ព័ត៌មានទាន់ហេតុការណ៍៖

ឈុតស្រើបស្រាលមួយចំនួនក្នុងរឿង«នារីវេទមន្ត» ត្រូវក្រសួងកាត់ចោល និងហាមក្មេងអាយុក្រោម១៥ឆ្នាំទស្សនា

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីបញ្ចៀសការរិះគន់ពីសំណាក់ទស្សនិកជន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចកាត់ចោល នូវឈុតឆាកមួយចំនួនក្នុងខ្សែភាពយន្តរឿង«នារីវេទមន្ត»របស់ផលិតកម្មRock ដែលបង្ហាញពីការរំលោភ និងរូបរាងកាយអាក្រាតរបស់តារាសម្តែងក្នុងរឿងនេះ ។ ខ្សែភាពយន្តនេះក៏នឹងត្រូវបានដាក់បម្រាមមិនឲ្យក្មេងអាយុក្រោម១៥ឆ្នាំចូលទស្សនានោះទេ ។

ខ្សែភាពយន្តរឿង«នារីវេទមន្ត» ដែលដឹកនាំសម្តែងដោយ លោកJimmy Henderson ជនជាតិអ៊ីតាលី ទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងបច្ចេកទេស គុណភាព និងបែបបទនៃការដឹកនាំសម្តែងប្លែក។ ក្រៅពីជារឿងថ្មីគួរឲ្យចាប់អារម្មណ៍ខ្សែភាពយន្តនេះក៏ត្រូវបានគេទម្លាយថាមានឈុតឆាកបែបស្រើបស្រាលច្រើនព្រោះតែតួអង្គស្រីកញ្ញា ឌុច លីដា ត្រូវរងការចាប់រំលោភជាច្រើនលើកច្រើនសារ ហើយក៏មានឈុតឆាកខ្លះតម្រូវឲ្យសម្តែងទាំងអាក្រាតកាយផងដែរ ។ ដោយព្រួយបារម្ភពីការរិះគន់ពីទស្សនិកជន ក្រសួងវប្បធម៌បានសម្រេចកាត់ចោលនូវឈុតឆាកដែលគេគិតថានាំឲ្យមានផលប៉ះពាល់ដល់អារម្មណ៍អ្នកទស្សនា។

លោកយឹម សុសត្យា អ្នកគ្រប់គ្រងទូទៅផលិតកម្មរ៉ក់បានបញ្ជាក់ថា រឿង “នារីវេទមន្ត ” ខាងលើ គ្រោងចាក់បញ្ចាំងនៅខែតុលាខាងមុខ នេះដែលជាប្រភេទរឿងបែបអភិនីហារស្នេហានិងឈុតស្នេហាដែលតម្រូវឲ្យតួស្រីសម្តែងទាំងគ្មានសម្លៀកបំពាក់ ។ លោកថា មានឈុតឆាកបែបស្រើបស្រាលប្រមាណពាក់កណ្តាលត្រូវបានកាត់ចោលដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយក៏មានឈុតឆាកខ្លះត្រូវបានទុក ដែលពេលនេះក្រសួង ក៏បានផ្ដល់ទិដ្ឋាការឱ្យចេញបញ្ចាំងរួចហើយ ប៉ុន្តែក្រសួងបានដាក់បម្រាមមិនឱ្យក្មេងក្រោយអាយុ១៥ឆ្នាំចូលទស្សនានោះទេ។

រឿង“នារីវេទមន្ត” ដែលជាខ្សែភាពយន្តទីពីររបស់ផលិតកម្មនេះ បានបញ្ចេញTrailer ហើយកាលពីថ្មីៗហើយត្រង់ឈុតឌុចលីដាដេកអាក្រាតកាយលើវាលខ្សាច់នោះត្រូវបានតារាស្រីរូបនេះបញ្ជាក់ថា គឺមានតួផ្សេងមកជំនួសគួបផ្សំនឹងការកាត់តបច្ចេកទេសថត។ តារាស្រីរូបនេះបញ្ជាក់ថា រឿងនេះគឺមានលាយឡំនូវភាពសិចស៊ីខ្លះៗ ប៉ុន្តែមិនជ្រុលហួសហេតុទេ គឺអាចទទួលយកបាន ប៉ុន្តែសម្រាប់ឈុតឆាកអាក្រាតកាយមួយចំនួនធំត្រូវបានជំនួសដោយតួផ្សេងជាមួយនឹងបច្ចេកទេសកាត់ពីអ្នកផលិតផងដែរ។

គួរបញ្ជាក់ដែរថា ខ្សែភាពយន្តរឿង “នារីវេទមន្ត ” បានចំណាយទុន២០ម៉ឺនដុល្លារ និងគ្រោងចាក់បញ្ចាំងនៅក្នុងខែតុលាខាងមុខនេះហើយរឿងមួយនេះ ក៏គ្រោងយកទៅចាក់បញ្ចាំងនៅបណ្តាប្រទេសមួយចំនួនផ្សេងទៀតដែរ។ រឿងនេះនិយាយអំពីភូមិដ៏ដាច់ស្រយាលមួយ ដែលត្រូវបណ្តាសារអ្នកភូមិរស់នៅរងទុក្ខវេទនា រង់ចាំសេចក្តីស្លាប់ ព្រោះតែការគ្រប់គ្រងបែបផ្តាច់ការរបស់មេភូមិដែលហាមឃាត់យ៉ាងដាច់ខាតមិនឲ្យអ្នកភូមិណាម្នាក់ចាកចេញពីស្រុកហើយ ក៏មិនអនុញ្ញាតឲ្យអ្នកក្រៅចូលមកក្នុងភូមិដែរ ។ រហូតដល់មានវត្តមាននារីអាថ៌កំបាំងបានមកដល់មេភូមិបានសម្រេចចិត្តឲ្យនាងនៅក្នុងរយះពេល៧ថ្ងៃ ដើម្បីសម្រេចចិត្តថាឲ្យនាងនៅក្នុងភូមិបានរឺអត់ ។ គ្រប់យ៉ាងហាក់ផ្លាស់ប្តូរមេឃធ្លាប់តែរីងស្ងួត ប្រែមានភ្លៀងធ្លាក់ វាប្រៀបដូចជាបណ្តាសារត្រូវបានសាបរលាប ។ ប៉ុន្តែភាពស្រស់ស្អាតរបស់នាង បានធ្វើឲ្យបុរសក្នុងភូមិឈ្លក់វង្វេងរហូតធ្វើឲ្យមានការបំពារបំពានលើរាងកាយនាងម្តងហើយម្តងទៀត ។ កម្មតែងតែមានពិត អ្នកណាសាងអ្វី ផលនោះនឹងមកដល់ទាំងមេភូមិ និងមនុស្សអាក្រក់ ក៏ត្រូវទទួលផលកម្មដែលខ្លួនបានសាង ។ ចុងក្រោយអ្នកភូមិគ្រប់គ្នា ក៏សម្រេចចិត្តធ្វើដំណើរទៅរកភូមិថ្មីដើម្បីរស់ ៕ វឌ្ឍនា

 

sq-4 sq-2 sq-1 sq-3 img_0515


ចែករំលែក៖