ភ្នំពេញ ៖ អ្នកប្រដាល់ទាំង៨នាក់នឹង ត្រូវជួបប្រកួតគ្នាដើម្បីឈានទៅដណ្តើមយកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយ១សប្តាហ៍ត្រូវប្រកួតចំនួន២គូយកអ្នកឈ្នះ រង់ចាំប្រកួតផ្តាច់ព្រ័ត្រសម្រាប់គ្រងតំណែងជាម្ចាស់ពានរង្វាន់ TV5 Knock Out Seriesក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមចាប់ពីថ្ងៃ អាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅ លើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥។ ការ ប្រកួតតម្រូវលើកីឡាករ យ៉ុន ដារ័ត្ន មកពីក្លិបតាឡីដំរីមានប្ញទ្ធិត្រូវប្រកួតជាមួយ កីឡាករ ស្រៀង ទិតធិ មកពីក្លិបសម្បត្តិ គុនខ្មែរ ។ ចំណែកកីឡាករ ឈុន បញ្ញា មកពីក្លិបរ៉ាហាប់ស្វាយប៉ាកត្រូវប្រកួត ជាមួយ កីឡាករ ម៉ន វ៉ាន្នី មកពីក្លិបការិ យាល័យទី៥ កងទ័ពជើងគោក ។
កីឡាករ យ៉ុន ដារ័ត្ន នឹង ស្រៀង ទិតធិ ពួកគេមិនធ្លាប់ជួបប្រកួតគ្នាទេ កាលពី ពេលកន្លងមក។ អ្វីដែរលនាំឲ្យអ្នកប្រដាល់ វ័យក្មេងទាំង២នាក់មានឱកាសបានបន្តការប្រកួតជាង៣ខែមកនេះគឺ ដោយសារតែការហ្វឹកហាត់បានគ្រប់គ្រាន់ ពិសេសកាលពី ដំណាក់កាលទី២ដារ័ត្នបានវាយឈ្នះអ្នកប្រដាល់ជើងចាស់ ឆន ចន្នី មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យដោយពិន្ទុ។ រីឯស្រៀង ទិតធិ បានវាយយកឈ្នះកីឡា ផាតសូដាមកពីក្លិបតាព្រហ្មមា ជ័យ ដោយ
ពិន្ទុ។ ដូច្នេះជំនួប ជុំទី៣នេះ កីឡាករទាំង២នាក់ត្រូវមានម្នាក់ចាកចេញពីការប្រកួតជាក់ជាពុំខាន ព្រោះកម្មវិធីតម្រូវយកតែអ្នកឈ្នះម្នាក់គត់ ចំណែកអ្នកដែលចាញ់ត្រូវបញ្ចប់បេសកកម្មត្រឹមហ្នឹងហើយ ។
ចំពោះវាសនារបស់កីឡាករឈុន បញ្ញា និង ម៉ន វ៉ាន្នី វិញក៏គ្មានអ្វីខុសប្លែកពី យ៉ុន ដារ័ត្ន និង ស្រៀង ទិតធិ នោះដែរព្រោះនេះគឺជាលក្ខខណ្ឌរបស់គណៈកម្មការរៀបចំការប្រកួត ។ ដំណាក់កាលទី២ ឈុន បញ្ញា វាយឈ្នះ ហេង ពន្លឺ មកពីក្លិបពន្លឺ សាមគ្គីដោយពិន្ទុ ។ ចំណែកម៉ន វ៉ាន្នី វាយឈ្នះ រិទ្ធ ប្រាក់ប៊ិន មកពីក្លិបកងពល តូចលេខ៧០ដោយពិន្ទុ។ក្រៅពីការប្រកួតឆ្ពោះទៅដណ្តើមខ្សែក្រវាត់នេះក៏មានកីឡាករ សេង កំសត់ អ្នកប្រដាល់ក្លិបគីសែមានប្ញទ្ធិត្រូវឡើងវាយសងសឹកជាមួយកីឡាករ ជឹម សារ៉ាត់ មកពីក្លិបតាព្រហ្មមានជ័យក្នុងទម្ងន់៥៧គីឡូក្រាមផងដែរ។
កាលពី ជំនួបលើកមុន កំសត់ ចាញ់ សារ៉ាត់ ដោយពិន្ទុប្រផុតប្រផើយប៉ុណ្ណោះ។នៅក្នុងថៃ្ងនោះដែរកីឡាការិនី អេ យ៉ានុត កូនលោកអេភូថងត្រូវប្រកួតជាមួយកីឡាការិនី វី ស្រីឆាយ ក្លិបនាគរាជមានជ័យជាលក្ខណៈ ប្រដាល់សកលអាជីព ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។កីឡាការិនីទាំង២រូបនេះគឺជាមិត្តរួមក្លិបប្រដាល់សកលជម្រើស ជាតិ៕ សារីម