ភ្នំពេញ៖ ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ សិល្បករសិល្បការិនីជាច្រើនរូបដឹកនាំដោយប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បាននាំគ្នាចូលរួមពិធីបុណ្យកាន់បិណ្ឌទី៧ស្ថិតនៅវត្តគៀនឃ្លាំង សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។
សិល្បករ ដែលបានចូលរួមក្នុងកម្មវិធីនោះ មាន ប្រធាន សមាគមសិល្បករខ្មែរ លោក សុះម៉ាច ប្រធានក្លឹបសិល្បៈឌីភី លោក កុយ ស៊ីឌឿន ចាងហ្វាងផលិតកម្មចក្រវាឡពេជ្រភាពយន្ត អ្នកស្រីថុង ស៊ីវទៀង កញ្ញា ទេព បូព្រឹក្ស អ្នកនាង ស៊ុន ណារីម៉ូនីកា អ្នកនាង លី ម៉ារីណា លោក ភឹម តារាវិបុល លោក គុណ រាមរតនៈ លោក សោភណ្ឌ តន្ត្រី កញ្ញា អាលីយ៉ាង លោក សុគន្ធដេវីដ កញ្ញស្រីពៅ និងសិល្បករសិល្បការិនីជាច្រើនរូបទៀត ។
ប្រធានសិល្បករខ្មែរ លោក សុះ ម៉ាច បានបញ្ជាក់ថា ចាប់ពីចូលដល់ថ្ងៃកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ។ នេះគឺជាលើកទី១ដែលសិល្បករជាច្រើនបានរួមគ្នា ព្រោះតែសិល្បករជាច្រើននៅតែមមាញឹកនឹងការងារសិល្បៈ ប៉ុន្តែពួកគាត់ក៏បានចូលរួមតាមបែបលក្ខណៈគ្រួសារផងដែរ ។ លោកបញ្ជាក់ថា ការរួមគ្នាក្នុងថ្ងៃនេះមិនត្រឹមតែជាការចូលរួមចំណែកធ្វើបុណ្យឧទ្ទិសកុសល្យ សម្រាប់បុព្វការរីជន និងក្នុងនាមជាពុទ្ធិសាសនិកជនប៉ុណ្ណោះទេ គឺបានបង្ហាញពីការចូលរួមចំណែកថែរក្សាទំនៀមទម្លាប់ប្រពៃណីស្តែងចេញតាមរយៈការស្លៀកពាក់និងការគោរពប្រតិបត្តិ។
លោកបន្តថា ការរួមគ្នានេះក៏បង្ហាញពីការសាមគ្គីភាពរវាងសិល្បករ នឹងសិល្បករផងដែរ ។ ក្រៅពីកម្មវិធីរួមគ្នានៅថ្ងៃនេះលោកក៏មានគម្រោងបន្តប្រមូលសិល្បករសិល្បការិនីមួយចំនួនទៀតដើម្បីបន្តទៅធ្វើបុណ្យរួមគ្នានៅតាមបណ្តាខេត្តឆ្ងាយពីរាជធានីភ្នំពេញផងដែរដែលគោលដៅអាចនឹងខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ សិល្បករ សិល្បការិនីទាំងអស់ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋខ្មែរឲ្យមានការប្រុងប្រយ័ត្នយោគយល់អធ្យាស្រ័យគ្នាក្នុងពេលធ្វើដំណើរ និងពិសារគ្រឿងស្រវឹងដោយមានទំនួលខុសត្រូវ ។ សិល្បករសិល្បការិនីទាំងអស់ក៏បានបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនកើតមានដល់ប្រជាពលរដ្ឋខ្មែរឲ្យទទួលបានតែសេចក្តីសុខ សុភមង្គល រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ៕ វឌ្ឍនា