ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងជាង៤០០គ្រឿង ចាំដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករខ្មែរមកពីថៃ នៅពេលមានបញ្ជាពីថ្នាក់លើមកភ្លាម

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងជាង ៤០០គ្រឿងរួចរាល់ហើយ ចាំដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករខ្មែរ មកពីប្រទេស ថៃ នៅពេលមានបញ្ជាពីថ្នាក់លើមកភ្លាម នេះតាមការបញ្ជាក់ឱ្យដឹងពី លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ  ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ នៅ រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។ 

       លោក ឃួង ស្រេង បានបញ្ជាក់ថា៖ យើងមានថ្នាក់ដឹកនាំយើងល្អ ពិតជាសំណាងយើងណាស់ ស្របពេលនេះយើងមានបញ្ហាព្រំដែនជាមួយថៃ សំរាប់អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងជាង៤០០គ្រឿងរួចហើយ ឱ្យតែរាជរដ្ឋាភិបាល មានបទបញ្ជា ឱ្យទៅដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករ ដែលត្រូវចេញដំណើរពីព្រំដែនថៃទៅស្រុកកំណើត យើងនឹងអនុវត្តតាមបទបញ្ជានេះ ភ្លាមៗ។ នេះជាការគិតគូ ពីសុខទុក្ខប្រជាពលរដ្ឋពី សំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់យើង មិនដូចជនអគតិមួយចំនួននោះទេ ។ 

    លោក ឃួង ស្រេង បានបញ្ជគ់ថា៖ ក្នុងនាមមន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវបំរើប្រជាពលរដ្ឋឱ្យបានល្អ ទាំងការបំរើសេវាជូនពួកគាត់ ដឹងសុខទុក្ខពួកគាត់ និងមើលថែទាំ ជួសជុលរចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានឱ្យបានល្អ ជាមួយនឹងការដឹកជញ្ជូនសំរាមផងដែរ ដូចជាលូ ផ្លូវជាដើម។

      ក្នុងនាមមន្ត្រីបក្សនៅថ្នាក់សង្កាត់ ត្រូវក្តាប់ព័ត៌មាននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់ លាស់ ដើម្បីយើងអាចជួយប្រជាពលរដ្ឋរបស់យើងនៅក្នុងមូលដ្ឋានបានលឿននិងទាន់ពេលវេលា។ ចំពោះអ្វីដែលជាកង្វល់របស់ប្រជាពល រដ្ឋ ហើយនៅថ្នាក់សង្កាត់ដោះស្រាយមិនបានត្រូវប្រញ៉ាប់រាយការណ៍មកថ្នាក់ខណ្ឌឬថ្នាក់រាជធានីភ្នំពេញភ្លាម។

   លោក ឃួង ស្រេង បានឱ្យលោកប្រធានភូមិទាំង៩ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ លើកពីចំណុចខ្លាំង ខ្សោយនិងទិសដៅខាងមុខនៅតាមភូមិនីមួយៗ សំដៅធ្វើយ៉ាងណាយកជ័យជំនៈក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ឱ្យបាន គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ទើបយើងអាចរក្សាសន្តិភាព និងរក្សាបូរណៈភាពទឹកដីពីចោរឈ្លានពានបាន។

     លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានលះបង់កំលាំងកាយ កំលាំងចិត្តរហូតធ្វើឱ្យគណបក្សប្រជា ជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតរហូតមក ៕

ដោយ ៖ សំរិត


ចែករំលែក៖