ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញនេះ បានចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ ជូនអាជ្ញាធរសាធារណៈពាក់ព័ន្ធ នៅខេត្តសៀមរាប ក្រោមកិច្ចចូលរួម ពីលោក ឃឹម ឧត្តម អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងគ្រប់គ្រងអាជ្ញាបណ្ណ តំណាង លោក រស់ ភីរុណ អគ្គលេខាធិការ នៃគណៈកម្មការ គ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី លោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លោក លោកស្រី ប្រតិភូអមដំណើរ នៃអគ្គនាយកដ្ឋានគណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា លោកស្នងការនគរបាលខេត្ត លោក មេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរ អង្គភាព លោក អធិការ នៃអធិការដ្ឋាននគរបាលក្រុង ស្រុក លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រុង ស្រុក លោកមេបញ្ជាការនៃមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក សរុបប្រមាណជាង ១០០នាក់ ចូលរួមផងដែរ។
បន្ទាប់ពីក្រុមការងារគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានធ្វើបទបង្ហាញស្តីពីការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទជូន សមាជិក សមាជិការ នៃអង្គប្រជុំផងដែរ។ រួចមកលោកអភិបាលរងខេត្តបានធ្វេីការកោតសរសើរដល់ អស់លោក លោកស្រី ជាស្នងការ ស្នងការរង មេបញ្ជា ការ មេបញ្ជាការរង នៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា អភិបាល ក្រុង ស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកយ៉ាងសកម្មផ្ដល់នូវការគាំទ្រចំពោះការខិតខំប្រឹងប្រែង រួមគ្នាក្នុងការបំពេញតួនាទី ភារកិច្ច ដើម្បីបម្រើដល់ បុព្វហេតុ នៃការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យរបស់ខេត្ដ។
លោកអភិបាលរងខេត្ត ក៏បានលើកទឹកចិត្ដ ឱ្យរដ្ឋបាលក្រុង ស្រុក អាចបំពេញនូវកាតព្វកិច្ចទាំងឡាយដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា ដែលបានកំណត់ជាធរមាន ពាក់ព័ន្ធការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពកន្លងមក និងតទៅមុខទៀត ជាពិសេសតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលបានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ធ្វើការចុះត្រួតពិនិត្យទប់ស្កាត់ បញ្ឈប់ជាបន្ទាន់នូវការធ្វើប្រតិបត្តិការអាជីវកម្មឆ្នោតឡូតូ និងឆ្នោតផ្សងសំណាងទាំងអស់ នៅក្នុងភូមិសាស្ត្រមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។
លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើ និងណែនាំបន្ថែមដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរ មានសមត្ថកិច្ច ចុះតាមដានត្រួតពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្ររបស់ខ្លួន៕
ដោយ៖ តារា