ្នេរ ការពង្រឹងសមត្ថភាពស្ថាប័ន ការរៀបចំក្រមបរិស្ថាន ការរៀបចំយុទ្ធសាស្ត្រនិងផែនការសកម្មភាពបរិស្ថានជាតិ ការផ្ទេរមុខងារគ្រប់គ្រងបរិស្ថានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ការចូលជាសមាជិកនៃមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាននិងពិធីសារណាហ្គោយ៉ា ការកែលម្អប្រព័ន្ធចុះបញ្ជីនាវា និងការរៀបចំផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ល។

ទន្ទឹមនឹងនោះ​ លោកក៏បានអំពាវនាវឱ្យប្រទេសទាំងអស់នៅក្នុងពិភពលោកបង្កើនការប្តេជ្ញាចិត្តបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលទាំងនេះ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្តល់ហិរញ្ញប្បទាន​ និងការផ្ទេរបច្ចេកវិទ្យាដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ការបង្កើតយន្តការរួមគ្នាដើម្បីតាមដានការអនុវត្តច្បាប់ និងវឌ្ឍនភាពការងារ។

គួរបញ្ជាក់ថា សន្និសីទនេះមានអ្នកចូលរួមប្រមាណ៥០០ នាក់មកពីបណ្តាប្រទេសទូទាំងពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធ ហើយបានទទួលការស្វាគមន៍ពីឯកឧត្តម John Kerry រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក និងការថ្លែងសុន្ទរកថាគន្លឹះរបស់លោក Barack Obama ប្រធានាធិបតីសហរដ្ឋអាមេរិក ព្រមទាំងបទអន្តរាគមន៍និងបទបង្ហាញសំខាន់ៗពីតំណាងប្រទេស​ និងអង្គការ​ ក៏ដូចជាសកម្មជនបរិស្ថានជាច្រើនរូបទៀតផងដែរ។

នៅវេលាថ្ងៃត្រង់នេះដែរ​ លោករដ្ឋមន្ត្រី​ និងសមាជិកគណៈប្រតិភូក៏បានចូលរួមពិសារអាហារថ្ងៃត្រង់នៅទីស្នាក់ការកណ្តាលរបស់អង្គការអភិរក្សអន្តរជាតិ​ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នរដ្ឋាភិបាលសហរដ្ឋអាមេរិក​ និងអង្គការពាក់ព័ន្ធនានា​ ដែលនៅក្នុងឱកាសនោះ​ លោកបានជម្រាបជូនភ្ញៀវអំពីកិច្ចខិតខំប្រឹងប្រែងក៏ដូចជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងកិច្ចគាំពារបរិស្ថាន​ ការគ្រប់គ្រង​ធនធម្មជាតិ​ ការអភិរក្សជីវៈចម្រុះ​ និងការអភិវឌ្ឍដោយចីរភាព​ ហើយបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការល្អ​ និងការគាំទ្របន្ថែមទៀតពីដៃគូអភិវឌ្ឍន៍​ពាក់ព័ន្ធ ដើម្បីសម្រេចបានជោគជ័យនូវបេសកកម្មដ៏មានសារសំខាន់នេះ ៕​ ​ សហការី

img_5475

img_5474

img_5473

img_5472


ចែករំលែក៖