ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលក្រុងប៉ោយប៉ែត​ ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធគណនីហ្វេសប៊ុក ឈ្មោះ So phea បានធ្វើការផ្សាយផ្ទាល់ថា “មានការបាក់រលំអគារនៅមាត់អូរក្រុងប៉ោយប៉ែត” ដែលជាព័ត៌មានក្លែងក្លាយ !!!

ចែករំលែក៖

ក្រុងប៉ោយប៉ែត​៖​ រដ្ឋបាលក្រុងប៉ោយប៉ែត មានកិត្តិយសសូមជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មាន និងសាធារណជន ទាំងអស់ឱ្យបានជ្រាបថា នៅវេលាម៉ោង១៧:២០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នេះមានគណនីហ្វេសប៊ុក ឈ្មោះ So phea បានធ្វើការផ្សាយផ្ទាល់ថា “មានការបាក់រលំអគារនៅមាត់អូរក្រុងប៉ោយប៉ែត” ចំពោះការផ្សាយ របស់គណនីហ្វេសប៊ុកខាងលើនេះ រដ្ឋបាលក្រុងសូមធ្វើការជម្រាបជូនថា ពុំមានករណីបាក់អគារដូចការចុះផ្សាយ នេះឡើយ ករណីខាងលើនេះ គឺជាការវាយកំទេចចោលនូវអគារចាស់ របស់ក្រុមហ៊ុនPAPA ប៉ុន្តែដោយសារ ក្រុមជាងមានការធ្វេសប្រហែស មិនបានពិនិត្យលក្ខណៈបច្ចេកទេសត្រឹមត្រូវបណ្តាលឲ្យមានការបាក់ធ្លាក់ ផ្នែក ជញ្ជាំងខាងក្រោយនៃអគារប្រវែងប្រហែល ៣០ម៉ែត្រ ស្ថិតនៅចំណុចមាត់អូរ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ទទួលបានដំណឹងភ្លាមអាជ្ញាធរ និងសមត្ថកិច្ច បានចុះទៅដល់ទីតាំងខាងលើ និងបានពិនិត្យឃើញថា មានការធ្លាក់សង្កត់លើម៉ូតូ និងផាសអាប់ របស់ប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតម៉ូតូចំនួន ១១គ្រឿង និងផាសអាប់ ចំនួន ០២គ្រឿង និងមិនបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សនោះទេ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមអ្នកសារព័ត៌មាន និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ​៖ តារា​


ចែករំលែក៖