ភ្នំពេញ ៖ បន្ទាប់ពីប្រជុំបិទទ្វារ រយៈពេល១ម៉ោង នៅពេលនេះ ក្រុមការងារ គណៈកម្មាធិការកិច្ចការព្រំដែន កម្ពុជា ថៃ បានសម្រាកអាហារថ្ងៃត្រង់។ កិច្ចប្រជុំនឹងបន្តដំណេីរការនៅម៉ោង២រសៀល ជាបន្តទៀត ។
កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ សម្រាករយៈពេលខ្លី បំផុត !
សូមញ្ជាក់ថា ៖ បន្ទាប់ពីដំណើរការអស់រយៈពេល២ម៉ោង ពោលចាប់ពីម៉ោង១២ ដល់ម៉ោង២រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ បានសម្រាករយៈពេលខ្លី។ បើតាមសេចក្ដីរាយការណ៍ពីបន្ទប់ប្រជុំ កិច្ចប្រជុំគ្រោងនឹងចាប់ផ្ដើមវិញ ចម្លោះម៉ោង២កន្លះ ទៅម៉ោង៣រសៀល។
គួរជម្រាបថា កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ។
មុនដំណើរការកិច្ចប្រជុំនេះ ភាគីកម្ពុជា-ថៃ បានរៀបចំកិច្ចប្រជុំចង្អៀតមួយផងដែរ ហើយកិច្ចប្រជុំចង្អៀតនោះ មានអ្នកចូលរួមត្រឹម១០នាក់ប៉ុណ្ណោះ ដោយកម្ពុជាចំនួន៥នាក់ និងថៃចំនួន៥នាក់។ យ៉ាងណាមិញ លទ្ធផលនៃកិច្ចប្រជុំចង្អៀតនោះ មិនទាន់ត្រូវបានភាគីទាំង២នាក់បញ្ជាក់ឲ្យដឹងនៅឡើយទេ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ ថ្ងៃសៅរ៍ទី១៤ ខែមិថុនា ឆ្នាំ២០២៥ នេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិឲ្យបានជ្រាបថា បញ្ហាពីរដែលនឹងមិនត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំ JBC ថ្ងៃនេះគឺ ៖
១. បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នឹងមិនត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ JBC នេះទេ ព្រោះកម្ពុជាបានសម្រេចយកបញ្ហាព្រំដែននៅតំបន់ទាំងបួនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។
ភាគីកម្ពុជានៅរង់ចាំការបញ្ជាក់ជំហររបស់ភាគីថៃក្នុងកិច្ចប្រជុំ JBC ស្អែកនេះថា តើថៃនិងចូលរួមជាមួយកម្ពុជាក្នុងការយកបញ្ហានៅតំបន់ទាំងបួននេះទៅតុលាការយុត្តិធម៌អន្តរជាតិឬទេ? ខ្ញុំសូមបញ្ជាក់ជូនបងប្អូនរួមជាតិសារជាតិថ្មីថា បើទោះជាភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ កម្ពុជានឹងប្ដឹងជាឯកតោភាគីទៅ ICJ នៅតំបន់ទាំងបួននេះ ដោយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃអាទិត្យទី ១៥ មិថុនា ខានស្អែកនេះ។
២. បញ្ហាការបិទព្រំដែនក៏នឹងមិនត្រូវដាក់ជាកម្មវត្ថុក្នុងការពិភាក្សា ក្នុងកិច្ចប្រជុំ JBC ស្អែកនេះដែរ ម្យ៉ាងដោយសារការបិទឬបើកច្រកព្រំដែនមិនមែនជាសមត្ថកិច្ចរបស់ JBC ទេ។ ម្យ៉ាងទៀតគឺ បញ្ហាពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាកងទ័ពថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីកាលពីថ្ងៃទី៧ មិថុនាកន្លងទៅនេះ ធ្វើការបើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ។ កម្ពុជាមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងកម្ពុជាតាមព្រំដែនទេ។ ប៉ុន្តែកម្ពុជាក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដាក់ចេញនូវវិធានការនានាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងឬការដាក់សំពាធពីខាងក្រៅ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ ខ្ញុំសូមបញ្ជាក់ថា កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមបញ្ហានេះទេ។ ហេតុដូច្នេះកម្ពុជាក៏មិនត្រូវជាអ្នកដែលបញ្ចប់បញ្ហានេះមុនដែរ។ រឿងដែលកើតឡើងដោយឯកតោភាគី ត្រូវបញ្ចប់វិញដោយឯកតោភាគី។ មិនមានការចាំបាច់ចរចាគ្នានោះទេ។ អ្នកណាចាប់ផ្ដើមមុន អ្នកនោះបញ្ចប់មុនទៅជាការស្រេច ៕
ដោយ ៖ សិលា